រយៈពេល៩ខែដើមឆ្នាំ២០១៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តផ្តល់លិខិតអនុញ្ញាតសាងសង់ដល់អ្នកវិនិយោគ និងប្រជាពលរដ្ឋសរុប ប្រមាណ ២ពាន់ ៥២២គម្រោង ដែលមានទុនវិនិយោគ ៥ពាន់ ៦៣៦លានដុល្លារ កើនឡើងជាង ២២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃទុនត្រឹម ៤ពាន់ ៦០៥លានដុល្លារ។
មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ឡៅ ទិព្វសីហា បានប្រាប់ ខេមបូណូមីស ថា ការកើនឡើងនៃវិស័យសំណង់នេះគឺដោយសារតែមានលំហូរវិនិយោគិនបរទេស និងការកើនឡើងនៃវិនិយោគិនក្នុងស្រុកដែលចេះតែបន្តការសុំច្បាប់សាងសង់ជាបន្តបន្ទាប់ ខណៈដែលវិស័យនេះកំពុងត្រូវការការអភិវឌ្ឍខ្លាំង។
បើតាមរបាយការណ៍សំណង់ គម្រោងដែលត្រូវបានអនុញ្ញាតឲ្យមានការសាងសង់នាឆ្នាំនេះ មានគម្រោងសាងសង់លំនៅដ្ឋានស្នាក់នៅរួម ប្រភេទលំនៅដ្ឋានលក្ខណៈបុរី អគាររោងចក្រឧស្សាហកម្ម អគារការិយាល័យ និងសណ្ឋាគារ។
សូមបញ្ជាក់ថា ការអភិវឌ្ឍសំណង់អគារនៅកម្ពុជាបានបោះជំហានទៅមុខយ៉ាងឆាប់រហ័ស ដែលនៅក្នុងរយៈពេល៩ខែដើមឆ្នាំនេះដែរ គ្រាន់តែគម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានដែលបានមកសុំច្បាប់សាងសង់មានរហូតដល់២៦ទីតាំង និងសំណង់អគារខ្ពស់ចាប់ពី៥ជាន់ឡើងទៅ មាន ៥៦អគារ៕