Hot line: +855 (0)99 283 388
● You are in: Media > Detail News
Kingsland និង Shukaku ចុះ​កិច្ច​ព្រ​មព្រៀង​សហការ​ជាមួយ​គ្នា​នៅ​តំបន់ PPCC
Date: 2017-08-02

Kingsland Ventures ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន​ធំ Kingsland Global បាន​ចុះ​កុងត្រា​កិច្ច​ព្រម​ព្រៀង​មួយ​ ​ដើម្បី​ពង្រីក​សាខា​របស់​ខ្លួន​នៅ​តំបន់ Phnom Penh City Centre របស់​ក្រុមហ៊ុន Shukaku តាម​រយៈ​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ជំនួញ​ដែល​មាន​តម្លៃ​ ៧១​​ លាន​ដុល្លារ ដោយ​នឹង​គ្រោង​ធ្វើ​ការ​អភិវឌ្ឍ​បញ្ចប់​ក្នុង​រយៈពេល​ពី ៣-៤​ ឆ្នាំ​ខាង​មុខ​នេះ​។

កាលពី​ដើម​សប្តាហ៍​នេះ Kingsland បាន​ថ្លែង​ប្រាប់​ម្ចាស់​ភាគហ៊ុន​ដទៃ​ទៀត​ថា ខ្លួន​បាន​ចុះ​កុងត្រា​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Shukaku ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Urban Global ដែល​នឹង​បោះទុន​អភិវឌ្ឍន៍​គម្រោង​អចលនទ្រព្យ​មួយ​នៅ​លើ​ផ្ទៃដី​ប្រមាណ​១០០០០​ម៉ែត្រ​ការ៉េ ដែល​ពួក​គេ​ចាត់​ទុក​ថា ជា​មជ្ឈមណ្ឌល​ជំនួញ​កណ្តាល នៃ​ទីក្រុង​ថ្មី​មួយ​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ។

​កិច្ច​ព្រម​ព្រៀង​នេះ នឹង​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន Kingsland ចាប់​ផ្តើម​នូវ​គម្រោង​មួយ​ដែល​រួម​មាន «​អគារ​ការិយាល័យ​សម្រាប់​ជួល ភោជនីយដ្ឋាន សេវា​ធនាគារ មណ្ឌល​ថ្នាំ​ពេទ្យ សណ្ឋាគារ សាល​ប្រជុំ ហើយ​ក៏​ជា​មជ្ឈមណ្ឌល​បណ្តុំ​បច្ចេកវិទ្យា និង​ស្ថាប័ន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ហើយ​នឹង​ក្លាយ​ជា​តំបន់​មួយ​ត​ភ្ជាប់​រវាង​ក្រុមហ៊ុន​នីមួយៗ​ ដែល​នឹង​ងាយ​ស្រួល​ក្នុងការ​ទំនាក់​ទំនង​គ្នា​ខណៈ​ពេល​ដែល​ពួក​គេ​ទទួល​បាន​ឱកាស និង​ផលិតភាព​កាន់​តែ​ច្រើន​ផង​ដែរ​។

«​ក្រុមហ៊ុន Kingsland Global ជឿ​ជាក់​ថា គម្រោង​នេះ​នឹង​តំណាង​ឲ្យ​ជំហាន​មួយ​ទៀត​នៃ​​ដំណើរ​ឆ្ពោះ​ទៅ​មុខ​របស់​Kingsland Global ដែលជា​ក្រុមហ៊ុន​ប្រកប​ដោយ​គុណភាព និង​ការ​អភិវឌ្ឍ​គម្រោង​ដែល​មាន​តម្លៃ​បន្ថែម ព្រម​ទាំង​បន្ត​ពង្រឹង​វិស័យ​ជំនួញ​នៅ​កម្ពុជា ដោយ​ជួយ​បង្កើន​ឲ្យ​ធនធាន​មនុស្ស​ដែល​មាន​ទេពកោសល្យ​កើន​ឡើង​កាន់​តែ​ច្រើន​ផង​ដែរ​»​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​មូលបត្រ​អូស្ត្រាលី Australian Securities Exchange​។

ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ​ក្រុមហ៊ុន Urban Global នឹង​ទទួល​បាន​ប្លង់ដី​សម្រាប់​គម្រោង​ព្រម​ទាំង​​សិទ្ធិ​អនុញ្ញាត​ទាំង​អស់​ខណៈ Kingsland Ventures នឹង​ទទួល​បន្ទុក​សម្រាប់​ការ​គ្រប់គ្រង​គម្រោង​នេះ​។ Urban Global នឹង​កាន់​ភាគហ៊ុន​មួយ​ភាគ​ធំ​នៃ​គម្រោង​នេះ​ដែល​មាន​ចំនួន ៥១​ភាគរយ​។

ក្រុមហ៊ុន Kingsland Ventures នឹង​បែងចែក​ទឹក​ប្រាក់​វិនិយោគ​ជា​កញ្ចប់ៗ​សម្រាប់​ប្រើ​ប្រាស់​អភិវឌ្ឍ​រយៈពេល​៦​ឆ្នាំ​ទៅ​តាម​ផ្នែក​នីមួយៗ​នៃ​តម្រូវ​ការ​របស់ Kingsland និង​បន្ទាប់​មក​ទៀត​តាម​រយៈ​ការ​លក់​គម្រោង​មុន​ការ​សាងសង់​ត្រូវ​បាន​បញ្ចប់​។

ក្រុមហ៊ុន Kingsland មិន​បាន​បញ្ជាក់​ថា គម្រោង​នេះ​នឹង​ចាប់​ផ្តើម​សាងសង់​នៅ​ពេល​ណា​នោះ​ទេ ហើយ​ពុំ​ទាន់​ឆ្លើយតប​ទៅ​នឹង​សំណើ​មុន​ថ្ងៃ​កំណត់​នោះទេ​។

Kingsland Global ដែល​មាន​ជំនាញ​ខាង​ផ្នែក​អភិវឌ្ឍន៍​គម្រោង​ពាណិជ្ជកម្ម និង​បដិ​សណ្ឋារកិច្ច​នៅ​អាស៊ី បាន​និង​កំពុង​តែ​សកម្ម​ខ្លាំង​ឡើង​នៅ​ទីផ្សារ​ក្រុង​ភ្នំពេញ ដោយ​ទើបតែ​បាន​ចុះ​កុងត្រា​ទិញ​ភាគហ៊ុន​តម្លៃ​ ៣,៦០​ លាន​ដុល្លារ​សម្រាប់​ភាគ​ហ៊ុន​ ២៥​ ភាគរយ នៅ​សណ្ឋាគារ Lumiere នៅ​ទីក្រុង​ភ្នំពេញ​ពី​ក្រុមហ៊ុន​សិង្ហបុរី Vivaz Group Holdings Pte., Ltd.​។

គម្រោង​ផ្សេងៗ​ទៀត​របស់​ក្រុមហ៊ុន​នេះ​ក៏​រួមមាន​អគារ One18 Residences ដែល​ជា​អាផាត​មិន​កម្ពស់​២៤​ជាន់​ដ៏​ទំនើប​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​ផង​ដែរ​។

គម្រោង​ទីក្រុង Phnom Penh City Center ដ៏​ធំ​ដែល​ជា​គម្រោង​ចម្រុះ​មួយ​ផុស​ឡើង​នៅ​អតីត​តំបន់​បឹងកក់ នឹង​រួម​មាន​បន្ទប់​ដល់​ទៅ​៥៦០០០​យូនីត នឹង​​គ្រោង​នឹង​បញ្ចប់​នៅត្រឹម​ឆ្នាំ​២០៣៥​ខាង​មុខ​នេះ​៕

Source From: http://www.postkhmer.com
Share
Our Partners