Hot line: +855 (0)99 283 388
● You are in: Media > Detail News
ក្រសួង​សេដ្ឋកិច្ច​​ រឹតបន្តឹង​អាជ្ញាប័ណ្ណ​លើ​ការ​វិនិយោគ​អចលនទ្រព្យ
Date: 2017-10-26

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​សម្រេច​រឹតបន្តឹង​ក្នុង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​សម្រាប់​គម្រោង​វិនិយោគ​វិស័យ​សំណង់ និង​អចលនវត្ថុ​កម្ពុជា ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​គម្រោង​វិនិយោគ​នោះ​អាច​សម្រេច​ទៅ​បាន​ជោគជ័យ​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​លោក ម៉ី វ៉ាន់ ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ថា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កំពុង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ការ​អភិវឌ្ឍ​លំនៅឋាន​ដែល​គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ​ ២០១៧ ​នេះ​ដែល​ច្បាប់​នេះ​មាន​ទម្ងន់​គ្រប់គ្រាន់​សម្រាប់​គ្រប់គ្រង​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​នានា​ឲ្យ​មាន​ភាព​ច្បាស់លាស់ និង​ប្រាកដ​ថា​គម្រោង​របស់​ពួកគេ​ជា​គម្រោង​ទទួល​បាន​ជោគជ័យ​ និង​មិន​រត់​ចោល​អតិថិជន​ទេ​។

លោក​បន្ត​ថា៖ «​កន្លង​មក​យើង​មាន​កម្រិត​ត្រឹម​ប្រកាស​ប៉ុណ្ណោះ​ដែល​មាន​ទម្ងន់​ស្រាល​ក្នុង​ការ​ដាក់​ទោស​ពួកគេ​ប្រសិន​ជា​ពួកគេ​ធ្វើការ​បោក​ប្រាស់​អតិថិជន ឬ​លក់​តែ​គម្រោង ប៉ុន្តែ​មិន​បាន​សាងសង់​»​។

លោក​បន្ត​ថា៖ «​ប្រកាស​មាន​កម្រិត បទប្បញ្ញត្តិ​ត្រឹម​ដាក់​ពិន័យ ឬ​ដកហូត​អាជ្ញាប័ណ្ណ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មាន​ទម្ងន់​ឈាន​ដល់​ការ​ដាក់​ទោស​ពិន័យ​ទេ​»​។

លោក ម៉ី វ៉ាន់ បាន​បន្ត​ទៀត​ថា​តាមរយៈ​ប្រកាស​ដែល​បាន​ចេញ​កន្លង​មក​ក្រសួង​តម្រូវ​ឲ្យ​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​នានា​ត្រូវ​តម្កល់​ទុន​ ២ ​ភាគរយ​នៃ​ទុន​វិនិយោគ​សរុប​របស់​ពួកគេ ប៉ុន្តែ​ច្បាប់​ថ្មី​នេះ​នឹង​តម្រូវ​ឲ្យ​អ្នក​វិនិយោគ​មាន​ទុន​តម្កល់​នៅ​ធនាគារ មាន​ការ​ធានា​ពី​ធនាគារ និង​ដៃគូ​វិនិយោគ​របស់​ពួកគេ និង​បង្ហាញ​ពី​គណនេយ្យភាព និង​តម្លាភាព​ច្បាស់លាស់​ក្នុង​គម្រោង​វិនិយោគ​របស់​ពួកគេ​។

លោក​បន្ត​ថា​ ទោះ​ជា​យ៉ាង​ណា ​ច្បាប់​ថ្មី​នេះ​មិន​កំណត់​ថា អ្នក​វិនិយោគ​ត្រូវ​មាន​ប្រាក់​តម្កល់​ប៉ុន្មាន​ភាគរយ​ច្បាស់លាស់​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការ​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន ដើម្បី​រក​ធាតុ​ចូល​សម្រាប់​ដាក់​បញ្ចូល​ក្នុង​ច្បាប់​នេះ​។

លោក ពឹង សេរី នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Cambodia Angkor Real Estate បាន​ថ្លែង​ថា​ការ​រឹតបន្តឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ «​ជា​ការ​ល្អ​ណាស់​» ព្រោះ​វា​ជា​ការ​បង្ហាញ​ពី​តួលេខ​ពិតប្រាកដ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​នេះ​ដើម្បី​កុំ​ឲ្យ​មាន​អ្នក​រងគ្រោះ​បន្ថែម​ទៀត​ដូច​ករណី​អ្នក​ទិញ​អគារ Gold Towr42 ជាដើម​។

លោក​បន្ត​ថា​ កន្លង​មក​មាន​ក្រុមហ៊ុន​ខ្លះ​យក​ប្លង់​ដី​ដាក់​ធនាគារ​ហើយ​ប្រកាស​គម្រោង​វិនិយោគ​របស់​ខ្លួន​ដើម្បី​លក់​យក​លុយ​ទៅ​សាងសង់ ប៉ុន្តែ​នៅ​ពេល​លក់​មិន​បាន​គម្រោង​របស់​ពួកគេ​ជាប់គាំង​ហើយ​ប្រជាជន​ជា​អ្នក​រងគ្រោះ​។

លោក​បន្ត​ថា៖ «​យើង​ចង់​ឲ្យ​មាន​ការ​សាងសង់​សិន ចាំ​ប្រកាស​លក់ កុំ​ប្រកាស​តែ​គម្រោង​ហើយ​ចាប់ផ្តើម​លក់ វា​មាន​ហានិភ័យ​ណាស់​»​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក គីម ហ៊ាង បាន​ថ្លែង​ថា​ការ​ចេញ​ច្បាប់​របស់​ក្រសួង​នេះ​ហាក់​យឺត​ពេល​បន្តិច ព្រោះ​ច្បាប់​នេះ​លោក​បាន​លើក​ឡើង​ជារឿយៗ​រយៈពេល​ ៣-៤ ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ក៏​មិន​អី​នោះ​ទេ សម្រាប់​ការ​រៀបចំ​ច្បាប់​នាពេល​នេះ​មិន​ទាន់​ហួស​ពេល​នៅ​ឡើយ​ទេ​។

លោក​បន្ត​ថា ​ច្បាប់​នេះ​នឹង​ប៉ះពាល់​ដល់​អ្នក​រកស៊ី​ឆក់​កណ្តៀត ឬ​រកស៊ី​មិន​ត្រឹមត្រូវ ប៉ុន្តែ​អ្នក​គោរព​ ច្បាប់​មិន​មាន​ផលប៉ះពាល់​នោះ​ទេ​។

លោក​បន្ត​ថា៖ «​ច្បាប់​នេះ​ជា​ការ​ជួយ​កាត់បន្ថយ​គម្រោង​ខ្យល់ ព្រោះ​កន្លង​មក​មាន​អ្នក​ខ្លះ​ដាក់​ដី​បញ្ចាំ​នៅ​ធនាគារ ហើយ​មក​ប្រកាស​លក់​គម្រោង​ដែល​គម្រោង​បែប​នេះ​មាន​ហានិភ័យ​ខ្ពស់​ណាស់​»​។ លោក​បន្ថែម​ថា៖ «​ច្បាប់​នេះ​ល្អ​សម្រាប់​សង្គម និង​ធ្វើឲ្យ​ប្រាកដ​ថា​អ្នក​មាន​លុយ​ពិតប្រាកដ​ទើប​អាច​វិនិយោគ​គម្រោង​អចលនទ្រព្យ​បាន​»​។

លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​បាន​ថ្លែង​ថា​កន្លង​មក​មាន​បញ្ហា​អ្នក​ពុះ​ដីឡូត៍​លក់​មួយ​ចំនួន​បាន​បង្ហាញ​គម្រោង​របស់​ពួកគេ​មាន​ចម្ងាយ​ប៉ុន្មាន​ពី​ក្រុង​ភ្នំពេញ​ហើយ​បាន​ប្រកាស​លក់​ក្នុង​តម្លៃ​ថោកៗ ប៉ុន្តែ​មិន​ដឹង​ដី​នៅ​ឯណា ហេតុ​នេះ​ទើប​ក្រសួង​មាន​ការ​ព្រួយបារម្ភ​ពី​ហានិភ័យ​ផ្សេងៗ​ទើប​រៀបចំ​ច្បាប់​នេះ​។

លោក​បន្ត​ថា៖ «​ច្បាប់​នេះ​មិនមែន​ជា​ការ​រឹតបន្តឹង​អ្វី​ដល់​អ្នក​រកស៊ី​ស្រប​ច្បាប់​ទេ តែ​ជា​ការ​ជួយ​ការពារ​ដល់​ប្រជាពលរដ្ឋ​យើង​»​។

លោក​បន្ត​ថា៖ «​នេះ​ជា​ការ​យក​ចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​ដល់​ប្រជាពលរដ្ឋ ដែល​យើង​ក្នុង​នាម​វិស័យ​ឯកជន​សូម​គាំទ្រ​ចំណាត់ការ​នេះ​៕

Source From: http://www.postkhmer.com
Share
Our Partners