Hot line: +855 (0)99 283 388
● You are in: Media > Detail News
បទសម្ភាស​ជាមួយ​លោក​សាស្ត្រា​ចារ្យវិស្វកម្ម សាត ដារ៉ា ​ចំពោះ​វិស័យ​សំណង់​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន
Date: 2017-10-19

បច្ចុប្បន្ន​វិស័យ​សំណង់​បាន​និង​កំពុង​រីកចម្រើន​យ៉ាង​ខ្លាំង ​​នៅក្នុង​ប្រទេស​កម្ពុជា ទន្ទឹមនឹង​ការអភិវឌ្ឍ​យ៉ាង​លឿន​គំហុក​បែប​នេះ ក៏​បង្ក​ឲ្យ​មាន​កង្វល់​ជាច្រើន​បាន​កើតមានឡើង​នៅក្នុង​ចំណោម​អ្នកជំនាញ​វិស្វកម្ម​នៅ​ក្នុង​ប្រទេស​នេះ​ផងដែរ។

ជាការ​ចែករំលែក និង​ផ្តល់​ការស្វែងយល់​អំពី​បញ្ហា​ផ្សេងៗ​ទាំង​ឡាយ​នោះ លោក មឿ​ន ញាណ ការី​និពន្ធ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អចលនទ្រព្យ បាន​ចំណាយ​ពេល​វេលា​ជួបពិភាក្សា​ជាមួយ​លោក​សាស្ត្រាចារ្យ​ផ្នែក​វិស្វកម្ម លោក សាត ដា​រ៉ា បង្រៀន​នៅ​តាម​សាកល​វិទ្យាល័យ​មួយ​ចំនួន​នៅ​កម្ពុជា ដើម្បី​លោក​បានបង្ហាញ​ទស្សនៈ ការ​យល់​ឃើញ ក៏ដូចជា​ការ​តម្រង់ទិស​ទាំង​ផ្នែក​គុណភាព សោភ័ណភាព និង​សុវត្ថិភាព នៅក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​នា​បច្ចុប្បន្ន​នេះ​។

ខាង​ក្រោម​នេះ គឺជា​ខ្លឹម​សារ​នៃ​បទ​សម្ភាស​មួយ​ផ្នែក​ប៉ុណ្ណោះ ៖

១.ជាបឋម សូម​លោក​ណែនាំ​ដោយ​សង្ខេប​អំពី​ខ្លួន​លោក ជំនាញ បទពិសោធ និង​វិជ្ជាជីវៈ​របស់ លោក​ដោយ​ផ្ទាល់​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​?

ខ្ញុំ​ឈ្មោះ សាត ដារ៉ា ជា​សាស្ត្រា​ចារ្យ​ផ្នែក​វិស្វកម្ម និង​ជា​បុគ្គលិក​ជាន់​ខ្ពស់​នៃ​គណៈ​វិស្វកម្ម​កម្ពុជា​។ ខ្ញុំ​ធ្លាប់​ទទួល​បាន​ការ​សិក្សា​ជាច្រើន​ជំនាញ​នៅ​ឯ​បរទេស ជា​ពិសេស​ផ្នែក​វិស្វកម្ម ហើយក៏​ធ្លាប់​បាន​បំពេញ​ការងារ​ខ្លះៗ​នៅ​បរទេស​ផង​ដែរ និង​បច្ចុប្បន្ន​បាន​ចូលរួម​ការងារ​មួយ​ចំនួន​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​។

២.​តើ​នៅ​ប្រទេស​កម្ពុជា មាន​វិទ្យាស្ថាន ឬ​សាលា​បណ្តុះបណ្តាល​ណា​ខ្លះ ដែល​មាន​បង្រៀន​វិជ្ជាជីវៈ​កម្មករ​ជំនាញ​ផ្នែក​សំណង់ កម្រិត​មធ្យម​ផ្នែក​សំណង់ និង​វិស្វករ​?

បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​សាលា បណ្តុះ​បណ្តាល វិទ្យាស្ថាន រហូត​ដល់​កម្រិត​សាកល​វិទ្យាល័យ​ជាច្រើន ដែល​បាន​ផ្តល់​ការ​អប់រំ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ពាក់ព័ន្ធ​ក្នុង​វិស័យ​សំណង់​។

តាម​ដែល​ខ្ញុំ​ដឹង សម្រាប់​វគ្គក​ម្មករ​ជំនាញ​ផ្នែក​សំណង់ សិស្ស​ត្រូវ​ឆ្លង​កាត់​ការសិក្សា​រយៈពេល​ ១ ​ឆ្នាំ​ពេញ រីឯ​សិស្ស​​និស្សិត​កម្រិត​មធ្យមសិក្សា ពួកគេ​ត្រូវ​ឆ្លងកាត់​ការ​សិក្សា​រយៈពេល ២​ឆ្នាំ និង​មាន​បន្ថែម​ចំណេះ​ដឹង​មូលដ្ឋាន​ (​ខ្វះខាត​)​ រយៈពេល ១ ​ឆ្នាំ​ទៀត​។ ចំណែក​កម្រិត​ឧ​ត្ត​មសិ​ក្សា គឺ​កម្រិត​វិស្វករ និស្សិត​ត្រូវ​ចំណាយ​ពេល រៀន​៥​ឆ្នាំ​ពេញ​តែម្តង​។

កម្រិត​កម្មករ​ជំនាញ​ផ្នែក​សំណង់ គឺមាន​សាលា​ព្រះកុសុមៈ នៅ​រាជធានី​ភ្នំពេញ​, វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេក​ទេស​កម្ពុជា (​សាលា​កូរ៉េ​) នៅ​ទំនប់​កប់​ស្រូវ​សាលា​ដុន​បូស្កូ​(​អង្គការ​) និង​សាលា​ដំដែក (នៅ​ឬស្សីកែវ​)​ជាដើម​។

ចំណែក​កម្រិត​មធ្យម មាន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​(​សាលា​តិច​ណូ) និង​នៅ​តាម​សាកល​វិទ្យាល័យ​ឯកជន​មួយ​ចំនួន​ទៀត រួម​មាន​ន័រតុន និង​ប្រៀលប្រាយ​ជាដើម​។

ដោយ​ឡែក​កម្រិត​ឧត្តម​សិក្សា ឬ​វិស្វករ​ក៏មាន​ច្រើន​សាលា​ផង​ដែរ ដូច​ជា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (​សាលា​តិច​ណូ​) វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេក​កម្ពុជា (​សាលា​កូរ៉េ​) សាកល​វិទ្យាល័យ​ន័រតុន និង​បៀល​ប្រាយ​ជាដើម​។

ក្នុង​ចំណោម​សាលា​ទាំងនោះ គឺ​មាន​តែ​​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ទេ ដែល​មាន​លទ្ធភាព​ទទួល​សិស្ស​និស្សិត​បាន​ប្រមាណ​ពី​ ៣០០ ​ទៅ​ ១ ០០០​ នាក់ ក្នុង​មួយ​ឆ្នាំ ព្រោះ​សាលា​នេះ​មាន​ទាំង​កម្រិត​មធ្យម និង​កម្រិត​ឧត្តម​សិក្សា​រួម​គ្នា។ ចំណែក​សាលា ឬ​វិទ្យាស្ថាន​ផ្សេង​ទៀត​នោះ គឺ​មាន​សិស្ស​និស្សិត​ត្រឹម​កម្រិត​រយ​នាក់​តែ​ប៉ុណ្ណោះ​។

៣.​តើ​នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​សិស្ស​​និស្សិត​ផ្នែក​ខាង​វិស្វកម្ម​ប៉ុន្មាន​រូប​? តើ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ពួក​គេ​ទទួល​បាន​ការងារ​ធ្វើ​យ៉ាង​ដូច​ម្តេច​ដែរ​?

ជា​រៀងរាល់​ឆ្នាំ មាន​សិស្ស​និស្សិត​កម្ពុជា រាប់​ពាន់​នាក់​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វិស្វកម្ម និង​សំណង់​ដោយ​ប្រមាណ ៩៥​ភាគរយ គឺ​ពួកគេ​ទទួល​បាន​ការងារ​ធ្វើ​យ៉ាង​ត្រឹមត្រូវ ហើយ​ក៏​មាន​អ្នក​ខ្លះ​ទៀត​អាច​ឈាន​ទៅ​បង្កើត​ការងារ​ជា​ក្រុមហ៊ុន​ដោយ​ខ្លួន​ឯង​ផង​ដែរ​។

បើ​តាម​ការ​អង្កេត​របស់​ខ្ញុំ​ផ្ទាល់ មាន​និស្សិត​ផ្នែក​វិស្វកម្ម និង​សំណង់ ប្រមាណ​ពី ២៥-៣០​ ភាគរយ ដែល​ពួក​គេ​ជា​សិស្ស​និស្សិត​ពូកែៗ​ អាច​ទទួល​បាន​ការងារ​ធ្វើ​ចាប់​តាំង​ពី​ពេល​ពួក​គេ​សិក្សា​នៅ​ឆ្នាំ​ទី​ ២ មក​ម្ល៉េះ។

និយាយ​ជារួម​ទីផ្សារ​ការងារ​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​សំណង់ គឺនៅ​មាន​តម្រូវ​ការ​ធំ​ទូលាយ​សម្រាប់​ស្រូប​យក​កម្លាំង​ពលកម្ម ពលកម្ម​ជំនាញ និង​អ្នក​ជំនាញ​ជាច្រើន​កន្លែង​ជា​រៀង​រាល់​ឆ្នាំ​។

៤.​តើ​គុណ​វឌ្ឍិ​របស់​វិស្វករ​សំណង់​កម្ពុជា​ទាំង​នោះ អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន​នៅ​ក្នុង​វិស័យ​សំណង់​បច្ចុប្បន្ន​ដែរ​ឬ​ទេ​?

តាម​ការ​អង្កេត​របស់​ខ្ញុំ ក្រុមហ៊ុន​ដែល​ត្រូវការ​បុគ្គលិក​ផ្នែក​នោះ គឺ​ច្រើនតែ​ត្រូវ​ការ​អ្នក​មាន​បទពិសោធ ឬ​ជំនាញ​ជា​អាទិភាព​។

ដូច្នេះ​ សិស្ស​ និស្សិត​ របស់​យើង​ត្រូវ​តែ​ស្វែងរក​បទពិសោធ​ការងារ​នៅ​តាម​ក្រុមហ៊ុន ឬ​គម្រោង​សំណង់​នានា​ជា​មុន​សិន មុន​នឹង​ពួក​គាត់​អាច​ចូល​ទៅ​បម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន​ផ្សេងៗ​។

ការ​ជ្រើស​រើស​របស់​ក្រុមហ៊ុន​ឯកជន គេ​ធ្វើ​បែប​នេះ គឺជា​រឿង​ត្រឹមត្រូវ​របស់​ពួក​គេ ប៉ុន្តែ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្តុះ​បណ្តាល​នៅ​ស្រុក​យើង​នា​បច្ចុប្បន្ន​នេះ គឺ​យើង​នៅ​ខ្វះ​សាល​ពិសោធ ឬ​កន្លែង​អនុវត្ត​សម្រាប់​ផ្តល់​ជា​ចំណេះ​ជំនាញ​ផ្ទាល់​ដល់​សិស្ស​និស្សិត​តែ​ម្តង​។

ចំពោះ​រូប​ខ្ញុំ​ជា​សាស្ត្រាចារ្យ ខ្ញុំ​សូម​សំណូមពរ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ឬ​គ្រឹះស្ថាន​អប់រំ​បណ្តុះ​បណ្តាល​ទាំង​ឡាយ សុំ​បង្កើត​ឲ្យ​មាន​បន្ទប់​ពិសោធ ទីកន្លែង​ហាត់​ការ ឬ​កម្មវិធី​សិក្សា​ដែល​សិស្ស​និស្សិត​អាច​ធ្វើ​ការអនុវត្ត​ដោយ​ផ្ទាល់ ដូច​នៅ​តាម​សាលា​នៃ​ប្រទេស​ជឿនលឿន​នានា កាល​ដែល​ខ្ញុំ​បាន​រៀន​នៅ​ទីនោះ គឺ​សិស្ស​និស្សិត​មានឱកាស​អនុវត្ត​ផ្ទាល់​ជាច្រើន​ជា​មួយ​គ្រូៗ ហើយ​យើង​ទទួលបាន​ចំណេះ​ជំនាញ​តាំងពី​រៀន​នៅ​ក្នុង​សាលា​ផ្ទាល់​មក​។

នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខ្ញុំ​ពិនិត្យ​ឃើញ​ថា ក្រុមហ៊ុន​មួយ​ចំនួន​លោក​​បាន​ផ្តល់​ជា​កន្លែង​សម្រាប់​សិស្ស​និស្សិត​របស់​យើង​ឲ្យ​មាន​ឱកាស​បាន​ចូល​ទៅ​ហាត់​ការងារ​ទទួល​បាន​បទ​ពិសោធ​ជាច្រើន​ផង​ដែរ​។

ចំណុច​សំខាន់ ខ្ញុំ​ក៏​សូម​ផ្តាំផ្ញើ​ដល់​សិស្ស​និស្សិត​ទាំងឡាយ ត្រូវ​តែ​ខំប្រឹង​ប្រែង​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​ទាំង​ទ្រឹស្តី និង​ការ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ ប្រយោជន៍​ដើម្បី​នៅ​ពេល​ពួក​គាត់​បញ្ចប់​ការ​សិក្សា គឺ​ពួក​គាត់​មាន​ចំណេះដឹង​គ្រប់គ្រាន់​អាច​បម្រើ​ការងារ​បាន​តែ​ម្តង គឺ​កុំ​រំពឹង​តែ​ទៅ​លើ​ការ​ឆ្លង​កាត់​បទពិសោធ​អី បើ​ពុំ​នោះ​ទេ​យើង​នឹង​ក្លាយ​ជា​មនុស្ស​តាម​ពី​ក្រោយ​គេ​នៅ​ក្នុង​តំបន់​អាស៊ាន​ហើយ ព្រោះ​សិស្ស​របស់​គេ​តែ​ទទួល​បាន​សញ្ញាបត្រ​ហើយ​ពួក​គេ​មាន​សមត្ថភាព​បម្រើ​ការងារ​ហើយ​។

៥.​តើ​នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​វិស្វករ​សំណង់​(​ស៊ីវិល​)​សរុប​ប៉ុន្មាន​រូប​?

ខ្ញុំ​ពុំ​ទាន់​មាន​តួលេខ​ជាក់​លាក់​ពី​ចំនួន​សរុប​នៃ​វិស្វករ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​ក្រុម​របស់​យើង​កំពុង​ប្រមូល​ចងក្រង​ធនធាន​មនុស្ស​ផ្នែក​នេះ និង​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​។

ដោយ​ឡែក ​សម្រាប់​ក្រុម​វិស្វករ​អាជីព ដែលជា​សមាជិក​គណៈ​វិស្វកម្ម​កម្ពុជា គឺ​សរុប​ប្រមាណ ៣០០០​ នាក់ ហើយ​ពួកគាត់​ទាំង​អស់​នេះ​កំពុងតែ​សកម្ម​ណាស់​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់​នាពេល​បច្ចុប្បន្ន​នេះ​៕

Source From: http://www.postkhmer.com
Share
Our Partners