ភ្នំពេញ៖ មូលនិធិហិរញ្ញវត្ថុអន្តរជាតិ IMF បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាថានៅតែរឹងមាំនៅក្នុងឆ្នាំនេះ និងក្នុងអំឡុងពេលពីរបីឆ្នាំខាងមុខ។ នេះបើតាមរបាយការណ៍របស់ IMF ដែលចេញផ្សាយនៅថ្ងៃទី២០ខែតុលា។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចរបស់ IMF ព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជានឹងមានកំណើន ៦,៩ភាគរយនៅឆ្នាំ២០១៧នេះ។ IMF បន្តថា កម្ពុជាប្រឈមនឹងការថមថយវិនិយោគឯកជន ប៉ុន្តែអាចយឹតយោងដោយកំណើនចំណាយសាធារណៈ និងសកម្មភាពខ្លាំងក្លានៃវិស័យសំណង់ និងទេសចរណ៍។
IMF បានលើកឡើងយ៉ាងដូច្នេះថា៖«ដោយមើលទៅមុខ ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា គឺវិជ្ជមាន បើទោះបីជាបញ្ហាប្រឈមនៅតែមាន។ កំណើនសេដ្ឋកិច្ចពិត ត្រូវបានព្យាករថានៅតែរឹងមាំក្នុងអំឡុងពេលពីរបីឆ្នាំខាងមុខ»។ IMF បន្ថែមដូចនេះទៀតថា៖«ប៉ុន្តែបន្ទាប់ពីរយៈពេលនោះទៅ កំណើនសេដ្ឋកិច្ចនឹងយឺតមកនៅត្រឹមរង្វង់ ៦ភាគរយក្នុងរយៈពេលមធ្យម ដោយសារការថមថយជាសន្សឹមៗនៃវដ្ដវិស័យឥណទាន និងអចលនទ្រព្យ និងបញ្ហាប្រឈមក្នុងការពង្រឹងភាពប្រកួតប្រជែង និងពិពិធកម្មសេដ្ឋកិច្ច»៕