Hot line: +855 (0)99 283 388
● You are in: Media > Detail News
មហាសេដ្ឋី លី យ៉ុងផាត់ និងមហាសេដ្ឋីថៃ ស៊ី.ភី.គ្រុប បើកសម្ពោធផ្សារទំនើបលក់បោះដុំទំនិញដ៏ធំជាងគេនៅកម្ពុជានៅ​ថ្ងៃទី១៧ ធ្នូនេះហើយ
Date: 2017-12-07

ដូចការគ្រោងទុកទៅតាមផែនការ នៅទីបំផុតផ្សារទំនើប Makro ដែលជាផ្សារបោះដុំទំនិញធំជាងគេរបស់ថៃ និងចាប់ផ្តើមបើកសម្ពោធ ដាក់ឲ្យដំណើរការអាជីវកម្មជាផ្លូវការនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៧នេះ ក្នុងប្រទេសកម្ពុជា ជាមួយនឹងការលក់ទំនិញរហូតដល់ ១ម៉ឺន៥ពាន់មុខ។

ផ្សារទំនើបលក់បោះដុំទំនិញដ៏ធំមួយនេះ ជាការបោះទុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) ដែលគ្រប់គ្រងដោយមហាសេដ្ឋី​​​ស្រុកខ្មែរ គឺអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលកាន់កាប់ភាគហ៊ុនចំនួន ៣០ភាគរយ និងក្រុមហ៊ុន ស៊ី.ភី. គ្រុប ដែលគ្រប់គ្រងកាន់កាប់ដោយមហាសេដ្ឋីលេខ១ របស់ប្រទេសថៃ គឺលោក ថានីន ជារ៉ាវ៉ានុន(Dhanin Chearavanont) ដែលកាន់កាប់ភាគហ៊ុនចំនួន ៧០ភាគរយ។

ផ្សារទំនើប Makroនេះ សាងសង់លើផ្ទៃដីប្រមាណជាង ៥ហិកតា ដែលមានកម្ពស់២ជាន់ នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងពោងពាយរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅក្បែរគ្នានឹង ផ្សារទំនើប AEON ទី២ របស់ជប៉ុនដែលកំពុងសាងសង់ផងដែរ។ ផ្សារម៉ាក្រូនៅកម្ពុជា គឺជាផ្សារទំនើបស្តុកលក់ទំនិញបោះដុំរាប់ពាន់មុខធំជាងគេបង្អស់របស់ថៃ។ ផ្សារម៉ាក្រូ នឹងដើរតួជាអ្នកផ្គត់ផ្គង់ផលិតផលម្ហូបអាហារដ៏ធំ និងសំខាន់ជាងគេមួយសម្រាប់វិស័យលក់រាយនៅកម្ពុជា។

Makro គឺជាក្រុមហ៊ុនមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស៊ី.ភី. គ្រុប ដែលជាក្រុមហ៊ុនកសិពាណិជ្ជកម្មធំជាងគេរបស់ថៃ ដូចគ្នាទៅនឹងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ដែលជាក្រុមហ៊ុនផលិតចំណីសត្វធំជាងគេនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនផ្សារទំនើប Makro បានជ្រើសរើសបុគ្គលិកធ្វើ រាប់រយនាក់ សម្រាប់បម្រើការងារនៅក្នុងផ្សារទំនើបលក់ទំនិញបោះដុំដ៏ធំមួយនេះ។

ជារៀងរាល់ឆ្នាំ ថៃបានធ្វើការជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា តាមរយៈការនាំចូលទំនិញជាច្រើនប្រភេទមកដាក់តាំងលក់នៅក្នុងពិព័រណ៍ពាណិជ្ជកម្មថៃនៅកម្ពុជា តាមការសង្កេតមើល ពលរដ្ឋខ្មែរមួយចំនួនតែងតែនិយមចូលចិត្តប្រើប្រាស់ផលិតផលថៃ ដោយបានអះអាងថា ផលិតផលថៃមានគុណភាពល្អ និងមានតម្លៃសមរម្យ។ កម្ពុជាគឺជាទីផ្សារសំខាន់សម្រាប់ការនាំចេញរបស់ថៃ។ ហើយកម្ពុជាមានតម្រូវការខ្ពស់លើទំនិញឧស្សាហកម្ម និងទំនិញមូលដ្ឋានផ្សេងទៀត៕

Source From: https://cambonomist.com
Share
Our Partners