រាជធានីភ្នំពេញ ៖ ជាង១ទសវត្សរ៍ចុងក្រោយនេះ ការប្រើប្រាស់ឥណទានធនាគារ ដើម្បីទិញផ្ទះ ឬអចលនទ្រព្យនានាបានក្លាយជារឿងសាមញ្ញ ដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែច្រើនអាចមានលទ្ធភាពទិញផ្ទះរស់នៅយ៉ាងសមរម្យ និងបានធ្វើឲ្យស្តង់ដានៃការរស់នៅកាន់តែប្រសើរទ្បើង ។ ទោះបីយ៉ាងណា ក៏មានអ្នកមួយចំនួនត្រូវបានធនាគារបដិសេធមិនផ្ដល់កម្ចីផងដែរ ដោយសារតែពុំមានលក្ខខណ្ឌគ្រប់គ្រាន់ដែលធនាគារតម្រូវឲ្យមាន ។ ដូច្នេះ នៅថ្ងៃនេះ អនុប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា លោកស្រី សោភ័ណ ណារី បានប្រាប់ពីលក្ខខណ្ឌចាំបាច់មួយចំនួនដើម្បីទទួលបានកម្ចីទិញលំនៅឋាននេះ ។
តើធនាគារតម្រូវឲ្យអតិថិជនមានឯកសារ និងលក្ខខណ្ឌអ្វីខ្លះ ទើបអាចទទួលបានទំនុកចិត្តពីធនាគារនៅកម្ពុជា ?
អ្នកដែលអាចទទួលបានឥណទានពីធនាគារ ទិញលំនៅឋាន ត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ៖
-ទី១ ជាប្រជាពលរដ្ឋដែលមានសមត្ថភាព និងអត្តចរិតល្អ ។
-ទី២ ជាប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទៀងទាត់ ទោះជាមន្ត្រីរាជការ អ្នកជំនួញ ឬអ្នកបម្រើការងារក្នុងវិស័យឯកជនក្តី ។
-ទី៣ ជាអតិថិជនត្រូវមានលិខិតបញ្ជាក់ពីនិរន្តរភាពការងារ ប្រាក់ខែច្បាស់លាស់ ដែលអាចសងប្រាក់មកធនាគារបានទៀងទាត់ ។
-ទី៤ ប្រសិនជាខ្ចីឥណទានសាងសង់ផ្ទះ អតិថិជនត្រូវតែមានដីស្របច្បាប់ និងជាលំនៅឋានស្របច្បាប់ (ប្រសិនទិញលំនៅឋាន) ។
-ទី៥ ជាអ្នកដែលទិញលំនៅឋានសម្រាប់រស់នៅ មិនមែនទិញសម្រាប់វិនិយោគ ឬទុកចោលទេ ។
-ទី៦ ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬលិខិតបទដ្ឋានផ្សេងៗដែលអាចជំនួសបាន ។
-ទី៧ ត្រូវមានលិខិតបញ្ជាក់ពីការបង់តម្លៃទឹក និងអគ្គិសនី ។
-ទី៨ ប្រសិនជាអតិថិជនជាម្ចាស់ក្រុមហ៊ុន ពួកគាត់ត្រូវមានប័ណ្ណប៉ាតង់ មានវិញ្ញាបនបត្រចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងលិខិតចុះបញ្ជីផលិតផលជាដើម ។
តើអតិថិជនអាចទទួលបានឥណទាននៅទីណា និងយ៉ាងដូចម្តេច ?
សម្រាប់ធនាគារអេស៊ីលីដា អតិថិជនអាចទទួលបានឥណទាន៧០%នៃតម្លៃលំនៅឋានសរុបរបស់ពួកគេ ពោលគឺអតិថិជនត្រូវមានប្រាក់៣០%នៃតម្លៃលំនៅឋានរបស់ខ្លួន ហើយអតិថិជនអាចទទួលយកឥណទាននៅគ្រប់សាខាដែលមាននៅគ្រប់រាជធានី-ខេត្តទាំង២៥ទូទាំងប្រទេស ។
ចំណែកការរត់ការឯកសារជាមួយអាជ្ញាធរមូលដ្ឋាន អតិថិជនអាចរត់ឯកសារដោយខ្លួនឯង ប៉ុន្តែអាចមានជំនួយពីបុគ្គលិកធនាគារ ប្រសិនជាអតិថិជនស្នើសុំឲ្យជួយ ព្រោះបុគ្គលិកអេស៊ីលីដាជាអ្នកបានធ្វើការជិតស្និទ្ធ និងដឹងពីនីតិវិធីដែលត្រូវធ្វើជាមួយអាជ្ញាធរមូលដ្ឋាន ។
រីឯទំហំឥណទាន គឺអាស្រ័យលើតម្លៃលំនៅឋានដែលអតិថិជនបានទិញ និងមានរយៈពេលសងត្រឡប់១០ឆ្នាំ ។ ចំណែកអត្រាការប្រាក់ស្ថិតក្នុងរង្វង់ចាប់ពី១១,៥០ដល់១២%ក្នុង១ឆ្នាំ ៕