Hot line: +855 (0)99 283 388
● You are in: Media > Detail News
ប៉េង ហួត បោះទុន​រហូត​ដល់​ ៦០ ​លាន​ដុល្លារ​ដើម្បី​បង្កើត​សួនកម្សាន្ត
Date: 2017-12-09

ជាមួយ​គោលដៅ​ប្រកប​ដោយ​មហិច្ឆតា និង​ធ្វើឲ្យ​បុរី​របស់​ខ្លួន​កាន់​តែ​មាន​ភាព​ទាក់ទាញ ក្រុមហ៊ុន​បុរី ប៉េង ហួត បាន​សម្រេច​បោះទុន​ ៦០ ​លាន​ដុល្លារ ដើម្បី​បង្កើត​សួន​កម្សាន្ត​លំដាប់​អន្តរជាតិ​មួយ​ស្ថិត​នៅ​ក្នុង​បុរី​របស់​ខ្លួន​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១​។

អគ្គនាយក​ក្រុមហ៊ុន​បុរី ប៉េង ហួត គ្រុប​លោក​ឧកញ៉ា ថៃ ម៉េងលី បាន​ឲ្យ​ដឹង​តាម​អ៊ីមែល​កាលពី​ដើម​សប្តាហ៍​នេះ​ថា​គម្រោង​អភិវឌ្ឍន៍​ជា​សួន​កម្សាន្ត​លំដាប់​អន្តរជាតិ​នេះ​ត្រូវ​បាន​អភិវឌ្ឍ​នៅ​លើ​ផ្ទៃ​ដី​ជិត​ ៨ ​ហិកតា​ជាមួយ​នឹង​អគារ​សាលប្រជុំ ឬ​សាល​សម្រាប់​រៀបចំ​អាពាហ៍ពិពាហ៍​។

សួន​កម្សាន្ត​នេះ​ត្រូវ​បាន​រចនា​ឡើង​តាម​បែប​អឺរ៉ុប​ដែល​មាន​សំណង់​អគារ​ពិសេស​ប្លែកៗ និង​លម្អរ​ទៅ​ដោយ​សួន​ដើមឈើ​ធំៗ​សង​ខាង​ទន្លេ​ដែល​អាច​ជិះទូក​បាន និង​មាន​ស្ពាន​ស្អាតៗ​ឆ្លង​ទន្លេ​ចំនួន​ ៣ ​តភ្ជាប់​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត​។

លោក​បាន​បន្ត​ថា​ចំពោះ​ការ​រៀបចំ​តំបន់​នេះ​ទៀត​សោត «​យើង​បាន​រៀបចំ​ជា​តំបន់​អឺរ៉ុប​ផ្សេងៗ​គ្នា​» ដូចជា​តំបន់​ទី ១ មាន​អគារ​រចនាប័ទ្ម​បែប​ប្រទេស​ស្កតឡែន និង​អាល្លឺម៉ង់​មជ្ឈិម​សម័យ​។

ចំណែក​តំបន់​ទី​ ២ មាន​អគារ​រចនាប័ទ្ម​បែប​ហូឡង់ និង​បារាំង​ជា​សម័យកាល​រស់​ឡើង​វិញ​នៃ​អរិយធម៌​រុងរឿង​។ តំបន់​ទី​ ៣ មាន​អគារ​រចនាប័ទ្ម​បែប​អ៊ីតាលី​នៃ​ទន្លេ​វេនីស និង​តំបន់​ផ្សេងៗ​ទៀត​។

អាគារ​នីមួយៗ​ស្ថិត​នៅ​ក្បែរ​មាត់​ទន្លេ​នេះ​នឹង​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ភោជនីយដ្ឋាន​សម្បូរបែប មាន​អាហារ​អឺរ៉ុប ចិន ជប៉ុន ខ្មែរ​។​ល​។ អ្នក​ទស្សនា​អាច​សម្រាក​លម្ហែ និង​ពិសា​អាហារ​ដ៏មាន​ឱជារស​គ្រប់​ប្រភេទ​បាន​នៅ​ទី​នេះ​។

លោក​ឧកញ៉ា ថៃ ម៉េងលី បាន​បន្ត​ថា៖ «​ដោយ​សារភាព​ច្នៃប្រឌិត​ខ្ពស់ និង​ធ្វើ​ឡើង​ដោយ​វិស្វករ និង​ស្ថាបត្យករ​ជាតិ និង អន្តរជាតិ​បាន​ធ្វើឲ្យ​គម្រោង​នេះ​ទទួល​បាន​ពាន​ចំនួន​ ២ គឺ​ពាន​រង្វាន់​ផ្នែក​ស្ថាបត្យកម្ម​ឌីហ្សាញ​សួន​លម្ហែ​ដែល​ល្អ​ជាង​គេ​លំដាប់​ផ្កាយ​ ៥ ​នៅ​ឆ្នាំ​ ២០១៦ ​និង​ពាន​រង្វាន់​ផ្នែក​អភិវឌ្ឍន៍​សួន​លម្ហែ​ដែល​ល្អ​ជាង​គេ​នៅ​កម្ពុជា​ប្រចាំ​ឆ្នាំ​ ២០១៧ ​ក្នុង​កម្មវិធី​ពាន​រង្វាន់​អចលនទ្រព្យ​អន្តរជាតិ​ដែល​មាន​ការិយាល័យ​នៅ​ប្រទេស​អង់គ្លេស​»​។

លោក​បន្ត​ថា៖ «​គម្រោង​នេះ​នឹង​បើក​ដំណើរការ​ស្វាគមន៏​អ្នក​ដែល​រស់នៅ​ក្នុង​បុរី​ប៉េងហួត និង​សាធារណជន​ទូទៅ​ដែល​ស្វែងរក​កន្លែង​សម្រាក​លម្ហែ និង​ញ៉ាំ​អាហារ​ប្រកប​ដោយ​ផាសុកភាព​»​។

លោក​ឧកញ៉ា​បន្ត​ថា៖ «​ក្រុមហ៊ុន​ចាប់​អារម្មណ៍​ក្នុង​ការ​វិនិយោគ​គម្រោង​នេះ​ឡើង​គឺ​ក្នុង​គោលបំណង​ផ្ដល់​ទីកន្លែង​ស្អាត​សម្រាប់​លម្ហែ​កម្សាន្ត ញ៉ាំ​អាហារ​ដល់​អ្នក​រស់នៅ​ក្នុង​បុរី​ប៉េងហួត និង​សាធារណជន​ទូទៅ និង​ជាពិសេស​គឺ​ដើម្បី​ចូលរួម​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​ដោយ​នាំ​មក​នូវ​គម្រោង​ថ្មី​ស្អាត​ដែល​មិន​ដែល​ធ្លាប់​មាន​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក​ជូន​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​» ​នៅ​ទី​នេះ​។

ចំពោះ​ការ​ចូលមក​ទស្សនា​ និង​កម្សាន្ត​ក្នុង​គម្រោង​នេះ​នឹង​មិន​តម្រូវ​ឲ្យ​មាន​ការ​ទិញ​សំបុត្រ​ទេ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោកស្រី ឆាយ ស៊ីវលីន បាន​ថ្លែង​ថា​ការ​វិនិយោគ​សួនកម្សាន្ត​បែប​នេះ​ជា​ការ​ល្អ​ព្រោះ​ «​យើង​អាច​ចាត់ទុក​វា​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​» និង​បង្កើត​ឲ្យ​មាន​ភាព​ទាក់ទាញ​បន្ថែម​សម្រាប់​រាជធានី​ភ្នំពេញ ដោយសារ​រាជធានី​ភ្នំពេញ​មិន​សូវ​មាន​រមណីយដ្ឋាន​កម្សាន្ត​ឡើយ​។

លោកស្រី​បាន​បន្ត​ថា៖ «​កន្លង​មក​វិស័យ​ឯកជន​ផ្នែក​ទេសចរណ៍​តែងតែ​អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ​វិនិយោគ​រមណីយដ្ឋាន​កែច្នៃ​បន្ថែម​ទៀត​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​»​។

អ្នកនាង Grace Rachny Fong នាយិកា​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Century21 Cambodia បាន​ថ្លែង​ថា​កាលពី​ពេល​ថ្មីៗ​នេះ​អ្នកនាង​បាន​នាំ​អ្នក​អភិវឌ្ឍន៍​មកពី​ប្រទេស​អូស្ត្រាលី​ចូល​មក​មើល​បុរី​នេះ​ហើយ​ពួកគេ​មាន​ការ​ភ្ញាក់ផ្អើល​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បាន​រៀបចំ​យ៉ាង​ល្អ​របស់​បុរី​ប៉េងហួត​។ ដូច្នេះ​នៅ​ពេល​ពួកគេ​វិនិយោគ​សួន​កម្សាន្ត​បន្ថែម​ក្នុង​បុរី​នេះ​នឹង​ធ្វើឲ្យ​បុរី​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ និង​ផ្តល់​ផាសុកភាព​ក្នុង​ការ​រស់នៅ​ដល់​អតិថិជន​ដែល​បាន​ទិញ​លំនៅឋាន​ក្នុង​គម្រោង​នេះ​។

អ្នកនាង​បន្ត​ថា​៖ «​ការ​វិនិយោគ​លើ​សួន​កម្សាន្ត​នេះ​ជា​យុទ្ធសាស្ត្រ​របស់​ម្ចាស់​បុរី​នេះ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ ហើយ​ពេល​អនាគត​ខ្ញុំ​ជឿ​ថា​តម្លៃ​លំនៅដ្ឋាន​ក្នុង​បុរី​នេះ​នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​»៕

Source From: http://www.postkhmer.com
Share
Our Partners