Hot line: +855 (0)99 283 388
● You are in: Media > Detail News
ខណ្ឌ​មានជ័យ ៖ បណ្តុំ​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​ធំៗ និង​ទីក្រុង​រណប
Date: 2018-01-09

គោល​ដៅ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ថ្នាក់ជាតិ និង​អន្តរជាតិ បាន​ចាប់​ផ្តើម​ជា​បន្តបន្ទាប់​នៅ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង គឺ​ស្ថិត​នៅ​ក្នុង​ខណ្ឌមានជ័យ ដែលជា​ខណ្ឌ​មួយ​មាន​ផ្ទៃដី​ធំ [​ប្រហែល​ ៤៣​ គីឡូម៉ែត្រ​ការ៉េ​]​ ក្នុង​ចំណោម​ខណ្ឌ​ទាំង ​១២ នៅក្នុង​រាជធានី​ភ្នំពេញ​។

លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ អចលនទ្រព្យ​ថា គម្រោង​ក្នុង​ឆ្នាំ​ ២០១៧ ដែល​សាលា​ខណ្ឌ​បាន​អភិវឌ្ឍ​នោះ គឺ​មាន​គម្រោង​ធ្វើ​ផ្លូវ និង​ការជួសជុល​ប្រព័ន្ធ​លូ​ចាស់​ថ្មី​នៅ​តាម​សង្កាត់​នីមួយៗ ដូចជា​សង្កាត់​ចាក់​អង្រែលើ ចាក់​អង្រែ​ក្រោម សង្កាត់​ស្ទឹងមានជ័យ​១, ២ និង​៣ ហើយ​គម្រោង​នោះ​ស្ថិតនៅក្នុង​កញ្ចប់​ថវិកា​របស់​សាលាខណ្ឌ​ផ្ទាល់​។

លើស​ពី​នេះ លោក​បន្តថា ៖ «​យើង​ក៏បាន​រៀបចំ​កែសម្រួល​ស្ថានីយ​បូមទឹក​សម្រាប់​ពីរ​ដំណាក់កាល​។ ទី​១ យើង​នឹង​បូម​បញ្ចេញ​ចេញពី​ស្ថានីយ​ចាស់​នៅ​សង្កាត់​បឹងត្របែក​ចូលមក​សង្កាត់​បឹងទំពុន ហើយ​ទី​២ យើង​នឹង​គ្រោង​រៀបចំ​ស្ថានីយ​បូមទឹក​ថ្មី​នៅ​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុនសែន (​ផ្លូវ​៦០​ម៉ែត្រ​)​នេះ​ដែរ​។

លោក​បន្ត​ថា ក្រៅ​ពី​ការ​អភិវឌ្ឍ​នៅ​ក្នុង​កញ្ចប់​ថវិកា​របស់​ខណ្ឌ គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​សិក្សា​លម្អិត​អំពី​គម្រោង​សាងសង់​ស្ពាន​អាកាស​ពីរ​ទៅ​បី​ខ្សែ​នៅ​ក្នុង​ខណ្ឌមានជ័យ​។ ទី​១​ គម្រោង​ស្ពាន​អាកាស​នៅ​ទីតាំង​លើផ្លូវ​៦០​ម៉ែត្រ ប្រសព្វ​ផ្លូវ​២៧១ និង​ផ្លូវ​ព្រះមុនីវង្ស និង​ទី​២ សួន​កាណាឌីយ៉ា ដែល​ប្រសព្វ​រវាង​ផ្លូវ​វ៉េងស្រេង ជាមួយ​នឹង​ផ្លូវ​ឧកញ៉ា ដួង ងៀប​។

លោក​បាន​បញ្ជាក់​ថា ៖ «​យើង​នឹង​ធ្វើ​ទាំង​ផ្លូវ​លើ​អាកាស និង​ក្រោម​ដី​ដើម្បី​រំដោះ​ការ​កកស្ទះ​ចរាចរណ៍​រវាង​ផ្លូវ​ប្រសព្វ និង​ចំណុច​ស្ពាន​អាកាស​ដែល​បាន​សាងសង់​មុនៗ​»​។

យោង​តាម​ការ​ជំរឿន​ថ្នាក់​ជាតិ ប្រជាជន​នៅ​ខណ្ឌមានជ័យ មាន​ប្រមាណ​ជាង​៣​សែន​នាក់ រស់នៅ​និង​ប្រកប​អាជីវកម្ម​នៅ​ទីនោះ​។

លោក កៅមុនី បាន​បន្ត​ថា ៖«​យើង​មិន​ទាន់​អាច​កំណត់​ថ្ងៃ​(​ចាប់​ផ្តើម​ការ​)​សាងសង់​ច្បាស់​លាស់​នៅ​ឡើយ​ដោយ​សារ​តាម​ការ​សិក្សា​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​តំបន់​គម្រោង​ស្ពាន​អាកាស​ផ្លូវ ៦០​ ម៉ែត្រ ប៉ុន្តែ​យើង​នៅតែ​រក​វិធី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា​»​។

យ៉ាង​ណា​មិញ លោក​បាន​បង្ហើប​ថា ៖ «​យើង​នឹង​ចាប់​ផ្តើម​ការដ្ឋាន​ស្ពាន​អាកាស​នៅលើ​ផ្លូវ​ ៦០​ ម៉ែត្រ​នៅ​អំឡុង​ខែ មេសា ​ឆ្នាំ​ ២០១៨ បន្ទាប់​ពី​ការ​សិក្សា​ពី​ផល​ប៉ះពាល់​នៅ​ទីតាំង​នីមួយៗ​នោះ​រួច​»​។

លោក​បន្ត​ថា ៖ «​វា​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​សិក្សា​ដោយ​សារ​កន្លង​មក​យើង​សង្កេត​ឃើញ​ថា មាន​ការ​ប៉ះពាល់​ប្រព័ន្ធ​ទឹក​ស្អាត​ក្រោម​ដី​នៅ​ទូទាំង​រាជធានី ​(​មួយ​ភាគ​ធំ​នៅ​ផ្នែក​ខាង​ត្បូង រហូត​ទៅដល់​ក្រុង​តាខ្មៅ​)»​។

តាម​បទពិសោធ​នៃ​ការ​ធ្វើ​ស្ពាន​អាកាស​កន្លង​មក ស្ពាន​អាកាស​ស្ទឹង​មានជ័យ គឺជា​ស្ពាន​ដែលមាន​ស្តង់ដារ និង​ត្រឹម​ត្រូវ​តាម​បច្ចេកទេស​។ លោក​បាន​បន្ថែម​ថា ៖ «​ឥឡូវនេះ​តាម​ការពិភាក្សា យើង​មាន​៥​ជម្រើស​ក្នុង​ការ​សាងសង់​ស្ពាន​អាកាស​លើ​ផ្លូវ ៦០​ម៉ែត្រ​នេះ​ប៉ុន្តែ​(​ប្រហែល​)​ភាគ​ច្រើន​មាន​រូបរាង​ដូច​ស្ពាន​អាកាស​ស្ទឹងមានជ័យ​»​។

ស្រប​ពេល​ដែល​មាន​ការ​អភិវឌ្ឍ​តំបន់​ទីក្រុង​រណប​នៅ​តំបន់​នោះ សាលា​ខណ្ឌ​មានជ័យ បាន​ព្យាយាម​ដោះស្រាយ​ប្រព័ន្ធ​លូ​ដើម្បី​រំដោះ​ផ្លូវ​ទឹក និង​បំពេញ​លក្ខខណ្ឌ​តម្រូវការ​របស់​ប្រជាជន​ដែល​រស់នៅ​ក្នុង​រាជធានី និង​កំណើន​នៃ​ការ​សាងសង់​កំពុង​បន្ត​ការ​កើន​ឡើង​។ បន្ទាប់ពី​គម្រោង​នេះ​បាន​ពិភាក្សា​ជា​បន្ត​បន្ទាប់ ខណ្ឌ​ក៏បាន​សុំ​ឲ្យ​មាន​ការ​ពន្យារ​សំណង់​ខ្ពស់ៗ​មួយ​ចំនួន ដែល​អាច​នឹង​ប៉ះ​ដល់​គម្រោង​ស្ពាន​អាកាស​ផងដែរ​។

ចំពោះ​អគារ​ខ្ពស់ៗ និង​សំណង់​បុរី ដែល​មាន​ស្តង់ដារ​មាន​គម្រោង​ច្រើន​ដែល​រដ្ឋ​បាន​ប្រគល់​សិទ្ធិ​ទៅ​ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ចម្រុះ​នៅ​តំបន់​ ៦០ ​ម៉ែត្រ​នេះ​។ ការ​អភិវឌ្ឍ​ទីក្រុង​រណប​ភាគ​ខាង​ត្បូង​នេះ នឹង​ដំណើរការ​ឆាប់ៗ​បន្ទាប់​ពី​ការ​ចាក់​ដី​បំពេញ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​សាងសង់​។

នៅ​ក្នុង​ខណ្ឌមានជ័យ មាន​គម្រោង​ផ្លូវ និង​គម្រោង​លូ​ទាំងអស់​មាន ៦២​ខ្សែ ក្នុង​នោះ​ផ្លូវ​តូច​ជាងគេ​មាន​ទំហំ​យ៉ាង​ហោច​ណាស់​ក៏​ទទឹង​២០​ម៉ែត្រ​ដែរ និង​មាន​គម្រោង​ខ្លះ​ក៏​ជា​សំណង់​របស់​ក្រសួង​មួយ​ចំនួន​នៅ​ក្នុង​តំបន់​នេះដែរ​។ លោក​អភិបាល​ខណ្ឌ​រូប​នេះ​បាន​ប្រាប់ថា ៖ «(​នឹង​មាន​)​ផ្សារ​ទំនើប​មួយ​ចំនួន​មាន​ពី​ក្រុមហ៊ុន​ចិន និង​ជប៉ុន នឹង​មាន​នៅ​តំបន់​នេះ ហើយ​យើង​គាំទ្រ​ឲ្យ​មាន​ផ្សារ​ទំនើប​នៅ​ទីនេះ​»​។

តាម​ប្រសាសន៍​របស់​លោក ម៉េត មាស​ភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា ៖ «​សាលា​រាជធានី​ភ្នំពេញ​កំពុង​សិក្សា​ពី​ការ​សាងសង់​ទាំង​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី ដោយ​សារ​តែ​បញ្ហា​កកស្ទះ​ចរាចរណ៍​បើ​ទោះ​បី​ជា​មាន​វត្ត​មាន​នៃ​ស្ពាន​អាកាស​នៅក្នុង​រាជធានី ដែល​បាន​សាងសង់​ពីមុនៗ​បាន​រំដោះ​ចរាចរណ៍​មួយ​ចំនួន​ក៏ដោយ​»​។

លោក​បន្តថា សាលា​រាជធានី បាន​មើល​ឃើញ​ពី​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស្រប​ពេល​ដែល​មាន​កំណើន​យាន​យន្ត​ច្រើន​ជា​ពិសេស​នៅ​ប្រសព្វ​ផ្លូវ​ ២៧១ ជាមួយ​នឹង​មហាវិថី​ព្រះមុនីវង្ស និង​ផ្លូវ​៦០​ម៉ែត្រ ទើប​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ មាន​គម្រោង​ក្នុង​ការ​កែសម្រួល​ប្រព័ន្ធ​ចរាចរណ៍ ដោយ​សង់ស្ពាន​អាកាស​ក៏​ដូច​ផ្លូវ​ក្រោម​ដី ដោយ​កំពុង​ស្ថិត​ក្នុងការ​សិក្សា​លម្អិត​របស់​ក្រុម​បច្ចេកទេស​។

លោក មាស​ភក្តី បន្ថែម​ថា ៖ «​គម្រោង​សាងសង់​ស្ពាន​អាកាស​នៅ​ក្នុង​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ប្រាកដ​ណាស់​នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ និង​ចំណុច​រង្វង់​មូល​ចោមចៅ ប្រសព្វ​ផ្លូវ​ជាតិ​លេខ​៣ ប៉ុន្តែ​យើង​មិនទាន់​ដឹង​ពី​ពេល​វេលា​ចាប់​ផ្តើម​ការ​សាងសង់​នៅ​ឡើយ​ដោយ​អាស្រ័យ​ទៅ​លើ​ការ​សិក្សា​របស់​អ្នក​ជំនាញ​»​។

បើ​យោង​តាម​ប្រសាសន៍​របស់​ស្ថាបនិក និង​ជា​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Key Real Estate លោក សន សៀប បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ខណ្ឌ​ទាំង​អស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខណ្ឌ​មួយ​ចំនួន​មាន​កន្លែង​អភិវឌ្ឍ​រួច និង​មិន​ទាន់​អាច​អភិវឌ្ឍ​រួច ហើយ​ការ​អភិវឌ្ឍ​មាន​ភាព​ទាក់ទាញ​ផ្សេងៗ​គ្នា​។ ឧទាហរណ៍​ដូចជា​ខណ្ឌមានជ័យ ត្រង់​ចំណុច​ផ្លូវ​ ៦០ ​ម៉ែត្រ មាន​ដី​ធំៗ​នៅ​សល់​ហើយ​តម្លៃ​របស់​ដី​ក៏​ថ្លៃ​ដែរ​ដោយ​សារ​អ្នក​វិនិយោគ​ធំៗ​បាន​ចាប់​អារម្មណ៍​ទីនោះ​។

លោក​បន្តថា កាលណា​ដែល​មាន​អ្នក​វិនិយោគ​ទៅដល់ តម្លៃ​អចលនទ្រព្យ​បាន​កើន​ខ្ពស់​ពីព្រោះ​វា​ខុសពី​ការ​រៀបចំ​អភិវឌ្ឍ​ផ្ទាល់ខ្លួន​ពី​ប្រជាជន​។ តំបន់​ផ្លូវ ៦០​ម៉ែត្រ នឹង​ក្លាយទៅជា​ផ្នែក​សំខាន់​មួយ​នៃ​ទីក្រុង នៅ​ថ្ងៃ​អនាគត​ខាងមុខនេះ​ដោយមាន​សេវា​ចម្រុះ​ដូច​ជា​បុរី សាលារៀន ផ្សារ ប្រព័ន្ធ​លូ ផ្លូវធំៗ ភ្លើង​។

លើស​ពី​នេះ​លោក​បន្ត​ថា ៖ «​តម្លៃ​ដី​មធ្យម​នៅ​តំបន់​៦០​ម៉ែត្រ ចាប់ពី​ ៣០០ ​ទៅ ៥០០​ ដុល្លារ និង​តម្លៃ​ខ្ពស់​ពី​ ១០០០ ទៅ​ ១៥០០​ ដុល្លារ ដែល​បាន​ឡើងថ្លៃ​ ចាប់​តាំង​ពី​ពេល​មាន​ផ្លូវ​នេះ​»​។

ការ​រៀបចំ​សោភ័ណភាព​ទីក្រុង បាន​ចាប់​ផ្តើម​មាន​សក្កានុពល​នៅ​ខណ្ឌ​ដែល​នៅ​ជាយ​រាជធានី​។

លោក​បន្ថែម ៖ «​តាម​ការ​អង្កេត​របស់​ខ្ញុំ​ការ​អភិវឌ្ឍ​បាន​ចេញ​ពី​ចំណុច​កណ្តាល​ទៅ​ជាយក្រុង​ដូចជា​ខណ្ឌ​ជ្រោយ​ចង្វារ ខណ្ឌ​សែន​សុខ ខណ្ឌមានជ័យ និង​តាម​ផ្លូវជាតិ​លេខ​១, ២, ៣ និង​៤» ជាដើម​៕

Source From: http://www.postkhmer.com
Share
Our Partners