ភ្នំពេញ៖ ក្រុមហ៊ុនកូរ៉េ Yon Woo នឹងដំណើរការសាងសង់អគារខុនដូរ Golden Tower ៤២ជាន់នៅដើមឆ្នាំ ២០១៨ ខាងមុខនេះ បន្ទាប់ពីក្រុមហ៊ុននេះបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសាងសង់របស់ចិន នៅថ្ងៃទី២២ខែវិច្ឆិកានេះ។
អគារ Golden Tower ត្រូវបានចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ ២០០៨ និងបានផ្អាកសកម្មភាពសាងសង់ជាច្រើនលើករហូតមកទល់ពេលនេះ ដែលសម្រេចបានត្រឹម ៣១ជាន់នៃគម្រោង ៤២ជាន់។ ប៉ុន្តែនៅថ្ងៃនេះក្រុមហ៊ុន Yon Woo បានចុះកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន Hongtao Decoration និងក្រុមហ៊ុន Waiman Construction&Engineering ពីប្រទេសចិន ដើម្បីបន្តដំណើរការសាងសង់អគារនេះ។
លោក Kim Tae Yeon ប្រធានក្រុមហ៊ុន Yon Woo បានអះអាងថា បន្ទាប់ពីមានកិច្ចសន្យានេះ ដំណើរការសាងសង់នឹងចាប់ផ្ដើមនៅខែមករា ឬកុម្ភៈឆ្នាំ២០១៨ និងបញ្ចប់គម្រោងនៅចុងឆ្នាំ២០១៩ ។ លោកបន្ថែមថា ការសាងសង់ដែលបានផ្អាកដំណើរការកន្លងមកនេះ ក្រុមហ៊ុនបានចំណាយទុនប្រមាណ ១០០លានដុល្លារអាមេរិក ហើយគ្រោង ១៤០ លានដុល្លារទៀតដើម្បីសាងសង់បញ្ចប់គម្រោង។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងពិធីចុះហត្ថលេខាសាងសង់ លោក Kim Tae Yeon បានបង្ហាញសុទិដ្ឋិនិយមចំពោះការចាប់ដំណើរការសាងសង់របស់ខ្លួន។ លោកឲ្យដឹងយ៉ាងដូច្នេះថា៖«ខ្ញុំសម្លឹងឃើញវិស័យអចលនទ្រព្យរបស់កម្ពុជាឆ្ពោះទៅមុខ ទីផ្សារមិនមានបញ្ហា ហើយកំណើនសេដ្ឋកិច្ចបន្ត ៧ភាគរយ ដែលធ្វើឲ្យខ្ញុំមានឆន្ទៈចាប់ផ្ដើមបន្តសាងសង់អគារនេះ»។ បើតាមប្រធានក្រុមហ៊ុន Yon Woo រូបនេះ អគារ Golden Tower ទាំងមូលនៃគម្រោង គឺរួមមានបន្ទប់ស្នាក់នៅចំនួន ៣៩៩ យូនីត ផ្សារទំនើប និងការិយាល័យ៕