រាជធានីភ្នំពេញ ៖ ទឹកប្រាក់ប្រមាណ៣ លានដុល្លារនឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់សួនឧទ្យានដ៏ធំ និងដំបូងគេលើទឹកដីខេត្តមណ្ឌលគិរី ក្រោយរាជរដ្ឋាភិបាលសម្រេចអភិវឌ្ឍន៍ដីបរិវេណអតីតព្រលានយន្តហោះទំហំជាង២០ហិកតា ។ ទីតាំងនេះស្ថិតនៅកណ្តាលក្រុងសែនមនោរម្យ ដែលត្រូវបានទុកចោលអស់ជាច្រើនឆ្នាំ ឲ្យក្លាយទៅជាកន្លែងកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរ ហើយចាប់ផ្តើមបើកការដ្ឋានសាងសង់នៅក្នុងអំឡុងខែវិច្ឆិកា ខាងមុខនេះ ។
លោក យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើដល់អាជ្ញាធរខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវរកដាំដើមឈើ និងរុក្ខជាតិសំខាន់ៗ ដែលបង្ហាញពីអត្តសញ្ញាណធនធានធម្មជាតិរបស់ខេត្ត ឲ្យសមស្របនឹងអាកាសធាតុ ជាពិសេសទាក់ទងនឹងវប្បធម៌ជនជាតិដើមភាគតិចភ្នង និងអត្តសញ្ញាណជាតិ ដើម្បីរៀបចំដាំនៅលើសួនសែនមនោរម្យ ចំកណ្តាលក្រុងសែនមនោម្យ ។ សួននេះជាកាដូពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ជនរួមជាតិទាំងអស់ ជាពិសេស ប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី ។
លោកបានបន្តថា ការរៀបចំសួនឧទ្យានបែប Classic ដោយមានក្រាលថ្មក្រានីត ប្រព័ន្ធលូរំដោះទឹក កាកសំណល់ ស្ថាបនាផ្លូវព័ទ្ធជុំវិញ ដាក់បង្គោលភ្លើងបំភ្លឺ កន្លែងក្មេងលេង កន្លែងហាត់ប្រាណ កន្លែងតាំងពិព័រណ៍ មណ្ឌលកីឡា លំហែពហុមុខងារ កន្លែងវិនិយោគ និងបង្គន់អនាម័យសាធារណៈ ។
លោកបញ្ជាក់ថា ៖« ការរៀបចំលម្អសួនឧទ្យាននេះ ដោយមានដាំស្មៅស្លាបទា ដាំដើមឈើ ផ្កា និងរុក្ខជាតិសំខាន់ៗដែលបង្ហាញពីអត្តសញ្ញាណធនធានធម្មជាតិរបស់ខេត្ត ឲ្យសមស្របនឹងអាកាសធាតុ ។ លើសពីនេះទៀត ក៏បង្ហាញពីវប្បធម៌ជនជាតិដើមភាគតិចភ្នង និងអត្តសញ្ញាណជាតិផងដែរ ។
អភិបាលរងខេត្តមណ្ឌលគិរី លោក ប៉េង សម្បត្តិ បានជំរុញដល់រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន ត្រូវរៀបចំផែនការថវិកាប្រចាំឆ្នាំរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សួនឧទ្យានសែនមនោរម្យ ឲ្យក្លាយជាសួនឧទ្យានដ៏ស្រស់ស្អាត និងធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា ឲ្យស្របទៅតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕