Hot line: +855 (0)99 283 388
● You are in: Media > Detail News
គួរ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​វិនិយោគ​អចលនទ្រព្យ​ប្រភេទ​ខុន​ដូ
Date: 2017-12-03

បច្ចុប្បន្ន មាន​អ្នក​ចាប់អារម្មណ៍​វិនិយោគ​អចលនទ្រព្យ​ប្រភេទ​ខុន​ដូ ពួក​គេ​ម្នាក់​ៗ​មាន​វិធីសាស្ត្រ​ខុស​ៗ​គ្នា​ក្នុង​ការ​ជ្រើសរើស​ខុន​ដូ ដែល​ត្រូវការ​សម្រាប់​វិនិយោគ ។ ជា​ទូទៅ ពួក​គេ​នឹង​ជ្រើសរើស​ខុន​ដូ​ណា​គួរ​ឲ្យ​ចាប់អារម្មណ៍​, វិនិយោគ​ទៅ​តាម​ទីតាំង និង​លទ្ធភាព​បង្កើត​ប្រាក់​ចំណេញ ប៉ុន្តែ​មិនមែន​គ្រប់ការ​វិនិយោគ​ទាំងអស់​នឹង​ទទួល​បាន​ចំណេញ​ភ្លាម​ៗ​ទេ ។

ដូច្នេះ យើង​គួរតែ​សិក្សា​ពី​ឧបសគ្គ និង​អ្វី​ដែល​កើតឡើង​ក្នុង​ការ​វិនិយោគ​អចលនទ្រព្យ​ប្រភេទ​ខុន​ដូ​នេះ ដើម្បី​ត្រៀមខ្លួន​ក្នុង​ឋានៈ​ជា​វិនិយោគិន ។

១-​ខុន​ដូ​អាច​គ្មាន​មនុស្ស​ជួល​ភ្លាម​ៗ ៖
បើ​ជ្រើសរើស​វិនិយោគ​លើ​ខុន​ដូ និង​ជួល ត្រូវ​គិត​ជា​មុន​ថា អ្នក​នឹង​មិន​អាច​រក​អ្នក​មក​ជួល​បាន​ភ្លាម​ៗ​ទេ ។ ដូច្នេះ គួរតែ​ត្រៀម​ប្រាក់​ទុក​ជម្រះ យ៉ាង​ហោច​ណាស់​១​ឆ្នាំ ក្នុង​ការ​រង់ចាំ​អ្នក​ជួល ទើប​អ្នក​អាច​យក​ប្រាក់​ថ្លៃ​ឈ្នួល​ទៅ​បង្វិល​បង់​រំលស់​ខុន​ដូ​បាន ។

២-​មិន​ទទួល​ថ្លៃ​ឈ្នួល​តាម​គោលដៅ ៖
ទោះបីជា​អ្នក​នឹង​គណនា និង​ដាក់​តម្លៃ​ឈ្នួល​សម​ហេតុ​សម​ផល​សម្រាប់​បន្ទប់​ដែល​បាន​ទិញ​ទុក ប៉ុន្តែ​វា​អាច​ទៅ​រួច គឺ​អ្នក​អាច​មិន​បាន​ទទួល​ថ្លៃ​ឈ្នួល​តាម​ការ​រំពឹង​ទុក​ពី​អ្នក​ជួល ។ វា​ដោយសារ​ការ​ចរចា​តម្លៃ​របស់​ពួក​គេ​, អត្រា​ថ្លៃ​ឈ្នួល​បន្ទប់​នៅ​ជុំវិញ​ធ្លាក់​ចុះ និង​មាន​បញ្ហា​ក្នុង​ការ​បង់ថ្លៃ​ឈ្នួល​ខុសពេល​វេលា​ជាដើម ឬ​ហៅ​ងាយ​ៗ​ថា ត្រូវ​គេ​ប្រកែក ។ ហេតុនេះ អ្នក​ត្រូវ​ត្រៀម​ចិត្ត និង​ដោះស្រាយ​បញ្ហា​ទាំងនេះ​ផង​ដែរ ។

៣-​មិន​បាន​តុបតែង​បន្ទប់​ជា​មុន ៖
កុំ​គិត​ងាយ​ៗ​ថា នៅ​ពេល​ជួប​មនុស្ស​ចាប់ អារម្មណ៍​ជួល​បន្ទប់​របស់​អ្នក​ហើយ​នោះ គឺ​នឹង​នាំ​ទៅ​មើល​បន្ទប់​ស្រឡះ​ៗ ។ អ្នក​គួរតែ​ផ្តល់​ភាព​សំខាន់​ជាមួយ​ការ​រក្សា​សភាព​បន្ទប់ ដោយ​បញ្ជាក់​ជាមួយ​អ្នក​ជួល​ឲ្យ​ជួយ​គ្នា​ថែទាំ និង​ជួសជុល​កែ​លម្អ​ជា​និច្ច នៅ​ពេល​មាន​ការ​ផ្លាស់​ប្តូរ​អ្នក​ជួល ដើម្បី​រក្សា​សភាព​បន្ទប់​ឲ្យ​មើលទៅ​ល្អជា​ប្រចាំ ។

៤-​កុំ​សម្រេចចិត្ត​ទិញ ដោយ​គ្រាន់តែ​មិត្តភក្តិ​ប្រាប់ ៖
អ្នក​ត្រូវ​ត្រជាក់ចិត្ត ទោះបីជា​មានការ​ទទូច​ពី​មិត្តភក្តិ និង​ភ្នាក់ងារ​លក់​ថា ឲ្យ​ប្រញាប់​សម្រេចចិត្ត​ទិញ ព្រោះតែ​វា​ជាទី​តាំង​ល្អ​ណាស់ ឬ​ក៏​បបួល​ថា បើសិនជា​ទិញ​ទុក​នោះ យ៉ាងណា​ក៏​អាច​ជួល ឬ​លក់​បាន​ថ្លៃ​យ៉ាង​ពិតប្រាកដ ។

មុន​នឹង​សម្រេចចិត្ត អ្នក​គួរតែ​សិក្សា​ទិន្នន័យ​ឲ្យ​មាន​ទំនុកចិត្ត រួម​ទាំង​ប្រៀបធៀប​តម្លៃ​ជាមួយ​គម្រោង​ផ្សេង​ៗ​ផង​ដែរ ដើម្បី​ទទួលផល​ចំណេញ​ខ្ពស់​បំផុត ។ កុំ​ត្រចៀកស្រាល​ប្រញាប់ប្រញាល់​ទិញ​តាម​ពួក​គេ ។

៥-​កុំ​គិត​យូរ​ពេក ៖
បើ​អ្នក​ចាប់អារម្មណ៍​វិនិយោគ​ក្នុង​អចលនទ្រព្យ​ប្រភេទ​ខុន​ដូ និង​កំពុង​តែ​រារែក​ថា តើ​គួរតែ​វិនិយោគ​ល្អ​ឬទេ ? កុំ​គិត​យូរ​ខ្លាំង​ពេក ព្រោះ​នា​ពេល​អនាគត​មាន​និន្នាការ​ថា តម្លៃ​ខុន​ដូ​ក្នុង​ទីតាំង​ល្អ អាច​កើនឡើង​ខ្ពស់​ជា​រឿយ​ៗ រហូត​ដល់​មនុស្ស​ចាយ​ប្រាក់ខែ​ដូច​ជា​យើង​គ្មាន​លទ្ធភាព​ទិញ​ក៏​ថា​បាន ។

ការ​វិនិយោគ​ក្នុង​អចលនទ្រព្យ​ប្រភេទ​ខុន​ដូ​នេះ នៅ​ពេល​សម្រេចចិត្ត​ទិញ និង​ជួល គឺ​ប្រៀប​ដូច​ជា​អ្នក​បាន​ក្លាយជា​ម្ចាស់​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ដូច្នេះ​ដែរ ។

ចំណុច​មួយទៀត​ដែល​គួរ​ប្រុង​ប្រយ័ត្ន គឺ​ម្ចាស់​អចលនទ្រព្យ​ទាំងអស់​ត្រូវ​ដឹង​ថា អ្នក​ជួល​ខុន​ដូ ឬ​លំនៅ​ឋាន​របស់​យើង នៅ​ពេល​ពួក​គេ​បញ្ឈប់​កិច្ចសន្យាជួល ឬ​រើ​ចេញ​នោះ ពួក​គេ​បាន​បង់ថ្លៃ​ទឹក​-​ភ្លើង​រួចរាល់ ចៀសវាង​វា​ធ្លាក់​បន្ទុក​មក​លើ​យើង ៕

Source From: https://kohsantepheapdaily.com.kh
Share
Our Partners