Hot line: +855 (0)99 283 388
● You are in: Media > Detail News
អគ្គនាយក​បុរី​ប៉េង​ហួត​ ៖ បង្ហាញ​ពី​ទស្សន​វិស័យ​នៃ​ការ​វិនិយោគ​បុរី
Date: 2017-12-30

ជាមួយ​នឹង​ភាព​ជោគ​ជ័យ និង​អាច​និយាយ ​ថា ជា​បុរី​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា បុរី​ប៉េង ហួត ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​អន្តរជាតិ។ តើ​បុរី​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ដូច​ម្តេច?

លោក ស៊ីវ ម៉េង អ្នក​យក​ព័ត៌មាន​ផ្នែក​អចលន​ទ្រព្យ​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ជួប​សម្ភាស​ពិសេស​ជាមួយ​លោក ​ឧកញ៉ា ថៃ ម៉េងលី អគ្គនា​យក​បុរី​ ប៉េង ​ហួត ដើម្បី​ស្តាប់​ពី​ទស្សន វិស័យ និង​យុទ្ធ​សាស្ត្រ​របស់​លោក​ក្នុង​ការ​វិនិយោគ​បុរី​នេះ​។

តើ​លោក​ឧកញ៉ា​បាន​ចាប់​ផ្តើម​វិនិយោគ​បុរី​នេះ​យ៉ាង​ដូច​ម្តេច​?

ខ្ញុំ​បាន​ចាប់​ផ្តើម​វិនិយោគ​បុរី​ ប៉េង ហួត នៅ​ឆ្នាំ ​២០០៥ ព្រោះ​អំឡុង​ពេល​នោះ​នៅ​កម្ពុជា​មិន​ទាន់​មាន​លំនៅឋាន​របៀប​ជា​បុរី​ស្អាតៗ​នៅឡើយ​ទេ គឺ​មាន​តែ​ផ្ទះ​ល្វែង និង​ការ​សាងសង់ វីឡា​ជា​លក្ខណៈ​ឯកជន​។ នៅ​ពេល​យើង​ចេញ​ចូល​ក្រៅ​ប្រទេស​ច្រើន​ក៏​បាន​សិក្សា​ពី​ការ​សាងសង់​បុរី​នៅ​ប្រទេស​ គេ ហើយ​យើង​ក៏បាន​ចាប់​ផ្តើម​សាង​សង់​បុរី ប៉េង ហួត​ ជា​លើក​ទី ១ នៅ​តាម​បណ្តោយ​ផ្លូវ​ ៥៩៨​។

បន្ទាប់​ពី​សាងសង់​ទីតាំង​បុរី​ទី ១ នៅ​ផ្លូវ​លេខ ​៥៩៨ យើង​បាន​ចាប់​ផ្តើម​វិនិយោគ​បុរី​ជា​បន្ត​មក​កាន់​ផ្លូវជាតិ​លេខ​១​ដែល​មាន​ទំហំ​ដី​កើន​ឡើង​រហូត​ដល់​ជាង​ ២០​ គីឡូម៉ែត្រ​ការ៉េ​ទៅ​ហើយ​និង​បន្ត​វិនិយោគ​នៅ​គម្រោង​ជាច្រើន​ទៀត។

ការ​ឌីហ្សាញ​របស់​បុរី​នេះ​បាន​គិត​គូរ​ពី​សួន​បៃតង ដើម​ឈើ​ធំៗ ដោយ​រក្សា​ផ្ទៃ​ដី​​ប្រមាណ​៤៥​ភាគរយ នៃ​បុរី​នីមួយៗ ត្រូវ​បាន​រៀបចំ​ដាំ​ដើម​ឈើ និង​សួន​ច្បារ។

តើ​រហូត​មក​ទល់​ពេល​នេះ​ផ្ទះ​ដែល​បាន​សង់​ចប់ និង​លក់​ចេញ​បាន​ប៉ុន្មាន​ខ្នង​ហើយ​តាំងពី​ចាប់​ផ្តើម​មក​?

គិត​រហូត​មក​ទល់​ពេល​នេះ មាន​ផ្ទះ​ជិត​ ១០,០០០ ​ខ្នង ត្រូវ​បាន​លក់​ចេញ ហើយ​​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ១ ជាទី​តាំង​ធំ​ជាង​គេ​ដែល​មាន​ផ្ទះ​ប្រមាណ​ ៧ ០០០ ទៅ​ ៨ ០០០​ខ្នង ត្រូវ​បាន​លក់​ចេញ​។ ទីតាំង​នេះ​អាច​ជា​ទីក្រុង​រណប​មួយ​បាន​ហើយ​។

 

អ្វី​ដែល​ប្រជាជន​ក្នុង​ស្រុក និង​ភ្ញៀវ​អន្តរជាតិ​ចាប់​អារម្មណ៍ គឺ​ម៉ូដ​ផ្ទះ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​បុរី​នេះ តើ​លោក​ឧកញ៉ា​យក​ទស្សនៈ​នៃ​ការ​រៀបចំ​បែប​ផែន​នគរូបនីយកម្ម​មក​ពី​ណា​?

ដោយ​សារ​ក្រុមហ៊ុន​បុរី​ ប៉េង ហួត ចង់​ធ្វើ​អ្វី​ឲ្យ​ប្លែក ធ្វើ​អ្វី​ឲ្យ​ល្អ​សម្រាប់​ប្រទេស​ជាតិ ទើប​យើង​កសាង​បុរី​នេះ​ឡើង​គិតពី​បរិស្ថាន សួន​បៃតង និង​រចនា​ផ្ទះ​ដែល​ស្អាតៗ​​ជូន​អតិថិជន​ទាំងអស់​។ យើង​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​មាន​មោទនភាព​ថា ខ្មែរ​យើង​ក៏​អាច​សាងសង់​ផ្ទះ​បានល្អ ដូច​ប្រទេស​ផ្សេងៗ​ផង​ដែរ​។

អ្វី​ដែល​យើង​ផ្តោត គឺ​អតិថិជន​ចាប់ពី​អ្នក​មាន​ជីវភាព​មធ្យម រហូត​ដល់​អ្នក​មាន​ជីវភាព​លំដាប់​ខ្ពស់​។

អ្វី​ជា​កត្តា​ស្នូល​ដែល​បាន​កំណត់​ធ្វើ​ឲ្យ​បុរី​ ប៉េង ហួត​ ទទួល​ជោគ​ជ័យ​រហូត​មក​ទល់​ពេល​នេះ ក្រៅ​ពី​ម៉ូដ​ផ្ទះ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​ទាក់ទាញ​?

​អ្វី​ដែល​ជោគជ័យ​រហូត​មក​ទល់​ពេល​នេះ ដោយ​សារ​ក្រុមហ៊ុន​បុរី​ ប៉េង ហួត តែង​តែ​ធ្វើ​អ្វី​លើស​ពី​ការ​រំពឹង​ទុក​របស់​អតិថិជន​។ មាន​ន័យ​ថា អ្វី​យើង​និយាយ​គឺ​ធ្វើ ហើយ​យើង​បាន​ធ្វើ និង​ធ្វើ​បាន​ស្អាត​ជាង​អ្វី​ដែល​យើង​បាន​សន្យា​។

ជាក់​ស្តែង​យើង​បាន​និង​កំពុង​វិនិយោគ សាងសង់​ផ្សារ​ទំនើប​មួយ​នៅ​បុរី​ ប៉េង ហួត នៅ​តាម​ផ្លូវ​ជាតិ​លេខ​១ ព្រោះ​យើង​ចង់​​ឲ្យ​ទីក្រុង​រណប​នេះ មាន​ទាំង​លំនៅដ្ឋាន មាន​ទាំង​កន្លែង​កម្សាន្ត ផ្សារ​ទំនើប និង​សាលារៀន​អន្តរជាតិ​ជាដើម​។

ងាក​មក​មើល​ស្ថានភាព​ទីផ្សារ​បុរី តើ​លោក​ឧកញ៉ា​មើល​ឃើញ​​យ៉ាង​ដូច​ម្តេច?

ខ្ញុំ​គិតថា សម្រាប់​បុរី​ ប៉េង ហួត មិន​មាន​បញ្ហា​អ្វី​នោះទេ វា​នឹង​បន្ត​រីក​ចម្រើន​ទៅ​ទៀត ព្រោះ​ប្រទេស​យើង​កំពុង​រីក​ចម្រើន ហេតុ​នេះ​យើង​នឹង​បន្ត​វិនិយោគ​បន្ថែម​ទៀត​។ គិត​រហូត​មក​ទល់​ពេល​នេះ​យើង​បាន​ចំណាយ​ទុន​ច្រើន​មក​ហើយ។

យើង​មាន​ទិសដៅ និង​ពង្រីក​ទៅ​កាន់​ទីតាំង​ផ្សេងៗ​ទៀត​នា​ពេល​អនាគត​។

ក្រៅ​ពី​ការ​វិនិយោគ​ដោយ​ជោគ​ជ័យ តើ​ក្រុមហ៊ុន​បុរី​ ប៉េង ហួត បាន​រួម​ចំណែក​ជួយ​ដល់​ការងារ​សង្គម​យ៉ាង​ដូច​ម្តេច​?

ក្រុមហ៊ុន​បុរី​ប៉េង​ហួត របស់​យើង​ក្រៅពី​ការ​រក​ស៊ី​ទទួល​បាន​ប្រាក់​ចំណេញ​ហើយ យើង​ក៏​បាន​ផ្តល់​ជំនួយ​មនុស្ស​ធម៌ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ចំនួន ​១០ ​ម៉ឺន​ដុល្លារ កាលពី​សប្តាហ៍​មុន និង​បាន​រួម​ចំណែក​កសាង​ហេដ្ឋា​​រចនា​សម្ព័ន្ធ​នានា​ ដូចជា​ សាលា​រៀន កសាង​វត្ត​អារាម និង​ផ្លូវ​មួយ​ចំនួន​ទៀត ដើម្បី​រួម​ចំណែក​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។

មាន​ការ​លើក​ឡើង​ថា ឈ្មោះ​ ប៉េង ហួត ជា​ឈ្មោះ​បូក​បញ្ចូល​គ្នា​របស់​អ្នក​វិនិយោគ​បុរី​នេះ តើ​ពិត​ទេ​លោក​ឧកញ៉ា?

បាទ​ពិត​ហើយ ពាក្យ ប៉េង ហួត គឺ​ចេញ​ពី​ឈ្មោះ​របស់​បង​ប្រុស​ខ្ញុំ​ចំនួន​២រូប ដែល​ជា​ស្ថាបនិក​បុរី​នេះ បង​ខ្ញុំ​ម្នាក់​ឈ្មោះ ប៉េង និង​ម្នាក់​ទៀត​ឈ្មោះ ហួត​។

ងាក​មក​ស្ថានភាព​នយោបាយ​កើន​កម្ដៅ​កាលពី​ពេល​ថ្មីៗ​នេះ តើ​អាច​មាន​ផល​ប៉ះពាល់​ដល់​ការ​លក់​លំនៅឋាន​របស់​បុរី​ឬ​ទេ?

ស្ថានភាព​នយោបាយ​កាល​ពី​ពេល​ថ្មីៗ​នេះ រង​ផលប៉ះ​ពាល់​តិច​តួច ប៉ុន្តែ​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​សម្រាប់​រយៈ​ពេល​វែង​មិន​មាន​បញ្ហា​នោះ​ទេ ដោយ​សារ​យើង​បាន​ឆ្លងកាត់​បទពិសោធ​ជាច្រើន ប៉ុន្តែ​ក្រោយ​ពេល​បោះ​ឆ្នោត​អ្វីៗ​នឹង​មាន​ភាព​ប្រសើរ​ឡើង ហើយ​យើង​នៅ​តែ​ដំណើរការ​បាន​ល្អ​ជាង​គេ​។

បន្ថែម​លើស​អ្វី​ដែល​ជា​ផ្ទះ​នៅ​ក្នុង​បុរី បច្ចុប្បន្ន​ក្រុមហ៊ុន​បុរី​ ប៉េង ហួត បាន​ចាប់​ផ្តើម​វិនិយោគ​លើ​ខុនដូ​សម្រាប់​លក់ តើ​មាន​មូល​ហេតុ​អ្វី​ដែរ​លោក​ឧកញ៉ា?​ដោយ សារ​ទីផ្សារ​ខុនដូ​ល្អ​ប្រសើរ​ជាង​ឬ​យ៉ាង​ណា​?

ដោយ​សារ​ក្រុមហ៊ុន​បុរី​ ប៉េង ហួត ជា​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ទើប​យើង​វិនិយោគ​លើ​វិស័យ​លំនៅឋាន ខុនដូ ផ្សារ​ទំនើប និង​អ្វី​ពាក់​ព័ន្ធ​នឹង​​វិស័យ​នេះ​ទាំង​អស់ ដើម្បី​ឆ្លើយ​តប​តម្រូវការ​ទីផ្សារ និង​តម្រូវ​ការ​របស់​អតិថិជន​ជាតិ និង​អន្តរជាតិ​៕

Source From: http://www.postkhmer.com
Share
Our Partners