រាជធានីភ្នំពេញ ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ជ្រោយចង្វាត្រើយខាងកើតត្រូវបានគេកត់សម្គាល់ឃើញថា កំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ហើយក៏ជាតំបន់ដែលចាប់ផ្ដើមមានសក្ដានុពលលើការវិនិយោគ ពិសេសវិស័យសំណង់ បន្ទាប់ពីមានក្រុមហ៊ុនមួយចំនួនបានងាកទៅអភិវឌ្ឍន៍នៅតំបន់នោះ ។
ថ្មីៗនេះ OCIC ជាក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វា បានឲ្យដឹងថា នឹងសាងសង់ការិយាល័យកណ្តាលរបស់ខ្លួន ដែលមានកម្ពស់២០ជាន់នៅទីក្រុងរណបនេះ ដោយគ្រោងចំណាយទឹកប្រាក់២០លានដុល្លារ ។
អគ្គនាយករងក្រុមហ៊ុន លោក ទូច សំណាងបានថ្លែងនាព្រឹកថ្ងៃទី១៧ វិច្ឆិកា ថា ការសាងសង់អគារនេះបានចាប់ផ្តើមបុកគ្រឹះហើយ ដោយវានឹងក្លាយជាការិយាល័យកណ្តាលរបស់ក្រុមហ៊ុន នៅពេលសាងសង់រួច ។
លោកបន្តថា ក្រៅពីការសាងសង់អគារការិយាល័យនេះ ក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម រួមមាន ផ្សារទំនើប ផ្ទះល្វែង និងសេវាកម្មកម្សាន្ដមួយចំនួនទៀតនៅដើមឆ្នាំ២០១៨ខាងមុខ ។
តាមគម្រោងទីក្រុងរណបនេះ គ្រោងនឹងចំណាយថវិកា៣.០០០លានដុល្លារ ដើម្បីវិនិយោគតំបន់នេះឲ្យមានភាពរស់រវើក ហើយបច្ចុប្បន្ន ក្រុមហ៊ុនកំពុងសាងសង់ស្ពានយោងដោយខ្សែកាប ភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅកាន់តំបន់នេះ ធ្វើយ៉ាងណា ទាក់ទាញការចាប់អារម្មណ៍បន្ថែមទៀត បន្ទាប់ពីការសាងសង់ស្ពានជ្រោយចង្វាទី២ ។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនCentury21 Mekong បានថ្លែងថា ជ្រោយចង្វាជាតំបន់មានសក្តានុពលខ្លាំងក្នុងការវិនិយោគ ព្រោះតំបន់នេះចាប់ផ្តើមរីកចម្រើនខ្លាំង ដោយសារវាស្ថិតនៅជិតកណ្តាលរាជធានី ហើយលក្ខខណ្ឌភូមិសាស្ត្រមានភាពអំណោយផល ដោយសារមានទីតាំងនៅជិតទន្លេ ដែលផ្ដល់ផលល្អដល់ការរស់នៅមានភាពងាយស្រួល ។
លោកបន្តថា ដីតំបន់នេះភាគច្រើនគ្រប់គ្រងដោយឧកញ៉ាធំៗ ហេតុនេះ ប្រសិនជាពួកគាត់ចាប់ផ្តើមសកម្មភាពអភិវឌ្ឍន៍តំបន់នេះ នឹងកាន់តែមានការរីកចម្រើនខ្លាំង ។ លោកបន្តថា ៖« មនុស្សរស់នៅតំបន់នេះច្រើន ហើយមនុស្សនឹងកើនឡើងបន្ថែមទៀត នៅពេលគម្រោងអភិវឌ្ឍន៍នានាចាប់ផ្តើមសកម្មភាព ដែលនឹងធ្វើឲ្យមនុស្សចូលទៅរស់នៅកាន់តែច្រើន » ៕