Hot line: +855 (0)99 283 388
● You are in: Media > Detail News
ថ្ងៃ​នេះ​ ក្រុម​អ្នក​សាងសង់​ធ្វើ​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​រួម​ដោយ​ការ​តាំង​ពិព័រណ៍​ ៣​ថ្ងៃ
Date: 2017-11-30

នៅ​ថ្ងៃ​នេះ​ទី​៣០ ខែ​វិច្ឆិកា បន្ត​ដល់​ថ្ងៃទី​២ ខែធ្នូ​ខាង​មុខ​នេះ​សមាគម​អ្នក​សាងសង់​កម្ពុជា​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បើក​មហាសន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​លើក​ទី​៣ និង​ពិធី​តាំង​ពិព័រណ៍​ឧស្សាកម្ម​សំណង់​កម្ពុជា​ឆ្នាំ​២០១៧ នៅ​មជ្ឍមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ។

កម្មវិធី​នេះ​មាន​ការ​ចូលរួម​ក្រោម​គណៈអធិបតី​លោក ជា សុផារ៉ា ទេស​រដ្ឋ​មន្រី្ត រដ្ឋ​មន្រី្ត​ក្រសួង​រៀប​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ប្រធាន​សមាគម​អ្នក​សាងសង់​អាស៊ាន និង​អាស៊ី​បាស៊ីហ្វិក និង​បណ្តា​ក្រុមហ៊ុន​សំណង់​ជាតិ និង​អន្តរជាតិ​ចំនួន​១៦៨​ក្រុមហ៊ុន ដើម្បី​គាំទ្រ​ជា​កិតិ្តយស​ក្នុង​ការ​រៀបចំ​កម្មវិធី​។

លោក ស៊ីវ ផេង អ្នក​រៀបចំ​កម្មវិធី​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​ឆ្នាំ​២០១៧ និង​ជា​ជំនួយ​ការ​របស់​អ្នក​ឧញ៉ា ពុង ឃាវសែ ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា​នៃ​អណ្តិត​ទី៣ បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អចលនទ្រព្យ​ថា​ ៖ «​គោល​បំណង​នៃ​ការ​ប្រារព្ធ​កម្មវិធី​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ការ​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ដូច​ជា​វិស័យ​សំណង់​ដែល​មាន​អគារ​ខ្ពស់ៗ​កើន​ឡើង​ច្រើន និង​បង្ហាញ​ពី​ភាព​ស៊ី​វិល័យ​នៃ​ការ​ប្រើប្រាស់​សម្ភារ​បរិក្ខារ​សំណង់​ទំនើបៗ​ដូច​នៅ​ប្រទេស​ជឿនលឿន​ដទៃ​ទៀត​ដែរ​»​។

ដោយ​ទីផ្សារ​សំណង់​នៅ​ប្រទេស​កម្ពុជា​មាន​ភាព​ទូលំ​ទូលាយ លោក​បាន​ប្រាប់​ថា ការ​ដាក់​តាំង​ពិព័រណ៍​នេះ​ចង់​ផ្តល់​ឱកាស​ដល់​អ្នក​វិនិយោគ និង​អ្នក​អភិវឌ្ឍន៍​វិស័យ​សំណង់​បាន​ជួបជុំ​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​នៃ​ចំណុច​ខ្វះខាត​ដើម្បី​ពង្រីង​វិស័យ​មួយ​នេះ​។

លោក​បន្ត​ថា ដោយ​ការ​ប្រារព្ធ​កម្មវិធី​សន្និបាត​បូក​សរុប និង​ពិព័រណ៍​កាលពី​ឆ្នាំ​មុនៗ​មាន​ការ​គាំទ្រ​ប្រកប​ដោយ​ភាព​ជោគជ័យ ការ​ប្រារព្ធ​កម្មវិធី​ឆ្នាំ​ ២០១៧​ នេះ ធំ​ជាង​ឆ្នាំ​មុន​ដោយ​មាន​ក្រុមហ៊ុន​សំណង់​ចូលរួម​សរុប​ចំនួន​១៦៨​ក្រុមហ៊ុន ដែល​មាន​៣៦​ក្រុមហ៊ុន ជា​ក្រុមហ៊ុន​មក​ពី​បទេស សរុប​ទៅ​គឺមាន​ជិត ​៣០០​ ស្តង់​។

លោក​បាន​លើក​ឡើង​ថា​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​ក្នុង​រយៈពេល​១០​ខែ​ ប្រហែល​២៧​ភាគរយ បើ​ប្រៀប​ធៀប​ទៅ​នឹង ឆ្នាំ ២០១៦ ហើយ​មាន​ទឹក​ប្រាក់​សរុប ៦២៦៧​លាន​ដុល្លារ។

លោក​បណ្ឌិត តាន់ មុនីវណ្ណ តំណាង​អ្នក​ឧកញ៉ា ម៉ុង ឬទី្ធ អគ្គលេខាធិការ​សមាគម​អ្នក​សាង​សង់​កម្ពុជា បាន​ឲ្យ​ដឹង​ថា កម្មវិធី​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ធ្វើ​ការ​រាយការណ៍​ពី​ការ​វិវវឌ្ឍ​រីកចម្រើន​នៅ​ក្នុង​វិស័យ​នេះ​ដោយ​ប្រធាន​សមាគម​ថ្មី និង​ក្រុម​បឹក្សា​ភិបាល​ថ្មី​បន្ទាប់​ពី​ការ​បោះឆ្នោត​ជ្រើស​រើស​។

លោក​បន្តថា​ ៖ «​នេះ​គឺជា​កម្ម​វិធី​ល្អ​មួយ​ដែល​ផ្តល់​ឱកាស​ដល់​ក្រុមហ៊ុន​សំណង់​ចម្រុះ​ជាតិ និង​អន្តរជាតិ​ចូលរួម​ដាក់​តាំង​ពិព័រណ៍​ពី​គម្រោង និង​ផលិតផល​សំណង់ ហើយ​យើង​ចង់​ឲ្យ​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​នេះ​ចូលរួម​ឲ្យ​បាន​ច្រើន​ដើម្បី​ស្វែង​យល់​បន្ថែម​»៕

Source From: http://www.postkhmer.com
Share
Our Partners