រាជធានីភ្នំពេញ ៖ ការរស់នៅតាមខុនដូនៃអគារសហកម្មសិទ្ធិ ជាបែបបទជីវិតសម្រាប់មនុស្សសម័យថ្មី ដែលពួកគេរស់នៅលើអគាររួមគ្នា ហាក់បីដូចជាក្នុងសហគមន៍តែមួយ ដែលមានសេវាកម្មសន្តិសុខ២៤ម៉ោង ក្លិបហាត់ប្រាណ អាងហែលទឹក ភោជនីយដ្ឋាន សេវាប្រចាំថ្ងៃលើការបោសសម្អាត និងអនាម័យ ព្រមទាំងសេវាកម្មជាច្រើនទៀត ។
តើអ្នកត្រៀមខ្លួនសម្រាប់ជីវិតបែបថ្មី រស់នៅតាមអគារកប់ពពកបែបនេះឬនៅ ?
ថ្ងៃនេះ កោះសន្តិភាព សូមលើកយកចំណេះដឹងមួយចំនួនទាក់ទងនឹងជីវិតរស់នៅលើអគារខុនដូ តើមានលក្ខខណ្ឌត្រូវបំពេញអ្វីខ្លះ និងមានភាពងាយស្រួលយ៉ាងដូចម្តេច ?
លោក មាស ង៉ែតវាសនា អគ្គនាយកក្រុមហ៊ុន NAKI GROUP ដែលមានបទពិសោធន៍លើការគ្រប់គ្រងអចលនទ្រព្យជាច្រើនឆ្នាំនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ការរស់នៅតាមវីឡា ជាការរស់នៅលើលំនៅឋាន ដែលមានលក្ខណៈដាច់ៗពីគ្នា ។ ផ្ទុយទៅវិញ ការរស់នៅលើអគារខុនដូ ជាការរស់នៅបែបសហគមន៍ ដែលមានម្ចាស់ច្រើន ឬគ្រួសារច្រើន និងមានក្រុមមនុស្សចម្រុះ ដែលត្រូវរស់នៅជាមួយគ្នា ។ ដូចនេះ ទើបអ្នកគ្រប់គ្រងអគារ ត្រូវបែងចែកនូវបទបញ្ជាផ្ទៃក្នុងសម្រាប់អគារនីមួយៗ ។
១-ការជួសជុល ឬលាបពណ៌អគារ
អ្នករស់នៅខុនដូ ពេលត្រូវការជួសជុលអ្វីមួយ ត្រូវសុំទៅអ្នកគ្រប់គ្រងអគារជាមុន ដើម្បីឲ្យអ្នកគ្រប់គ្រងបានដឹង និងអាចអនុញ្ញាតឲ្យធ្វើពេលណាមួយ ដែលមិនបង្កឲ្យមានសំឡេងរំខានច្រើនដល់អ្នកស្នាក់នៅ ។ ចំណែកការលាបពណ៌អគារសម្រាប់ផ្ទៃខាងក្រៅ មិនត្រូវគេអនុញ្ញាតទេ ប៉ុន្តែម្ចាស់លំនៅឋានណាមួយអាចលាបពណ៌ ឬឌីសាញលើផ្នែកខាងក្នុងលំនៅឋានរបស់ខ្លួនបានតាមចំណង់ចំណូលចិត្ត ។
២-ការកំណត់ពេលវេលា
ដោយសារអគារនីមួយៗមានម្ចាស់ស្នាក់នៅច្រើន និងចម្រុះគ្នាបែបនេះហើយ ទើបអ្នកគ្រប់គ្រងតម្រូវឲ្យអ្នកស្នាក់នៅ មិនត្រូវបង្កសំឡេងរំខានដល់អ្នកដទៃ លើសពីម៉ោង១០យប់ទេ ក្នុងករណីពួកគេជប់លៀង ឬចាក់បាស់រាំរែកណាមួយ ប៉ុន្តែការកំណត់ម៉ោងបែបនេះ មិនដូចគ្នាទេ វាអាស្រ័យលើអ្នកគ្រប់គ្រងអគារនីមួយៗ ។
៣-មិនអនុញ្ញាតឲ្យចិញ្ចឹមឆ្កែ
ដោយសារឆ្កែជាសត្វមួយ ដែលពូកែព្រុស ជុះនោម និងជុះអាចម៍គ្មានសណ្តាប់ធ្នាប់ អ្នកគ្រប់គ្រងអគារ មិនតម្រូវឲ្យអ្នកស្នាក់នៅលើខុនដូចិញ្ចឹមឆ្កែ ឬសុនកទេ លើកលែងតែករណីពិសេស ដែលមានអ្នកមើលថែច្បាស់លាស់ ។
៤-ចំណតយានយន្តត្រូវបង់ប្រាក់ប្រចាំខែ
ខុនដូភាគច្រើនតែងមានចំណតយានយន្តផ្ទាល់ខ្លួន ប៉ុន្តែខុនដូខ្លះក៏មានចំណតមិនគ្រប់ ឬសមាមាត្រនឹងចំនួនផ្ទះនៅលើអគារដែរ ។ ដូច្នេះអ្នកស្នាក់នៅខុនដូ ត្រូវតម្រូវឲ្យបង់ប្រាក់ចន្លោះពី៣០ ទៅ៤០ដុល្លារក្នុង១ខែ អាស្រ័យលើការកំណត់របស់ក្រុមហ៊ុន ។
៥-ការបង់ប្រាក់លើសេវាគ្រប់គ្រងអគារ
ដោយសារខុនដូជាអគាររួម និងមានអ្វីៗសម្រាប់ប្រើប្រាស់រួម ដូចជា ជណ្តើរយន្ត អាងហែលទឹក ឬកន្លែងហាត់ប្រាណ និងថ្លៃសេវាសន្តិសុខជាដើម ទើបក្រុមហ៊ុនគ្រប់គ្រងតម្រូវឲ្យអ្នកស្នាក់នៅបង់ប្រាក់ចន្លោះពី០,៥០ ទៅ១ដុល្លារសម្រាប់ទំហំផ្ទះក្នុង១ម៉ែត្រការ៉េ។ ប្រាក់ទាំងអស់នេះ នឹងប្រើប្រាស់សម្រាប់ការថែទាំ និងជួសជុលសម្ភារបរិក្ខាររួម ដែលអ្នកស្នាក់នៅអាចប្រើប្រាស់បាន ។
ប៉ុន្តែអគារខុនដូខ្លះ ក៏តម្រូវឲ្យអ្នកស្នាក់នៅបង់ប្រាក់សម្រាប់សេវាហាត់ប្រាណ អាងហែលទឹក ឬសេវាអនាម័យជាកញ្ចប់ចន្លោះពី២០ ទៅ៣០ដុល្លារក្នុង១ខែដែរ អាស្រ័យលើគម្រោង ឬក្រុមហ៊ុនគ្រប់គ្រងអគារនីមួយៗជាអ្នកកំណត់ ។
៦-សេវាសម្អាត និងបោកអ៊ុត
ដោយសារវាជាបណ្ដុំក្រុមមនុស្សចម្រុះ អ្នកគ្រប់គ្រងអគារខុនដូនីមួយៗ តែងផ្តល់សេវាសម្អាត និងអនាម័យចំនួន៣ដងក្នុង១សប្តាហ៍ និងផ្តល់សេវាបោកអ៊ុតសម្លៀកបំពាក់ផងដែរ ប្រសិនជាម្ចាស់លំនៅឋាននីមួយៗត្រូវការសេវាបោកគក់សម្លៀកបំពាក់ ដោយសារគ្មានពេលបោកគក់ខ្លួនឯង ព្រោះជាប់រវល់នឹងការបំពេញការងារជាដើម ។
៧-សន្តិសុខ
ការរស់នៅតាមខុនដូ មិនមានអ្វីត្រូវព្រួយបារម្ភទាក់ទងនឹងសន្តិសុខនោះទេ ដោយសារអគារនីមួយៗសុទ្ធតែមានបុគ្គលិកយាមប្រចាំការ២៤ម៉ោង ។ ដូចនេះ ម្ចាស់លំនៅឋានក្នុងអគារខុនដូ មិនចាំបាច់បារម្ភពីការទុកផ្ទះចោលទេ ខុសពីផ្ទះល្វែង ឬផ្ទះវីឡា ពេលម្ចាស់មិននៅ ត្រូវបារម្ភពីពួកជនខិលខូច ឬចោរចូលលួចទ្រព្យសម្បត្តិជាដើម ។
៨-សេវាកុម្មង់ម្ហូបអាហារ
វាអាស្រ័យលើក្រុមហ៊ុនគ្រប់គ្រង ឬអ្នកអភិវឌ្ឍន៍នីមួយៗដែលបំពាក់សេវាកម្មសម្រាប់អ្នកស្នាក់នៅលើអគារសហកម្មសិទ្ធិរបស់ខ្លួន ។ អគារខ្លះ មានសេវាកុម្មង់អាហារ ភេសជ្ជៈ សេវាបោកអ៊ុតបាន២៤ម៉ោងលើ២៤ម៉ោង ដោយគ្រាន់តែអ្នកស្នាក់នៅទូរស័ព្ទទៅកាន់បុគ្គលិកទទួលភ្ញៀវនៅក្នុងអគារប៉ុណ្ណោះ ។
៩-សេវាអគ្គិភ័យ ឬការសង្គ្រោះ
នៅកម្ពុជា មិនទាន់មានអគារខុនដូកប់ពពកណាមួយ មានករណីអគ្គិភ័យនៅលើអាកាសនៅឡើយទេ ហើយករណីនេះ គឺជាអ្វីដែលប្រជាពលរដ្ឋខ្មែរភាគច្រើនបានគិត និងបារម្ភ ប៉ុន្តែវាមិនមែនជារឿងធ្ងន់ធ្ងរទេ ព្រោះអ្នកវិនិយោគអគារខុនដូដែលចំណាយប្រាក់រាប់លានដុល្លារ ពួកគេសុទ្ធតែបានគិតគូររួចហើយ ពីការបំពាក់ឧបករណ៍ការពារអគ្គិភ័យ ប្រព័ន្ធទឹកសម្រាប់បាញ់ និងជណ្តើរជើង ឬជណ្តើរសុវត្ថិភាព ដែលអាចជម្លៀសមនុស្សចេញបាន ក្នុងករណីមានអគ្គិភ័យកើតឡើងជាយថាហេតុណាមួយ ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មិនព្រងើយកន្តើយនឹងបញ្ហាបង្ការជាមុននោះដែរ ។ ជាក់ស្តែង ខាងនគរបាលពន្លត់អគ្គិភ័យ ក៏ទទួលបានការបណ្តុះបណ្តាល ដើម្បីជម្លៀសមនុស្សចេញពីអគារ ព្រមទាំងមានរថយន្តបាញ់ទឹកដើម្បីត្រៀមបង្ការ និងអន្តរាគមន៍ឲ្យបានទាន់ពេលវេលាផងដែរ ។ ដូច្នេះ ជីវិតរស់នៅតាមខុនដូ ពិតជាមានសុវត្ថិភាពជាងការរស់នៅក្នុងលំនៅឋានជាលក្ខណៈឯកកម្មសិទ្ធិ ៕