Hot line: +855 (0)99 283 388
● You are in: Media > Detail News
ក្រសួង​សេដ្ឋកិច្ច​អនុម័ត​គម្រោង​ចំនួន​213
Date: 2017-10-08

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា ក្នុង​រយៈពេល​៧​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រសួង​បាន​អនុម័ត​គម្រោង​ចំនួន​២១៣ និង​មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​៣.៣៧៥​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​ជំទាវ ងួ​ន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា ស្តី​ពី​នីតិវិធី​ច្បាប់ និង​ការ​វិនិយោគ​វិស័យ​សំណង់ និង​អចលនវត្ថុ​កម្ពុជា ដែល​រៀបចំ​ដោយ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៦ តុលា ថា ក្នុង​រយៈពេល​៧​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រសួង​សេដ្ឋកិច្ច​បាន​ផ្តល់​អាជ្ញាប័ណ្ណ​វិនិយោគ​ក្នុង​វិស័យ​សំណង់​ចំនួន​២១៣​គម្រោង ក្នុង​នោះ​បុរី​១៣២​គម្រោង ព្រមទាំង​គម្រោង​ខុន​ដូ និង​គម្រោង​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដែល​មាន​ទុន​វិនិយោគ​សរុប​ចំនួន​៣.៣៧៥​លាន​ដុល្លារ​អា​មេ​រិក ។ លោក​ជំទាវ​បន្ត​ថា វិស័យ​សំណង់​បាន​រួមចំណែក​១​ភាគ​១០​នៃ​ផលទុនជាតិ​សរុប និង​បង្កើត​សកម្មភាព​ការងារ​ជា​ច្រើន ។

លោក​ជំទាវ​បន្ត​ថា ៖« ការ​រីក​ចម្រើន​នៃ​វិស័យ​សំណង់ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​រក្សា​បាន​នូវ​សុខ​សន្តិភាព កំណើនសេដ្ឋកិច្ច និង​ការ​រក្សា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​សង្គម។ ទន្ទឹម​នឹង​នេះ បាន​បង្កើត​ការងារ​ដោយ​ផ្ទាល់ និង​ប្រយោល​ជា​ច្រើន ដែល​បាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន » ។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា លោក​ឧកញ៉ា លី ហួរ បាន​ថ្លែង​ថា ការ​រៀបចំ​សិក្ខាសាលា​នេះ ពិតជា​មាន​សារសំខាន់ ដើម្បី​ឆ្លើយ​តប​នឹង​ស្ថានភាព​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនវត្ថុ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។

លោក​បន្ត​ថា សមាគម​មាន​សមាជិក​ចំនួន​ជាង​៤០​ក្រុមហ៊ុន ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ធំ​ៗ​។ លោក​ថា ការ​បង្កើត​សមាគម​នេះ ធ្វើ​ឡើង​ក្នុង​គោលដៅ​ចែករំលែក​បទ​ពិសោធន៍​គ្នា ដើម្បី​ស្វែងរក​ភាព​រីក​ចម្រើន​ក្នុង​វិស័យ​នេះ ក៏​ដូច​ជា តំណាង​សំឡេង​មួយ​ពី​វិស័យ​ឯកជន ដើម្បី​ធ្វើការ​កាន់តែ​ជិត​ស្និទ្ធ និង​លើក​ជា​សំណូមពរ​ពី​បញ្ហា​ប្រឈម​នានា​ជូន​រាជរដ្ឋាភិបាល​ផង​ដែរ ។

យោង​តាម​ទិន្នន័យ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​រយៈពេល​៧​ខែ​ឆ្នាំ​នេះ មាន​ទំហំ​ទឹកប្រាក់​ជាង​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕

Source From: https://kohsantepheapdaily.com.kh
Share
Our Partners