Hot line: +855 (0)99 283 388
● You are in: Media > Detail News
ការ​ពង្រីក​ផ្លូវ​ជាតិ​លេខ​ ៣​ នឹង​ជួយ​ធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ​ នៅ​តំបន់​នោះ​កាន់​តែ​រីក​ចម្រើន
Date: 2017-11-25

រដ្ឋាភិបាល​កម្ពុជា​គ្រោង​ពង្រីក​ផ្លួវ​ជាតិ​លេខ​៣ ជា​បួន​គន្លង នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ដែល​ធ្វើ​ឲ្យ​អ្នក​ជំនាញ​អចលនទ្រព្យ​បាន​លើក​ឡើងថា ការពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ឋ​របស់​រដ្ឋាភិបាល​នឹង​មិនសូវ​ជួយ​ដល់​តម្លៃ​អចលន​ទ្រព្យ​នៅ​តំបន់​នេះ​ច្រើន​នោះ​ទេ​។

អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក នូ វឌ្ឈនៈ បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ចុង​សប្តាហ៍​មុន​ថា គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​ ៣ នឹង​អាច​ចាប់ផ្តើម​នៅមុន​ពេល​បោះឆ្នោត​ឆ្នាំ​ ២០១៨ ឬ​ក្រោយ​ពេល​បោះឆ្នោត ដោយ​គម្រោង​ពង្រីក​ផ្លូវ​នេះ​ទទួល​បាន​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន​។ ក្រុមហ៊ុន​ស្ពាន​ថ្នល់​របស់​ចិន​ជា​អ្នក​សាងសង់ ហើយ​ក្រុមហ៊ុន​វ៉ានអាន ជា​ទីប្រឹក្សា​បច្ចេកទេស ត្រួត​ពិនិត្យ​គុណភាព​ផ្លូវ​នេះ​។

លោក​បន្ត​ថា ផ្លូវ​ជាតិ​លេខ​៣ នឹង​ពង្រីក​ពីរ​គន្លង​ទៅមក​ពី​តំបន់​រង្វង់​មូល​ចោមចៅ ដល់​តំបន់​បែក​គូស​ដែល​ជា​តំបន់​ផ្លូវ​បំបែក​រវាង​ផ្លូវ​ឆ្ពោះ ទៅ​កាន់​ខេត្តកំពត និង​ខេត្ត​កែប ប៉ុន្តែ​ចាប់ពី​ចំណុច​បែក​គូស​ទៅ​កាន់​កំពត គឺ​ទំហំ​ផ្លូវ​មាន​តែ​ពីរ​គន្លង​(​ទៅមួយ​មក​មួយ​)​ប៉ុណ្ណោះ​។

លោក​បន្តថា​ ៖ «​បច្ចុប្បន្ន​ក្រុមហ៊ុន​សាងសង់​ផ្លូវ​នេះ​កំពុង​ស្ថិត​ក្នុង​ការ​សិក្សា​លម្អិត​មុន​ដាក់​ជូន​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សម្រេច​ជ្រើស​រើសយក​គំរូ​ណាមួយ​»​។

លោក​បន្ត​ថា​ ៖ «​ផ្លូវ​នេះ​អាច​មាន​សួន​កណ្តាល​ដូច​ផ្លូវជាតិ​លេខ​៦ ឬ​អត់ អាស្រ័យ​លើ​ថ្នាក់​ដឹក​នាំ និង​ការ​ឌីហ្សាញ​គម្រោង​នេះ​»​។

​ទោះ​ជា​យ៉ាង​ណា​លោក​មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​ពី​ទំហំ​នៃ​ការ​ចំណាយ​ថវិកា ដើម្បី​សាងសង់​ផ្លូវ​នេះ​នៅ​ឡើយ​ទេ​។

លោក នូ វឌ្ឍនៈ បាន​បន្ត​ថា ផ្លួវ​ពី​ចំណុច​រង្វង់​មូល​ចោមចៅ ទៅ​កាន់​តំបន់​បែក​គូស ស្ថិតក្នុង​ខេត្ត​តាកែវ មាន​ប្រវែង​៨២​គីឡូម៉ែត្រ​នៃ​ប្រវែង​ផ្លូវ​សរុប​១៣៥​គីឡូម៉ែត្រ​។

ក្រៅ​ពី​ពង្រីក​ផ្លូវជាតិ​លេខ​៣ រដ្ឋាភិបាល​ក៏មាន​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​២ ចេញ​ពី​ក្រុង​តាខ្មៅ ទៅ​កាន់​ខេត្ត​តាកែវ​ផងដែរ ដែល​គម្រោង​នេះ​ស្ថិត​ក្រោម​ជំនួយ​របស់​សាធារណរដ្ឋ​កូរ៉េ​។ ផ្លូវ​នេះ​កំពុងស្ថិត​ក្រោម​ការ​វាយ​តម្លៃ​ផលប៉ះពាល់ ទៅលើ​ប្រជា​ពលរដ្ឋ​រស់នៅ​តាម​សងខាង​ផ្លូវ​នោះ ពី​ក្រុម​មន្ត្រី​ជំនាញ​ពី​អន្តរ​ក្រសួង​។

អ្នក​នាង អាន សុធីតា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែង​ថា តាម​​ធម្មតា​ការពង្រីក​ផ្លូវ ឬ​ ហេដ្ឋា​រចនា​សម្ព័ន្ឋ​របស់​រដ្ឋាភិបាល​នានា តែងតែ​ជួយ​ដល់​វិស័យ​អចលនទ្រព្យ​នៅ​តាម​តំបន់​នោះ ប៉ុន្តែ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​​៣តម្លៃ​អចលនទ្រព្យ​នៅ​តាម​តំបន់​នេះ ​​បាន​ឡើង​ថ្លៃ​ខ្ពស់​រួច​ទៅ​ហើយ ហេតុ​នេះ​ការ​ពង្រីក​ផ្លូវ​នេះ​មិន​បាន​ជួយ​ឲ្យ​តម្លៃ​អចលន​ទ្រព្យ​កើន​ឡើង​ខ្លាំង​ទៀត​នោះ​ទេ​។

អ្នក​នាង​បន្តថា តម្លៃ​ដី​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ បើ​គិតពី​តំបន់​ចោមចៅ​ទៅ​ខាង​មុខ​ចម្ងាយ ៥​គីឡូម៉ែត្រ ដី​មាន​តម្លៃ​ចន្លោះ​ពី​ ១០០ ទៅ​ ៣០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ហើយ​បើ​គិត​ចម្ងាយ​ ៥​ គីឡូម៉ែត្រ​ទៅ​មុខ​ទៀត ដី​មាន​តម្លៃ​ចន្លោះ​ពី​ ១០០​ ទៅ​ ២០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ និង​ដី​កាន់​តែ​ឆ្ងាយ​ពី​ទីក្រុង​មាន​តម្លៃ​ចន្លោះ​ពី​ ៣០​ ទៅ​ ៥០ ​ដុល្លារ ឬ​ទាប​ជាង​នេះ​អាស្រ័យ​លើ​ទំហំ​ដី និង​កត្តា​សក្តានុពល​នៃ​ទីតាំង​នីមួយៗ​។ នេះ​គិតតែ​ដី​នៅ​ជាប់​ផ្លូវ​ជាតិ​ប៉ុណ្ណោះ​។

អ្នក​នាង ធីតា បាន​បន្ត​ទៀត​ថា​ ៖ «​បើ​គិតពី​សក្តានុពល​ផ្លូវជាតិ​លេខ​ ៣ និង​ផ្លូវជាតិ​លេខ​ ៤ គឺ​ផ្លូវ​ជាតិ​លេខ​ ៤ ជា​តំបន់​មាន​សក្តានុពល​ជាង ដោយ​សារ​ផ្លូវ​ជាតិ​​លេខ​៤ ជាទី​តាំង​សម្បូរ​តំបន់​រោងចក្រ​ឧស្សាហកម្ម​ច្រើន​ជាង និង​ជា​ផ្លូវ​សំខាន់​ឆ្ពោះ​ទៅ​កាន់​ច្រកទ្វារ​កំពង់ផែ​សមុទ្រ​ខេត្ត​ព្រះសីហនុ​។

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក គីម ហ៊ាង បាន​ថ្លែងថា សម្រាប់​ការ​យល់​ឃើញ​របស់​លោក រវាង​ផ្លូវ​ជាតិ​លេខ​៣ និង​ផ្លូវ​ជាតិ​លេខ​ ៤ មាន​សក្តានុពល​ម្យ៉ាង​ម្នាក់ ប៉ុន្តែ​បច្ចុប្បន្ន​ផ្លូវ​ជាតិ​លេខ​៤ និង​តំបន់​ប្រប​ផ្លូវ​ជាតិ​លេខ​៤ មាន​សក្តានុពល​ជាង និង​មាន​ការ​អភិវឌ្ឍ​លឿន​ជាង​។

លោក​​បន្តថា បើ​និយាយ​ពី​ការ​ពង្រីក​​ផ្លូវជាតិ​លេខ ៣ នៅពេល​រដ្ឋាភិបាល​ប្រកាស​ពង្រីក គឺជា​ពេល​ដែល​ដី​ឡើង​ថ្លៃ​ហើយ ហេតុ​នេះ​អ្នកមាន​ដី​លក់​គួរ​លក់​ឲ្យ​ហើយ ប៉ុន្តែ​បើ​រង់ចាំ​រហូត​ដល់​ផ្លូវ​ពង្រីក​រួច​តម្លៃ​ដី​បាន​ឈាន​ដល់​ដំណាក់កាល​ទ្រឹង​ទៅវិញ​ទេ​។

លោក​បន្ត​ថា​ ៖ «​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ពិបាក​បន្តិច បើ​ទិញ​យកមក​អភិវឌ្ឍ​ត្រូវ​​ចំណាយ​ច្រើន ព្រោះ​ដី​ទាប​ធៀប​នឹង​ផ្លូវថ្នល់ ដែល​អ្នក​វិនិយោគ​ត្រូវ​ចំណាយ​ច្រើន​ក្នុង​ការ​ចាក់ដី​បំពេញ​»​។

លោក​បន្តថា​ ៖ «​កន្លែង​ខ្លះ​ត្រូវ​ការ​ចាក់ដី​ពី១​ម៉ែត្រ​ទៅ​កម្ពស់​៣​ម៉ែត្រ ហេតុនេះ​ការ​ចំណាយ​លើ​ថ្លៃ​ចាក់​ដី​ក៏ត្រូវ​ចំណាយ​​ប្រាក់​អស់​ច្រើន​ផង​ដែរ​»​។

លោក គីម ហ៊ាង បាន​បន្តថា តំបន់​ស្រប​ផ្លូវ​ជាតិ​លេខ​៣ ស័ក្តិសម​សម្រាប់​តំបន់​ឧស្សាហកម្ម និង​លំនៅឋាន​តម្លៃ​មធ្យម និង​ក្រោម​មធ្យម​ទើប​អាច​លក់​បាន មិន​អាច​សាងសង់​លំនៅឋាន​ប្រណីត​បាន​នោះ​ទេ​៕

Source From: http://www.postkhmer.com
Share
Our Partners