Hot line: +855 (0)99 283 388
● You are in: Media > Detail News
អត្រា​លក់​អចលនទ្រព្យ​នៅ ​បង់ក្លាដែស ​បង្ហាញ​ភាព​វិជ្ជមាន
Date: 2017-12-28

អ្នក​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​មាន​ការ​ទស្សន៍​ទាយ​ថា ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​បង់ក្លាដែស​នឹង​រីកចម្រើន​ក្នុង​ឆ្នាំ​២០១៨ ដោយ​អត្រា​នៃ​ការ​លក់​ចាប់​ផ្តើម​បង្ហាញ​ភាព​វិជ្ជមាន​ក្នុង​ឆ្នាំ​នេះ ដោយ​អត្រា​ការ​ប្រាក់​របស់​ធនាគារ​នានា​បាន​បន្ទាប​មក​ត្រឹម​ខ្ទង់រាយ​។

ភាព​ស្ងប់ស្ងាត់​នៃ​ជម្លោះ​នយោបាយ កំណើន​នៃ​ទីផ្សារ​មូលបត្រ និង​កង្វះ​ខាត​ការ​វិនិយោគ​ធំៗ​ក៏​បាន​ជួយ​ដល់​ការ​លក់​ក្នុង​ឆ្នាំ​២០១៧​ផង​ដែរ​ដែល​ធ្វើ​ឲ្យ​អចលនទ្រព្យ​នៅ Gulshan និង Baridhara ក្នុង​រដ្ឋធានី​ប្រទេស​នេះ​មាន​តម្លៃ​កើន​ឡើង​។

លោក Toufiq M Seraj នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Sheltech ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​នាំ​មុខ​គេ​មួយ​នៅ​​ប្រទេស​បង់ក្លាដេស បាន​មាន​ប្រសាសន៍​ថា​ ៖ «​ខ្ញុំ​គិត​ថា​វិស័យ​អចលនទ្រព្យ​នឹង​រីក​ចម្រើន​ខ្លាំង​នៅ​ឆ្នាំ​ក្រោយ​នេះ​»​។

លោក Seraj ដែល​ជា​អ្នក​តាម​ដាន​ទីផ្សារ​អចលនទ្រព្យ​យ៉ាង​ដិត​ដល់​បាន​ថ្លែង​ថា វិស័យ​នេះ​ចាប់​ផ្តើម​ងើប​ឡើង​ពី​ខែ​កក្កដា បើទោះជា​កំណើន​នេះ​មាន​លក្ខណៈ​​យឺត​ក៏ដោយ​។

ខណៈ​ដែល​មិន​ទាន់​មាន​ទិន្នន័យ​ជាក់​លាក់​អំពី​តួលេខ​នៃ​ការ​លក់​ផ្ទះ ដីធ្លី​ ក្នុង​តំបន់​ពាណិជ្ជកម្ម និង​ដីធ្លី​ផ្សេងៗ​ក្នុង​ឆ្នាំ​ខាង​មុខ​ក្តី សមាគម Real Estate & Housing Association of Bangladesh បាន​ថ្លែងថា វិស័យ​នេះ​បាន​កើន​ពី៥ ​ទៅ​៧​ ភាគរយ ក្នុង​ឆ្នាំ​២០១៧ ដែល​នេះ​​ជា​សញ្ញា​វិជ្ជមាន​មួយ​បន្ទាប់​ពី​មាន​ការ​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ក្តី​។

លោក Seraj ថ្លែង​ ៖ «​ឆ្នាំ​២០១៧ មាន​ភាព​ល្អ​ប្រសើរ​ច្រើន​ជាង​ឆ្នាំ​២០១៦ និង​២០១៥»​។

ទីផ្សារ​លំនៅឋាន​បាន​ធ្លាក់​ចុះ​កាលពី​ឆ្នាំ​២០១២ ដោយ​សារ​តែ​អស្ថិរភាព​នយោបាយ​បញ្ហា​ទីផ្សារ​មូល​បត្រ និង​ភាព​យឺតយ៉ាវ​របស់​រដ្ឋាភិបាល​ក្នុង​ភ្ជាប់​បណ្តាញ​ ហ្គាស​ទៅ​តាម​អគារ​នានា​។

វិនិយោគិន​បាន​និយាយ​ថា​ការ​កែ​តម្រូវ តម្លៃ​លំនៅឋាន​កាលពី​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​បាន​ទាក់ទាញ​អ្នក​ទិញ​ផ្ទះ​​មក​វិញ​។

តម្លៃ​អចលនទ្រព្យ​បាន​ធ្លាក់​ដល់​បាត​កាល​ពី​ដើម​ឆ្នាំ​២០១៧ ក្រោយ​ពេល​ដែល​វិស័យ​នេះ​ចាប់​ផ្តើម​ងើប​ឡើង​បន្តិច​ម្តងៗ​។

ការ​សាងសង់​ផ្ទះ​ល្វែង​ខ្នាត​តូចៗ​សង់​ដោយ​ក្រុមហ៊ុន​វិនិយោគ​ធំៗ​ក៏បាន​ទាក់ទាញ​អតិថិជន​ប្រាក់​ចំណូល​មធ្យម និង​អតិថិជន​មាន​ប្រាក់​ចំណូល​ប្រចាំ​ខែ​ពី​ក្រុម​ហ៊ុន និង​ស្ថាប័ន​រដ្ឋ​ផង​ដែរ​។

លោក​ថ្លែង​ទៀត​ថា​ ៖ «​វិស័យ​អចលនទ្រព្យ​កំពុង​តែ​ស្វែងរក​ទ្រនំ​ថ្មី​ដែល​ល្អ​ប្រសើរ​។ តម្លៃ​អាផាតមិន​ក៏​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ផង​ដែរ ហើយ​យើង​ជា​វិនិយោគិន​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​រចនា​គម្រោង​របស់​យើង​តាម​តម្រូវការ​របស់​អតិថិជន​ផងដែរ​»​។

តម្លៃ​បាន​កើន​ដល់​ចន្លោះ​ពី​២០០​ទៅ​៥០០Tk ក្នុង​មួយ​ហ្វីត​ការ៉េ​ក្នុង​ឆ្នាំ​នេះ​ស្ទើរ​តែ​គ្រប់​តំបន់​លើក​លែង​តែ​នៅ Gulshan និង Baridhara នេះ​បើ​យោង​តាម​លោក AKM Shafiuddin Shahin ដែល​ជា​អ្នក​កាន់​តែ​ផ្នែក​លក់​ឲ្យ​ក្រុមហ៊ុន Structural Engineers Ltd​។​ «​នេះ​ក៏​ដោយ​សារ​តែ​តម្រូវ​ការ​មាន​ការ​​កើន​ឡើង​»​។

លោក Shahin បាន​លើក​ឡើង​ថា កំណើន​វិស័យ​អចលនទ្រព្យ​នេះ​ក៏​ដោយ​សារ​តែ​ភាព​ស្ងប់​ស្ងាត់​នយោបាយ​ក្នុង​ឆ្នាំ​២០១៧​។ «​ភាគ​ច្រើន​គេ​មិន​វិនិយោគ​ក្នុង​ពេល​មាន​អស្ថិរភាព​នយោបាយ​នោះ​ទេ​»​។

លោក​បន្ត​ថា​ ៖ «​បើទោះជា​យ៉ាង​នេះ​ក្តី​តម្រូវ​ការ​អាផាតមិន​ទំនើប​មិន​មាន​កំណើន​នោះ​ទេ នេះ​បើ​យោង​តាម​វិនិយោគិន​។ «​មើល​ទៅ​អ្នក​ដែល​មាន​ទ្រព្យ​ភាគ​ច្រើន​ចាប់​អារម្មណ៍​នឹង​ទិញ​លំនៅឋាន​ទី​នៅ​បរទេស​ជា​ជាង​ក្នុង​ស្រុក​»​។

ចំនួន​អាផាតមិន​ដែល​មិនទាន់​លក់​ចេញ​បាន​បង្ហាញ​នូវ​ភាព​អវិជ្ជមាន​នេះ​បើ​យោង​តាម​លោក Md Noor-E-Alam Siddike ដែល​ជា​នាយក​ប្រតិបត្តិ​ផ្នែក​លក់​នៅ​ក្រុមហ៊ុន Building Technology and Ideas។

«​ខ្ញុំ​គិតថា​នេះ​ឥឡូវ​នេះ​អ្នក​គ្រប់គ្នា​បាន​ឃើញ​ថា​ទីផ្សារ​មាន​លំនឹង​ហើយ​តម្លៃ​​ក៏​នឹង​មិន​ធ្លាក់ចុះ​ទៀត​ដែរ​» លោក​ថ្លែង​ដោយ​បន្ថែមថា អត្រា​ការ​ប្រាក់​ដែល​ធ្លាក់ចុះ​ទាប​សម្រាប់​កម្ចី​ទិញ​ផ្ទះ​គឺជា​កត្តា​ដ៏​ចម្បង​ធ្វើ​ឲ្យ​វិស័យ​លក់​គេហដ្ឋាន​មាន​ការ​កើន​ឡើង​ក្នុង​ឆ្នាំ​២០១៧​នេះ​។

ក្នុង​ករណី​មួយ​ចំនួន​អត្រា​ការ​ប្រាក់​ធ្លាក់​មក​នៅត្រឹម៨​ភាគរយ​ប៉ុណ្ណោះ​។

«​ការ​បន្ទាប​អត្រា​ការប្រាក់​សម្រាប់​កម្ចី​​​ ទិញ​ផ្ទះ​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ប្រាក់​ចំណូល​មធ្យម​ចាប់​ផ្តើម​ចាប់​អារម្មណ៍​ចង់​ទិញ​​ ផ្ទះ​» នេះ​បើ​យោង​តាម​លោក Mohammad Farhaduzzaman ដែល​មាន​តួនាទី​កាន់​តែ​ផ្នែក​ទីផ្សារ​ឲ្យ​ក្រុមហ៊ុន Eastern Housing​។ អត្រា​ការ​ប្រាក់​ទាប​រួមផ្សំ​នឹង​កង្វះ​ខាត​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​ផ្សេងទៀតរួមទាំង​ទីផ្សារ​មូល​បត្រ​ផង​ដែរ​នោះ​នឹង​បង្កើន​ការ​វិនិយោគ​បន្ថែមទៀត​ទៅ​​ក្នុង​វិស័យ​អចលន​ទ្រព្យ​។​»

«​អត្រា​ការ​ប្រាក់​ហាក់​នឹង​មិន​កើន​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ​»លោក​បន្ថែម។

ដូច​គ្នា​នឹង​លោក Seraj​ ដែរ លោក Shahin ក៏មាន​អារម្មណ៍​ថា​ឆ្នាំ​ក្រោយ​នឹង​ជា​ឆ្នាំ​ល្អ​សម្រាប់​វិស័យ​អចលនទ្រព្យ​ផង​ដែរ​។

ក្នុង​ការ​វិនិយោគ​មួយ​ទៀត គឺ​ការ​វិនិយោគ​លើផ្ទះ​ល្វែង​ដោយ​ជនជាតិ​បង់ក្លាដេស​ដែល​រស់នៅ​ក្រៅប្រទេស​ក៏មាន​ការ​កើន​ឡើង​ផងដែរ​ក្នុង​ឆ្នាំ​២០១៧​។ លោក​ថា​ តួលេខ​នេះ​នឹង​អាច​កើនឡើង​ថែម​ទៀត​ក្នុង​ឆ្នាំ​២០១៨ ដោយ​សារ​តែ​អន្តោ​ប្រវេសន៍​មកពី​ប្រទេស​លោក​ខាង​លិច​។

លោក Siddike មកពី​ក្រុមហ៊ុន BTI បាន​មាន​ប្រសាសន៍​ថា​ ៖ «​ទីផ្សារ​នេះ​នឹង​រីក​ចម្រើន​ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ ប្រសិន​បើ​គ្មាន​អស្ថិរភាព​ទេ​នោះ​។ ឧបសគ្គ​ចម្បង​គេ​គឺ​ការ​ធានា​ថា​មាន​ប្រព័ន្ធ​ហ្គាស​ភ្ជាប់​ទៅ​គ្រប់​លំនៅឋាន​តែ​ម្តង​។​»

ក្រុមហ៊ុន Farhad of Eastern Housing បាន​ថ្លែងថា​រដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ភ្ជាប់​បណ្តាញ​ហ្គាស​ថ្មីៗ​ទៅ​កាន់​លំនៅឋាន​នានា​ទៅ​ហើយ​។

«​វិស័យ​នេះ​នឹង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ប្រសិន​បើ​មិន​មាន​ការ​ផ្តល់​ការ​ភ្ជាប់​ប្រព័ន្ធ​បណ្តាញ​ហ្គាស​ទៅ​កាន់​លំនៅឋាន​ទាំង​អស់​នោះ​នៅ​ឆ្នាំក្រោយ​ទេ​នោះ​» លោក​បង្ហាញ​ក្តីបារម្ភ​របស់​លោក​។

លោក Seraj និយាយថា យ៉ាង​ណា​ម៉ិញ​ស្ថានភាព​អគ្គីសនី​មាន​ភាពល្អ​ប្រសើរ​ហើយ​។​ ​លោក​បន្ថែមថា រដ្ឋាភិបាល​គួរ​ភ្ជាប់​ប្រព័ន្ធ​បណ្តាញ​ហ្គាស​ទៅ​លំនៅឋាន ប្រសិន​បើ​មានការ​រក្សា​ស្តុក​ទុក និង​មាន​លទ្ធភាព​អាច​ចែកចាយ​ទៅ​ក្នុង​តំបន់ Dhaka​៕​

Source From: http://www.postkhmer.com
Share
Our Partners