Hot line: +855 (0)99 283 388
● You are in: Media > Detail News
វិស័យ​អចលនទ្រព្យ និង​ទេសចរណ៍​កម្ពុជា ​នឹង​ទទួល​ផល​ច្រើន​ពី​ការ​អភិវឌ្ឍ​តំបន់​កោះ
Date: 2017-11-25

ក្រុម​អ្នក​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​សុទ្ធ​តែ​បាន​សម្តែង​សុទិដ្ឋិ​និយម​ថា សក្តានុពល​នៃ​បណ្តា​កោះ​ជាច្រើន​នៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា នឹង​អាច​ធ្វើ​ឱ្យ​ទីផ្សារ​អចលនទ្រព្យ និង​វិស័យ​ទេសចរណ៍​របស់​ប្រទេស​នេះ​មាន​សម្ទុះ​កើន​ឡើង​លឿន ប្រសិន​បើ​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​អភិវឌ្ឍ​កោះ​ឱ្យ​មាន​ភាព​ទាក់ទាញ​។

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក គីម ហ៊ាង បាន មាន​ប្រសាសន៍​ឲ្យ​ដឹង​កាល​ពី​ពេល​​ថ្មីៗ​នេះ​ថា កម្ពុជា​គឺជា​ប្រទេសមួយ​ដែល​មាន​កោះ​ជាច្រើន​ស្ថិត​នៅ​ក្នុង​ដែន​សមុទ្រ​របស់​ខ្លួន​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​កោះ​ទាំងនោះ ហាក់​នៅ​មិន​ទាន់​មាន​​ការ​អភិវឌ្ឍ​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ ខណៈ​មាន​កោះ​មួយ​ចំនួន ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​អាជ្ញាប័ណ្ណ​ទៅឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​វិនិយោគ​រួចហើយ​។

លោក​បាន​បន្តថា បើទោះ​បីជា​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​ក៏​ដោយ ក៏​ក្រុមហ៊ុន​វិនិយោគ​មួយ​ចំនួន​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​បាន​បញ្ចេញ​ប្រាក់​ច្រើន ដើម្បី​អភិវឌ្ឍ​នៅ​លើ​កោះ​នោះ​ទេ ហើយ​ថែម​ទាំង​មាន​ម្ចាស់​ក្រុម​ហ៊ុន​​អភិវឌ្ឍន៍​កោះ​ខ្លះ បាន​លក់​បន្ត​ទៅ​ឱ្យ​ឈ្មួញ​ផ្សេង​ទៀត​ផង​។

លោក​មាន​ប្រសាសន៍​ថា​ ៖ «នៅ​ពេល​ដែល​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​កោះ​បញ្ចេញ​ទុន​ដើម្បី​អភិវឌ្ឍ​នោះ តំបន់​កោះ​នៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​នឹង​អាច​ទាក់​ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​ ចំណែក​សក្ដានុពល​ដី​នៅទី​នោះ​ក៏​នឹង​ឡើង​តម្លៃ​ច្រើន​ដែរ​»។

លោក​បន្តថា​ ៖ «​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​អាច​ចាប់​ផ្តើម​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅលើ​កោះ​ដើម្បី​ចាប់យក​តម្លៃ​ទីផ្សារ​អ​ចលន​ទ្រព្យ​ឡើង​ខ្ពស់ គឺ​បន្ទាប់ពី​មាន​ផ្លូវ​ថ្នល់ ស្ពាន និង​ការ​ធ្វើដំណើរ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន និង​មាន​ផាសុក​ភាពល្អ​» រវាង​រាជធានី​ភ្នំពេញ និង​ក្រុង​ព្រះសីហនុ ក៏​ដូច​ជា​បណ្តា​ខេត្ត​នៅ​តាម​​តំបន់​ឆ្នេរ​។

លោក​បាន​លើក​សំណូមពរ​ថា​ ៖ «​ប្រសិន​បើ​ក្រុមហ៊ុន​ទទួល​បាន​​សិទ្ធិ​វិនិយោគ​លើ​កោះ​ហើយ គេ​គួរតែ​ធ្វើការ​អភិវឌ្ឍ​ទៅលើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​មាន​ដូចជា កំពង់ផែ​តាម​កោះ​នី​មួ​យៗ ផ្លូវ​ថ្នល់ សណ្ឋាគារ ខុន​ដូ និង​មធ្យោបាយ​ធ្វើ​ដំណើរ​នាំ​ភ្ញៀវ​ដើរ​កម្សាន្ត​ជុំវិញ​កោះ​ជាដើម​»​។

លោក ច្រឹក សុខនីម នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century 21 Mekong បាន​និយាយ​ថា ការ​អភិវឌ្ឍ​ដែល​មាន​ផែន​ការ​ច្បាស់​លាស់ នឹង​នាំ​មក​នូវ​សក្តានុពល​ដល់​តំបន់ និង​មាន​ចំណាប់​អារម្មណ៍​ពី​ពាណិជ្ជករ​បរទេស ហើយ​នៅ​ពេល​អ្នក​វិនិយោគ​បរទេស​ចូល​មក​វិនិយោគ វា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​ផល​ចំណេញ​ច្រើន​។ គម្រោង​អភិវឌ្ឍន៍​នៅតាម​តំបន់​កោះ​តែង​តែ​ងាយ​ទទួល​ជោគ​ជ័យ ព្រោះ​ធម្មជាតិ​នៅ​តំបន់​កោះ​​របស់​ប្រទេស​កម្ពុជា គឺ​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ជា​ពិសេស​សម្រាប់​វិស័យ​ទេសចរណ៍​។

លោក វ៉ន ចាន់ថន នាយក​គ្រប់គ្រង​ក្រុមហ៊ុន ថោន ស៊ីធី មាន​ប្រសាសន៍​ថា ការ​វិនិយោគ​នៅ​តាម​បណ្តា​កោះធំៗ គឺ​ត្រូវ​ការ​ទុន​វិនិយោគ​ច្រើន​ណាស់​ទើប​គេ​អាច​ធ្វើ​ទៅ​បាន​។

រដ្ឋាភិបាល​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ទាំង​នោះ​គោរព​តាម​ស្តង់ដារ​បរិស្ថាន​ជាតិ និង​អន្តរជាតិ ព្រោះ ​«​ការឱ្យ​វិនិយោគ​នេះ​មិន​មែន​​ចេះ​តែ​ឱ្យ​ធ្វើ​ការវិនិយោគ​នោះ​ទេ​» គឺ​ត្រូវមាន​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់ បើ​​ពុំ​ដូច្នោះ​ទេ​វា​នឹង​ធ្វើ​ឱ្យ​ខូច​ដល់​បរិស្ថាន​នៅ​ក្នុង​តំបន់​កោះ​ជា​មិន​ខាន ដូច្នេះ​ទាមទារ​ឱ្យមាន​ការ​សិក្សា​ល្អិត​ល្អន់​​ណាស់​មុននឹង​ផ្តល់​​សិទ្ធិអភិ​វឌ្ឍន៍​ទៅឱ្យ​ក្រុមហ៊ុន​នីមួយៗ​ធ្វើ​ការ​វិនិយោគ​។

លោក​បាន​ថ្លែងថា​ ៖ «​ការ​អភិវឌ្ឍ​តំបន់​កោះ​វា​ជា​ចំណុច​វិជ្ជមាន​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​។ ប្រសិនបើ​ក្រុមហ៊ុន​ដែលមាន​សិទ្ធិ​វិនិយោគ​លើដី​​កោះ​នោះ​គួរតែ​សាងសង់​ស្ពាន ឬ​កំពង់​ផែ សម្រាប់​ធ្វើដំណើរ​ទៅមក​ឱ្យ​បាន​ល្អ​ប្រសិនបើ​អាចទៅរួច​បន្ត​គួរ​សាងសង់​ជា​រមណីយដ្ឋាន និង​កន្លែង​សម្រាកលម្ហែ​កាយ​បន្ថែម​ជា​បន្តបន្ទាប់​»​។

ប្រទេស​កម្ពុជា​មាន​កោះ​ចំនួន ៦៤ ​ក្នុង​នោះ​មាន​កោះ​ចំនួន​ ៥៤ ស្ថិត​នៅ​ក្នុង​ដែនទឹក​នៃ​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​។

ក្រៅពីនោះ​ស្ថិត​នៅក្នុង​ខេត្តកោះកុង ខេត្ត​កែប និងខេត្តកំពត ប៉ុន្តែ​រហូតមក​ដល់​ពេល​នេះ​កោះ​ចំនួន​ ២៨ ​ស្មើ​នឹង​ផ្ទៃដី​ទំហំ​ជាង ១៨ ​ម៉ឺន​ហិកតា ត្រូវ​បាន​រដ្ឋាភិបាល​ជួល​ទៅឱ្យ​ក្រុមហ៊ុន​ឯកជន ដើម្បី​ធ្វើការ​វិនិយោគ​ក្លាយ​ទៅជា​តំបន់​ទាក់ទាញ​ភ្ញៀវទេសចរ​ដ៏​ប្រណីត ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្តែង​គេ​ឃើញ​មាន​កោះ​ចំនួន​តិច​ប៉ុណ្ណោះ ដែល​បាន​ចាប់ផ្តើម​ការ​អភិ​វឌ្ឍ​​ជា​បណ្តើរៗ​ជា​​តំបន់​ទេសចរណ៍ ដូចជា កោះ​ពស់ កោះ​ដែក​គោល កោះ​សង្សារ កោះតាង និង​កោះរ៉ុង​ជាដើម​។

កាលពី​ចុង​ឆ្នាំ​២០១៥ កន្លង​មក​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​អ្នក​ឧកញ៉ា គិត ម៉េង បាន​បើក​ការ​​ដ្ឋាន​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ មួយ​ដែល​មាន​ឈ្មោះថា “Royal Sands” ស្ថិត​នៅ​លើ​កោះរ៉ុង ក្នុង​ខេត្ត​ព្រះសីហនុ​។ បន្ទាប់ពី​គម្រោង​សាង​សង់​បញ្ចប់​នា​ពេល​អនាគត​គេ​សង្ឃឹម​ថា នៅ​ទីនោះ នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​យ៉ាង​ច្រើន​។

ក្រុមហ៊ុន​រ៉ូយាល់​ គ្រុប ជា​ម្ចាស់​គម្រោង​វិនិយោគ​ជា​រមណីយដ្ឋាន​ប្រណីត “Royal Sands” នៅ​លើ​កោះរ៉ុង​នេះ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​៣០​លាន​ដុល្លារ​ដោយ​បាន​ចាប់​ផ្តើម​ការ​សាងសង់​កាលពី​ឆ្នាំ​ ២០១៥ នឹង​គ្រោង​នឹង​បញ្ចប់​គម្រោង​ទី​១ត្រឹម​ឆ្នាំ​ ២០១៦ រួច​ក៏​ពន្យារ​ដល់​ឆ្នាំ​ ២០១៧​​ នេះ​។

សូម​បញ្ជាក់​ថា អំឡុង​សប្តាហ៍​នេះ Post Property មិន​អាច​ទំនាក់​ទំនង​សុំ​ការ​អត្ថាធិប្បាយ​ពី​តំណាង​ក្រុម​ហ៊ុន​​នេះ​បាន​ទេ​៕

Source From: http://www.postkhmer.com
Share
Our Partners