រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានពានរង្វាន់ជាច្រើនលើកទាំងថ្នាក់ជាតិ និងអន្តរជាតិកន្លងមក ទីក្រុងកែបកំពុងត្រៀមខ្លួនទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលជាចំណងដៃក្នុងឆ្នាំថ្មីសម្រាប់ខេត្តជាប់មាត់សមុទ្រមួយនេះ ។
យោងតាមគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានឲ្យដឹងថា ក្រុងកែបបានជាប់ជ័យលាភីទទួលបានឡាបិលទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលពិធីចែកជ័យលាភីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ មករា ឆ្នាំ២០១៨ ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៨ (ATF 2018) នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ។
សមិទ្ធផលក្នុងវិស័យទេសចរណ៍នៅពេលនេះ កំពុងតែលើកកិត្យានុភាពខេត្តនិយាយដោយឡែក និងសម្រាប់មុខមាត់ប្រទេសជាតិទាំងមូលផងដែរ ។
លោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែបបានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី៨ មករា ម្សិលមិញថា មូលហេតុដែលទីក្រុងកែបជាប់ជ័យលាភីទទួលបានឡាបិលទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១ ក្នុងឆ្នាំ២០១៨នេះ គឺដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមានការចូលរួមពីប្រជាពលរដ្ឋក្នុងការថែរក្សាអនាម័យ ធ្វើឲ្យទីក្រុងនេះស្រស់ស្អាត និងបរិស្ថានល្អ ។
លោកបន្ដថា ៖« ខេត្តកែបរក្សាបាននូវធម្មជាតិ រក្សាបាននូវសណ្ដាប់ធ្នាប់ល្អ សន្តិសុខ ការការពារ និងអភិរក្សទាំងលើគោក លើទឹក ភ្នំ និងធនធាននៅក្នុងខេត្តកែបមានគ្រប់លក្ខណៈទាំងអស់ មិនថាសមុទ្រ ភ្នំ កោះ ឆ្នេរ ព្រៃឈើ ជាពិសេស គឺកែបមានឧទ្យានជាតិនៅចំកណ្ដាលទីក្រុង ដែលយើងអាចអភិរក្សបាននូវព្រៃឈើ ដោយគ្មានការកាប់បំផ្លាញ និងមានទំហំប្រហែលជាង១ពាន់ហិកតា » ។
លោកអភិបាលរងបន្តថា ខេត្តកែបបានបំពេញគ្រប់គណៈវិនិច្ឆ័យរបស់គណៈកម្មការជំនាញ និងក្រោមការវាយតម្លៃថ្នាក់អាស៊ាន ហើយចំពោះការប្រកួតនេះ លោកជឿជាក់ថា គណៈកម្មការពិតជាមានយុត្តិធម៌ សុក្រឹតភាព និងមានភាពច្បាស់លាស់ ព្រោះវាជាថ្នាក់អន្តរជាតិ មិនមែនថ្នាក់ជាតិទេ ដែលគ្មានខេត្តណាមួយអាចទៅបញ្ចុះបញ្ចូលបានឡើយ ហើយសម្រាប់កម្ពុជា គឺមានតែការខិតខំដោយខ្លួនឯងដែលមាននៅក្នុងដៃប៉ុណ្ណោះ ។
ខេត្តកែប ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រសិទ្ធនាមថា «តារារះនាទិសនិរតី» និងបានចូលជាសមាជិកក្លិបឆ្នេរស្អាតបំផុតលើពិភពលោក ។
លោក ប៉ុក ទាំង អនុប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានបញ្ជាក់បន្ថែមថា កន្លងមក ខេត្តកែបបានទទួលពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិចំនួន៣លើក ។ ក្នុងនោះមានពានរង្វាន់ថ្នាក់ជាតិរំដួល៣ទង ប្រចាំឆ្នាំ២០១៥-២០១៨, ពានរង្វាន់ទីក្រុងមេត្រីភាពបរិស្ថានឆ្នាំ២០១៦ និងពានរង្វាន់ទីក្រុងនិរន្តរភាពអាស៊ាន ឆ្នាំ២០១៧ ដែលផ្ដោតទៅលើប្រធានបទ៣ គឺទឹកស្អាត ដីស្អាត និងខ្យល់ស្អាត នៅប្រទេសព្រុយណេ ។ អ្វីពិសេសទៅទៀត គឺក្រុងកែបបានជាប់ជ័យលាភីទទួលបានឡាបិល ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលពិធីចែកជ័យលាភីនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៨ (ATF 2018) នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ។
សូមរំលឹកថា នៅឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ បានយកទីក្រុងចំនួន៧ មានរាជធានីភ្នំពេញ កំពង់ចាម ក្រចេះ កំពត កែប សៀមរាប និងព្រះសីហនុ ចូលរួមប្រកួតប្រជែងដណ្ដើមជ័យលាភីស្ដង់ដា ទីក្រុងស្អាតកម្រិតតំបន់អាស៊ាន លើកទី១ នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ។
ដើម្បីឲ្យទីក្រុងកាន់តែស្អាត លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំដល់អាជ្ញាធរខេត្តទាំង៧ ពង្រឹងការសម្អាតបរិស្ថានក្រុង ជាពិសេសការគ្រប់គ្រងសំរាម សន្តិសុខ សណ្ដាប់ធ្នាប់ និងបញ្ហាបង្គន់អនាម័យឲ្យកាន់តែល្អប្រសើរ ៕