Hot line: +855 (0)99 283 388
● You are in: Media > Detail News
តម្លៃ​ដី​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ហក់​ឡើង​ទ្វេ​ដង
Date: 2017-10-15

ខេត្ត​ព្រះ​សីហ​នុ ៖ កំណើន​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​ធ្វើ​ឲ្យ​តម្លៃ​ដី​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​កើនឡើង​ទ្វេ​ដង ដែល​គាំទ្រ​ដោយសារ​កំណើន​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​របស់​ខេត្ត ក្នុង​រយៈពេល​៦​ខែ​ដំបូង​ឆ្នាំ​នេះ ។

តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ CBRE Cambodia បាន​ឲ្យ​ដឹង​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ថា តម្លៃ​ដីធ្លី​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​បាន​កើនឡើង​ទ្វេ​ដង ដោយ​ដី​នៅ​តំបន់ឆ្នេរ​មាន​តម្លៃ​ចាប់ពី​៤៥០​ទៅ​២.៥០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ហើយ​តំបន់​ដែល​មាន​តម្លៃ​ដី​ខ្ពស់​ជាងគេ​នោះ គឺ​ស្ថិត​នៅ​ក្បែរ​ឆ្នេរ​អូ​ឈើទាល បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ចំណែកឯ​ដី​ដែល​មាន​តម្លៃ​ទាប​ជាងគេ គឺ​ស្ថិត​ក្នុង​តំបន់ឆ្នេរ​អូ​ត្រេះ ។ រីឯ​តម្លៃ​ដី​ក្នុង​ក្រុង​វិញ វា​មាន​តម្លៃ​ចន្លោះ​ពី​២០០​ទៅ​៧៥០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ហើយ​ដី​លំនៅ​ឋាន​វិញ​មាន​តម្លៃ​ចាប់ពី​១២០​ដល់​៣០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ។

ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ការ​ហក់​ឡើង​នូវ​តម្លៃ​ដី​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ដោយសារ​តែ​ការ​កើនឡើង​នូវ​លំហូរ​វិនិយោគ​ផ្ទាល់​ទាំង​ក្នុងស្រុក និង​មក​ពី​ក្រៅប្រទេស ។ ការ​វិនិយោគ​បាន​ផ្តោត​លើ​ផ្នែក​បដិសណ្ឋារកិច្ច រមណីយដ្ឋាន គម្រោង​លំនៅ​ឋាន និង​ការ​កើនឡើង​នូវ​ចំនួន​រោងចក្រ ដោយ​ផ្ដោត​សំខាន់​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទំហំ​ទឹកប្រាក់​វិនិយោគ​បាន​កើន​ដល់​៣១០​លាន​ដុល្លារ ។

ទន្ទឹម​នឹង​តម្លៃ​ដី​កើនឡើង​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នេះ ទីផ្សារ​ឧស្សាហកម្ម​ក្នុង​ខេត្ត​ក៏​មានការ​ឈានមុខ​ខ្លាំង​ផង​ដែរ ។ ខេត្ត​នេះ​បាន​ក្លាយជា​ទីតាំង​សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​ច្រើន និង​ជា​ខេត្ត​ដែល​មាន​ឧស្សាហកម្ម​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា ហើយ​ក៏​ជា​ខេត្ត​មួយ​ស្ថិត​នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​របស់​ប្រទេស​ចិន​ផង​ដែរ ។

កត្តា​ដែល​ជំរុញ​កំណើន​អភិវឌ្ឍន៍​ក្នុង​ខេត្ត​នេះ ដោយសារ​សន្ទុះ​រីក​ចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម ដែល​បណ្ដាល​មក​ពី​កា​រត​ភ្ជាប់​ដោយ​ផ្ទាល់​ពី​ផែ​សមុទ្រ​ទឹក​ជ្រៅ គោលនយោបាយ​ឧស្សាហកម្ម​របស់​រាជរដ្ឋាភិបាល ដែល​បច្ចុប្បន្ន តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ មាន​រោងចក្រ សហគ្រាស​១៣០ ដែល​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​២​ម៉ឺន​នាក់ ។

លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែង​ថា តម្លៃ​ដីធ្លី​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​កើនឡើង​យ៉ាង​ខ្លាំង និង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ។ ហេតុនេះ អ្នកមាន​ដីធ្លី​សម្រាប់​លក់ គួរ​លក់​ឲ្យ​ហើយ​ទៅ នៅ​ពេល​មាន​តម្រូវការ និង​កំណើន​ខ្ពស់​បែប​នេះ ។

លោក​បន្ត​ថា វា​ជា​ឱកាសល្អ​សម្រាប់​អ្នកមាន​ដី​សម្រាប់​លក់ ខណៈ​ចរន្ត​នៃ​ការ​វិនិយោគ​ក្នុង​ខេត្ត​នេះ​កំពុង​កើនឡើង​យ៉ាង​គំហុក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

លោក ឡៅ ហេង ដែល​កំពុង​ប្រែក្លាយ​សណ្ឋាគារ​របស់​លោក ជា​កាស៊ីណូ​ក្នុង​ខេត្ត​នេះ​បាន​ថ្លែង​ថា លោក​មើលឃើញ​ចលនា និង​សកម្មភាព​នៃ​ការ​ទិញ​លក់​ដីធ្លី​បាន​កើនឡើង​ខ្លាំង ហើយ​បាន​ធ្វើ​ឲ្យ​តម្លៃ​ដី​ហក់​ឡើង​ខ្ពស់ ប៉ុន្តែ​លោក​បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​ការ​ហក់​ឡើង​នេះ ដោយសារ​គោលនយោបាយ​របស់​ប្រទេស​ចិន​អាច​ប្រែប្រួល ។ ផ្ទុយ​ទៅ​វិញ ប្រសិនជា​វិនិយោគិន​ចិន​មក​បោះទុន​ធំ​ៗ​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំ​ក្នុង​ខេត្ត​នេះ ជា​អ្វី​ដែល​អាច​ឲ្យ​យើង​មាន​ទំនុក​ចិត្តបាន ប៉ុន្តែ​បច្ចុប្បន្ន ទំនុកចិត្ត​មិន​ទាន់​មាន​ច្រើន​នៅឡើយ​ទេ ។

លោក​បន្ត​ថា ៖« យើង​ស្វាគមន៍​ការ​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​ចិន ដែល​វា​នឹង​ជួយ​ឲ្យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​កើនឡើង ប៉ុន្តែ​យើង​ត្រូវ​ប្រាកដ​ថា ការ​វិនិយោគ​ទាំងនោះ​ជា​ការ​វិនិយោគ​រយៈពេល​វែង » ៕

Source From: https://kohsantepheapdaily.com.kh
Share
Our Partners