Hot line: +855 (0)99 283 388
● You are in: Media > Detail News
កម្ពុជា គួរ​ចាប់​ផ្តើម​ជ្រើស​រើស​យក​គម្រោង​វិនិយោគ​មាន​គុណ​ភាព
Date: 2017-11-02

នៅ​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​៧​ភាគរយ​ជាប្រចាំ​ឆ្នាំ នា​អំឡុង​ពេល​​ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

ការ​រីក​ចម្រើន​ជា​រូបវន្ត​ស្តែងចេញ​តាមរយៈ​អគារ​ពហុ​បំណង​ធំ​ខ្ពស់ៗ​បាន​រំលេច​ឡើង​នូវ​រូបភាព​ចម្រុះ​ស្ថាបត្យកម្ម​ក្នុង​ស្រុក​រួម​ជាមួយ​បរទេស ហើយ​បាន​រីក​លូតលាស់​ឡើង​យ៉ាង​ឆាប់​រហ័ស ដោយ​មាន​អគារ​ខ្លះ​មាន​កម្ពស់​រហូតដល់២០០​ម៉ែត្រ​ឡើងទៅ​លើ​អាកាស នៃ​លំហ​ទីក្រុង​ដែល​ធ្លាប់​តែ​ជា​លំនៅឋាន​មាន​កម្ពស់​ត្រឹម​ប៉ប្រះ​ចុង​រុក្ខជាតិ​តែ​ប៉​ណ្ណោះ​។

ខណៈ​មានការ​អភិវឌ្ឍ​នៃ​ឧស្សាហកម្ម​សំណង់​ដ៏​គំហុក​បែបនេះ ក្រុម​អ្នក​ជំនាញ​ផ្នែក​ស្ថាបត្យកម្ម និង​សំណង់ បាន​បង្ហាញ​ការ​អបអរ​សាទរ​ដោយ​ប្រុងប្រយ័ត្ន ហើយ​ថែម​ទាំង​ធ្វើការ​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ថា «​គួរ​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​ជ្រើស​យក​ការ​វិនិយោគ​ប្រកប​ដោយ​គុណភាព​ហើយ​»​។

កាលពី​ពេល​ថ្មីៗ​នេះ លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ​បាន​ថ្លែងថា នៅ​ពេល​បច្ចុប្បន្ន​នេះ​កម្ពុជា កំពុង​ស្ថិត​នៅ​លើ​គោល​ដៅ​នៃ​ការ​បណ្តាក់​ទុន​ពី​ក្រុម​​វិនិយោគិន​អន្តរជាតិ​ជាច្រើន​វិស័យ​ភាគច្រើន​មកពី​ប្រទេស​ចិន ជាពិសេស​គឺ​នៅ​ក្នុង​ផ្នែក​អចលនទ្រព្យ​។

លោក​បន្ត​ថា គេ​តាមដាន​ពិនិត្យ​មើល​លើ​«​កំណើន​ផល​ទុន​ជាតិ​សរុប​(GDP) រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​សេដ្ឋកិច្ច​កម្ពុជា​យើង​សម្រេច​បាន​កំណើន​ជា​ប្រចាំ​ឆ្នាំ​៧​ភាគរយ​»​។

បើ​ពិនិត្យ​លើក​ត្តា​ប្រជាសាស្ត្រ​របស់​កម្ពុជា «​យើង​ជា​ប្រទេស​ដែល​មាន​ប្រជាសាស្ត្រ​វ័យ​ក្មេង​នៅ​ក្នុង​តំបន់ ដោយ​មាន​ក្រុម​មនុស្ស​វ័យ​តិច​ជាង ៣០​ឆ្នាំ ដែល​ជា​វ័យ​មាន​ផលិតភាព​ខ្ពស់​មាន​ចំនួន​ច្រើន រីឯ​«​ក្រុម​មនុស្ស​មាន​ប្រាក់​ចំណូល​ពី​មធ្យម ​ឡើង​លើ​ក៏​មាន​បរិមាណ​រីក​ធំធាត់​ឡើង​ជា​លំដាប់ ហើយ​ក្រុម​ពួក​នេះ​មាន​តម្រូវការ​លំនៅឋាន​ច្រើន​»​។

លោក​បណ្ឌិត សាត ដារ៉ា សាស្ត្រាចារ្យ​ផ្នែក​វិស្វកម្ម បង្រៀន​នៅ​តាម​សាកល​វិទ្យាល័យ​មួយ​ចំនួន​នៅ​កម្ពុជា​បាន​បង្ហាញ​ទស្សនៈ​ថា ទាំង​នេះ វា​គឺជា​សក្តានុពល​ចម្បង​បំផុត​ធ្វើ​ឲ្យ​ក្រុម​អ្នក​វិនិយោគ​អន្តរជាតិ​មាន​ចំណាប់​អារម្មណ៍​មក​លើ​ប្រទេស​កម្ពុជា​។

លោក​បាន​ចង្អុល​បង្ហាញ​ថា បើ​មើល​«​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​កំណត់​សសរ​ស្តម្ភ​សេដ្ឋកិច្ច​ធំៗ​៤ គឺ វិស័យ​កសិកម្ម វិស័យ​កាត់​ដេរ វិស័យ​សំណង់ និង​ទេសចរណ៍។ តាម​ការ​អង្កេត​ផ្ទាល់​របស់​ខ្ញុំ ឧស្សាហកម្ម​សំណង់​កំពុង​មាន​សម្ទុះ​ទាក់ទាញ​អ្នក​វិនិយោគ​យ៉ាង​ខ្លាំង ហើយ​វា​ក៏​ជា​ទីផ្សារ មាន​តម្រូវ​ការ​មួយ​របស់​ប្រជាជន​ក្នុង ស្រុក​ផង​ដែរ»។

បច្ចុប្បន្ន​នេះ កម្ពុជា​ស្ថិត​នៅ​ក្នុង​គោល​ដៅ​វិនិយោគិន​ជាច្រើន «​ចំពោះ​វិស័យ​សំណង់ រដ្ឋាភិបាល​កម្ពុជា​ក៏​ល្មម​នឹង​ដល់​ពេល​ចាប់​ផ្តើម​គិតគូរ​អំពី​ការ​វិនិយោគ​ប្រកប​ដោយ​គុណភាព​ហើយ​» នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​សាស្ត្រាចារ្យ ដារ៉ា​។ ការ​ធ្វើ​បែប​នេះ​ពុំ​មែន​ន័យ​ថា​ ៖ «យើង​រើស​យក​តែ​អ្នក​វិនិយោគ​ធំៗ​នោះទេ ប៉ុន្តែ​យើង​ចង់​ឲ្យ​រាល់​គម្រោង​វិនិយោគ​ទាំងអស់​ប្រកប​ដោយ​ប្រសិទ្ធភាព និង​គុណភាព ហើយ​ការអនុវត្ត​បែប​នេះ​វា​នឹងធ្វើ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​កាន់​តែខ្លាំង​ក្នុង​ចំណោម​អ្នកវិនិយោគ​ល្អៗ​» ពេលនោះ​ពួកគេ​នឹងធ្វើ​ការ​ប្រកួត​ប្រជែង​ប្រកប​ដោយ​តម្លាភាព និង​ឧត្តមភាព​។

លោក​សាស្ត្រាចារ្យ ដា​រ៉ា ពន្យល់​ថា វិស័យ​សំណង់​នាពេលនេះ​ពុំទាន់​បង្ហាញ​ពី​សញ្ញា​ហានិភ័យ​អ្វី​នៅ​ឡើយ​ទេ​នៅ​លើ​ទីផ្សារ​។ ប៉ុន្តែ​នៅតាម​ការដ្ឋាន​សំណង់​ធំៗ​ដែល​កំពុង​រីកចម្រើន​យ៉ាង​ខ្លាំង​នេះ វា​បាន​«​បង្ហាញ​ការ​ភ័យខ្លាច​ផ្នែក​សុវត្ថិភាព​ដល់​អ្នក​រស់នៅ​ជិតខាង អ្នក​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​ទីនោះ ហើយ​អ្នកខ្លះ​ក៏​មាន​កង្វល់​ចំពោះ​គុណភាព​សំណង់​ខ្លះ​ដែរ​» និង​ក៏​ជា​បង្ក​ជា​ក្តីបារម្ភ​ថា មាន​ការ​បាត់បង់​ផ្នែក​«​ទស្សនីយភាព​ស្ថាបត្យកម្ម​សំណង់​ដែល​ពុំ​សូវ​បាន​បង្ហាញ​ពី​អត្ត​សញ្ញាណ​ជាតិ​យើង​ផងដែរ​»​។

«​នេះ​គឺជា​ផ្នែក​ខ្លះ បង្ហាញ​ពី​ចន្លោះ​ប្រហោង​នៃ​យន្តការ​ឬ​ធាតុ​ផ្សំ​របស់​គុណភាព​សំណង់ ឬ​គុណភាព​នៃ​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​នេះ​ឯង​»​។ លោក​បន្ត​ថា ក្រៅ​ពី​នោះ​ក៏​នូវ​មាន​ទាំង​ការ​ខ្វះខាត​«ការ​គ្រប់គ្រង​ពី​មន្ត្រី​ជំនាញ ឬ​ក្រុម​អ្នក​ជំនាញ​ឯករាជ្យ ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ​គម្រោង​ការ​ត្រួត​ពិនិត្យ​ការ​ដ្ឋាន​(​កំពុង​ដំណើរការ​សាងសង់​) និង​រហូត​ដល់​ការ​ត្រួត​ពិនិត្យ​ការ​បញ្ចប់​ការ​សាងសង់​គម្រោង​នីមួយៗ​ជា​ដើម ហើយ​នៅ​ទី​បញ្ចប់​មន្ត្រី​ជំនាញ ឬ​ក្រុម​អ្នក​ជំនាញ គួរ​តែ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ថា សំណង់​ឬ​គម្រោង​នេះ​បាន​សាងសង់​ចប់​១០០​ភាគរយ ត្រឹម​ត្រូវ​ទៅ​តាម​លក្ខណៈ​បច្ចេក​ទេស ស្តង់ដារ​សុវត្ថិភាព និង​បទដ្ឋាន​ច្បាប់ ដើម្បី​ឲ្យ​អតិថិជន​ជា​ម្ចាស់​ទៅ​រស់នៅ និង​ស្នាក់​នៅ​ទីនោះ​មាន​ទំនុក​ចិត្ត​ខ្ពស់​»។

លោក​សាស្ត្រាចារ្យ ដារ៉ា បន្ត​ថា ដោយ​សារ​«​កង្វះ​ខាត​យន្តការ​ត្រួត​ពិនិត្យ​គម្រោង​វិនិយោគ​បែប​នេះ ទើប​កន្លង​មក​ធ្លាប់​មាន​ការ​ដ្ឋាន​សំណង់​ខ្លះ​បាន​បង្ក​ការ​គ្រោះថ្នាក់​រងរបួស និង​រហូត​ដល់​បាត់បង់​អាយុ​ជីវិត​អ្នក​ធ្វើ​ដំណើរ​នៅ​តាម​ដង​ផ្លូវ»។

លោក​បន្ត​ថា នេះ​អត់​ទាន់​និយាយ​ដល់​ប្រព័ន្ធ​សុវត្ថិភាព​នៅ​ពេល​មនុស្ស​ទៅ​រស់នៅ​ទីនោះ ក្នុង​ករណី​មាន​អគ្គីភ័យ ឬ​ឧបទ្ទវ​ហេតុអ្វី​កើត​ឡើង តើន​រណា​ធានា​ថា រថយន្ត​ពន្លត់​អគ្គីភ័យ​អាច​បាញ់​ទឹក​ពន្លត់​​ទៅដល់​អគារ​ខ្ពស់ៗ​នោះ​? តើ ប្រព័ន្ធ​ទុយោទឹក និង​ប្រព័ន្ធ​សុវត្ថិភាព​នៅក្នុង​អគារ​ទាំងនោះ មាន​សមត្ថភាព ឬ​ប្រសិទ្ធភាព​យ៉ាង​ណា?

លោក​អតីត​សាស្ត្រាចារ្យ​ផ្នែក​ស្ថាបត្យកម្ម អ៊ុក វណ្ណារិទ្ធិ (Ouk Vannarith) បច្ចុប្បន្ន​រស់​នៅ​ប្រទេស​បារាំង ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​អចលនទ្រព្យ​ថា រដ្ឋាភិបាល​កម្ពុជា​ជា​ពិសេស​អាជ្ញាធរ​ក្រុង​ភ្នំពេញ «​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​អំពី​ទស្សនីយភាព​ទីក្រុង និង​ទស្សនីយភាព​ស្ថាបត្យកម្ម​ជាតិ​ឲ្យ​មែនទែន ព្រោះ​សំណង់​ថ្មីៗ​ខ្ពស់ៗ​វា​មិន​ត្រឹម​តែ​គ្រឿង​លម្អ​ទីក្រុង​សម័យ​ទំនើប​ទេ ប៉ុន្តែ​វា​ក៏​អាច​បង្ក​ជា​ហានិភ័យ​ដល់​បរិយាកាស​ទីក្រុង បង្ក​ផល​ប៉ះពាល់​សុខភាព​ផ្លូវចិត្ត​ដល់​អ្នក​រស់​នៅ​ផងដែរ​»​។

ដោយ​ធ្លាប់​បាន​ចំណាយ​ពេល​ជា​រៀងរាល់​២-៣​ឆ្នាំ​ម្តង​ក្នុងការ​ធ្វើ​ដំណើរ​មកលេង​មាតុ​ភូមិ​កំណើត​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ អតី​សាស្ត្រាចារ្យ​ស្ថាបត្យ​កម្ម​រូប​នេះ បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ខណៈ​សំណង់​អគារ​ខ្ពស់ៗ​ជា​ច្រើន បាន​រីកដុះដាល​ខ្លាំង​តែ​នៅ​ម្តុំ​សង្កាត់​ទន្លេ​បាសាក់ និង​បឹង​កេងកង​។

លោក វណ្ណារិទ្ធិ ថ្លែងថា​ ៖ «​តែ​កាល​ណា​អគារ​ខ្ពស់ៗ​នៅទីណា​ច្រើន​ទីនោះ​នឹង​ប្រជុំ​ដោយ​ក្រុម​មនុស្ស​ច្រើន រីឯ​យានយន្ត​ក៏​ច្រើន​ដែរ ដូច្នេះ​វា​ក៏​តម្រូវ​ឲ្យ​មាន​ទីធ្លា​សួនច្បារ​ទំនេរ​ដែល​អត់​មាន​សំណង់​ក៏​ត្រូវ​ធំ​ទូលាយ​ ដែរ រីឯ​ផ្លូវត្រូវ​ពង្រីក​ឲ្យ​ធំ ឬ​មាន​ច្រើន​ខ្សែ ប្រព័ន្ធ​លូទឹក​កខ្វក់ ឬ​ប្រព័ន្ធ​លូ​ការពារ​ទឹក​អាច​ធានា​ថា ពេល​ភ្លៀង​ខ្លាំងមិន​​បង្ក​ជា​ទឹក​ដក់ ឬ​ជន់​លិច​ជាដើម​»​។

«​បើ​ពុំ​នោះទេ វា​ចោទ​ជា​បញ្ហា​កក​ស្ទះ​ចរាចរណ៍​កាន់​តែ​ខ្លាំង ឧស្ម័ន​ពុល​កើត​ចេញពី​ផ្សែង​នៃ​ចំហេះ​យានយន្ត​ក៏​កើន​ឡើង​ខ្ពស់​នៅ​ក្នុង​បរិយាកាស រួច​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ដំណើរ និង​អ្នក​រស់​នៅកើត​ជាជំងឺ​មួ​ម៉ៅ​ជាប់​ជានិច្ច​ រហូត​ក្លាយ​ទៅ ជា​ជំងឺ​ផ្លូវ​ចិត្ត​រ៉ាំរ៉ៃ​នៅក្នុង​សង្គម​តែម្តង​! រីឯ​ក្មេងៗ​ ក៏​ពុំ​សូវ​លូតលាស់​ផ្នែក​បញ្ញា​ស្មារតី​ល្អ​ដែរ ព្រោះ​ពួកគាត់​ចម្រើន​វ័យ​នៅ​ក្នុង​បរិយាកាស​សង្គម​មួយ​ដែល​វា​ពុំ​អំណោយ​ផល​»​។

«​បើ​តាម​ការ​ពិនិត្យ​ផ្ទាល់ ខ្ញុំ​ឃើញ​មាន​សំណង់​ខ្ពស់​ធំៗ​ច្រើន ប៉ុន្តែ​ផ្លូវ​នៅ​តូច​ដដែល​ ខណៈ​សួន​ច្បារ​សាធារណៈ​មួយ​ចំនួន​កាន់​តែ​រួម​តូច ឬ​បាត់បង់​ថែម​ទៀត​។ អាហ្នឹង​ទៅ​ថ្ងៃ​អនាគត វា​នឹង​ចោទ​ជា​បញ្ហា​សង្គម​ធំ​ជា​ពុំ​ខាន​ទេ​។ ដូច្នេះ​រដ្ឋាភិបាល​តោង​គិត​គូរ​ឲ្យ​បាន​ល្អិត​ល្អន់​សម្រាប់​គម្រោង​សំណង់​ខ្ពស់ៗ​ ប្រកប ដោយ​គុណ​ភាព ថា​តើ​គួរ​ឲ្យ​មាន​អគារ​ខ្ពស់​ត្រឹម​កម្ពស់​ប៉ុន្មាន​ជាន់​ នៅ​តាម​តំបន់​នីមួយៗ ដែល​វា​កកកុញ​ដោយ​សំណង់​ជាច្រើន​បែប​នេះ​ទៅ​ហើយ» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ អ៊ុក វណ្ណារិទ្ធិ៕

Source From: http://www.postkhmer.com
Share
Our Partners