Hot line: +855 (0)99 283 388
● You are in: Media > Detail News
Sea Gate Suite ​តម្លៃ​វិនិយោគ​ ២០០ ​លាន​ដុល្លារ​ ចាប់​ផ្តើម​ប្រកាស​លក់​ខុនដូ ​ជាមួយ​ស្ថាន​ភាព​ទីផ្សារ​ល្អ
Date: 2017-12-15

ខុនដូ​ប្រណីត​ Sea Gate Suite ​ដែល​គ្រោង​បោះទុន​វិនិយោគ​ ២០០​ លាន​ដុល្លារ​អាមេរិក​បាន​ចាប់ផ្តើម​ប្រកា​សលក់ ជាមួយនឹង​ស្ថានភាព​ទីផ្សារ​នៅក្នុង​វិស័យ​នេះ​ដោយ​មាន​ភាព​អំណោយផល សម្រាប់​អ្នក​វិនិយោគ​ដែល​កំពុង​មាន​ការចាប់​អារម្មណ៍​ខ្លាំង​នឹង​លំនៅឋាន​បែប​សហកម្ម​សិ​ទ្ធិ​បែប​នេះ​នៅ​តំបន់​ឆ្នេរ​កម្ពុជា​។​

លោក​ឧកញ៉ា ​​ចេង ខេង ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុម​ហ៊ុន​អចលនទ្រព្យ​ Hutton CPL​ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ចន្ទ​​ថា ស្របពេល ​ទីផ្សារ​ខុន​ដូ​មាន​តម្រូវ​ការ​ល្អ​ប្រសើរ​ការ​លក់​ខុន​ដូ​ ក្នុង​គម្រោង​ Sea Gate Suite​ បាន​និង​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​អតិថិជន​ទាំង​​អតិថិជន​ក្នុង​ស្រុក​និង​ជន​បរទេស​។ គម្រោង​នេះ​បាន​និង​កំពុង​ចាប់​ផ្តើម​សាងសង់ និង​ប្រកាស​លក់​ កាលពី​សប្តាហ៍​មុន ​ដោយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​។​

លោក​បន្ត​ថា Sea Gate Suite​ ជា​គម្រោង​ខុន​ដូ​នេះ​មាន​កម្ពស់​រហូត​ដល់​ ៤៣ ​ជាន់ ស្ថិត​នៅ​តាម​បណ្តោយ​ឆ្នេរ​ជ័យជំនះ ជា​តំបន់​ផ្លូវ​ប្រសព្វ ដែល​ជា​ទីតាំង​អាច​គយគន់​ទេសភាព​សមុទ្រ បាន​យ៉ាង​រមនា​។

លោក​បន្ត​ថា​ ៖ «​ខេត្ត​ព្រះសីហនុ ជាទី​តាំង​មាន​សក្តានុពល​សម្រាប់​វិនិយោគ​ស្រប​ពេល​អ្នក​វិនិយោគ​អន្តរជាតិ ពិសេស​អ្នក​វិនិយោគ​ចិន​ចូល​ទៅ​កាន់​តែ​ច្រើន ហើយ​អ្វី​កាន់​ពិសេស​ គឺ​លក្ខខណ្ឌ​បង់​ប្រាក់​មាន​ភាព​អំណោយ​ផល»។

លោក​បន្ត​ថា ​៖ «​ស្រប​ពេល​ដែល​តម្លៃ​ស្នាក់​នៅតាម​សណ្ឋាគារ​ឡើង​ថ្លៃ បន្ទប់​សណ្ឋាគារ​កំពុង​ខ្វះខាត ការ​វិនិយោគ​ខុនដូ​សម្រាប់​ជួល​ពិត​ជា​ល្អ​ប្រសើរ ដោយ​អ្នក​ទិញ​ហើយ​អាច​ជួល​ត្រឡប់​ទទួល​បាន ៨​ភាគរយ​នៃ​ទុនវិនិយោគ​របស់​ពួក​គេ​»​។

ខុនដូ Sea Gate Suite​ បាន​ចាប់​ផ្តើម​ជាមួយ​តម្លៃ​ចាប់ពី​ ៧​ ម៉ឺន​ដុល្លារ​ឡើង​ទៅ និង​តម្លៃ​ខ្ពស់​ជាង​នេះ​អាស្រ័យ​លើ​ទំហំ​បន្ទប់ និង​ជាន់​នីមួយៗ​។ អ្នក​ទិញ​តម្រូវ​ឲ្យ​បង់​ប្រាក់​ត្រឹម​១​ភាគរយ​សម្រាប់ ឆ្នាំ​ទី​ ១ បង់​ ២ ​ភាគរយ​ សម្រាប់​ឆ្នាំ​ទី ​២ និង​ ៣ ​ភាគរយ​សម្រាប់​ឆ្នាំ​ទី​ ៣​។

លោក​ឧកញ៉ា​ ចេង ខេង​ បាន​បន្ត​ថា អតិថិជន​ជាវ​ខុន​ដូ​នេះ​នឹង​ទទួល​បាន​ការ​ផ្តល់​ជូន​នូវ​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​មួយ​ឈុត​ហើយ​លំនៅឋាន​របស់​ពួក​គេ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ Smart Home ដែល​អាច​បញ្ជា​បិទ​បើក​ប្រព័ន្ធ​អគ្គិសនី​ដោយ​ប្រើប្រាស់​ត្រឹម​ទូរស័ព្ទ​ដៃ និង​ការ​បញ្ជា​ពី​ចម្ងាយ​។

បច្ចុប្បន្ន​ នៅ​ខេត្ត​ព្រះសីហនុ​ មាន​គម្រោង​ខុនដូ​ជាច្រើន​កំពុង​សាងសង់​ដូចជា​ គម្រោង​ Blue Bay, Sunshine Bay, DSeaview​ និង Royal Bay​ ជាដើម​។

អ្នក​នាង​អាន សុធីតា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន ​CBRE Cambodia​ បាន​ថ្លែង​ថា ទីផ្សារ​ខុនដូ​នៅ​ខេត្ត​ ព្រះសីហនុ ដែល​រំពឹង​ដាក់​ចូល​ទីផ្សារ​ឆ្នាំ​នេះ មាន​ប្រមាណ ​៨០០ ​យូនីត ខណៈ​គម្រោង​ភាគ​ច្រើន​កំពុង​សាងសង់ នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​អ្នក​វិនិយោគ​នានា​។​អ្នក​នាង​បន្ត​ថា ចំនួន​ខុនដូ​នៅ​ខេត្ត​ព្រះសីហនុ​នៅ​មាន​កម្រិត​នៅ​ឡើយ ខណៈ​អ្នក​វិនិយោគ​ជាច្រើន​កំពុង​តម្រង់​គោលដៅ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​នេះ​ដែល​ធ្វើ​ឲ្យ​មាន​តម្រូវការ​លំនៅឋាន​កើន​ឡើង​យ៉ាង​ប្រសើរ​។

អ្នក​នាង​បន្ត​ថា ​៖ «​ទោះ​ជា​យ៉ាង​ណា​អ្នក​ខេត្ត​ព្រះសីហនុ មិន​ទាន់​យល់​និង​ចាប់​អារម្មណ៍​វិនិយោគ​លើ​ខុនដូ​ទេ អ្នក​វិនិយោគ​ភាគ​ច្រើនៗ​តែ​អ្នក​ទៅ​ពី​ចម្ងាយ និង​ជន​បរទេស​»​។​

អ្នក​នាង​បន្ត​ថា​ ៖ «​តម្លៃ​ខុន​ដូ​នៅ​ទីនោះ​គិត​ជា​​មធ្យម ​មាន​តម្លៃ​ចន្លោះ​ពី ១០០០​ ទៅ​ ១៨០០ ​ដុល្លារ​ក្នុង​មួយ​​ម៉ែត្រ​ការ៉េ ជា​តម្លៃ​ដែល​ខ្ញុំ​គិត​ថា​មាន​ភាព​សមរម្យ​សម្រាប់​ស្ថានភាព និង​ លក្ខ​ខណ្ឌ​សេដ្ឋកិច្ច​របស់​ខេត្ត​នេះ​»​។

ទោះ​ជា​យ៉ាង​ណា​លោក ​ឡឹប សាលី​ ប្រធាន​ផ្នែក​លក់​នៃ​គម្រោង​ខុនដូ Ocean City Condo Minium ខេត្ត​ព្រះសីហនុ​ បាន​ថ្លែង​ថា ស្ថាន​ភាព​ទីផ្សារ​ខុន​ដូ​បច្ចុប្បន្ន​មិន​សូវ​មាន​ភាព​ល្អ​ប្រសើរ​ នោះ​ទេ ចាប់​តាំង​ពី​កំដៅ​នយោបាយ​បាន​កើន​ឡើង និង​ការ​ប្រកួត​ប្រជែង​កាន់​តែ​មាន​ភាព​តាន​តឹង​នៅ​ក្នុង​ទីផ្សារ​ខុនដូ​និង​ដីធ្លី​នៅ​ក្នុង​ខេត្ត​នេះ​កើន​ឡើង​ខ្ពស់​។

លោក​បន្ត​ថា​ ៖ «​ដោយ​សារ​តម្លៃ​ដីធ្លី​បាន​កើនឡើង​យ៉ាង​ខ្ពស់ បានធ្វើ​ឲ្យ​អតិថិជន​មួយ​ចំនួន​ងាក​ទៅ​វិនិយោគ​លើដី​ធ្លី ព្រោះ​មាន​ផល​ចំណេញ​ច្រើន​ជាង​ការ​វិនិយោគ​លើ​ខុនដូ​»៕

Source From: http://www.postkhmer.com
Share
Our Partners