ខេត្តកំពត ៖ កំពង់ផែទេសចរណ៍ថ្មីដែលមានតម្លៃ១០លានដុល្លារអាមេរិកក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) គ្រោងនឹងចាប់ផ្តើមបញ្ចុះបឋមសីលា ក្នុងខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្ត បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅថ្ងៃទី១២ មករា ថា ៖« កំពង់ផែទេសចរណ៍ដែលមានតម្លៃ១០លានដុល្លារអាមេរិក ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) ស្ថិតនៅក្នុងភូមិជំគ្រាល ឃុំជំគ្រាល ស្រុកទឹកឈូ ខេត្តកំពត នឹងចុះបឋមសីលាក្នុងខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ » ។
កំពង់ផែនេះនឹងជួយរួមចំណែកទាក់ទាញភ្ញៀវទេសចរមកពីតាមបណ្តាប្រទេសក្នុងតំបន់ ជាពិសេស ប្រទេសវៀតណាម និងថៃ តាមរយៈតភ្ជាប់ការធ្វើដំណើរតាមកប៉ាល់លឿន ឬកប៉ាល់ទេសចរណ៍ខ្នាតធំ ។
លោក សយ ស៊ីណុល បន្ថែមថា ៖«សារសំខាន់នៃកំពង់ផែនេះ គឺមានភាពងាយស្រួលដល់ភ្ញៀវទេសចរ ដែលមានបំណងចង់បន្តដំណើរពីតំបន់មួយទៅតំបន់មួយទៀតដូចជា ពីខេត្តកំពត ទៅភ្នំបូកគោ ខេត្តព្រះសីហនុ និងខេត្តសៀមរាបជាដើម » ។
ម្យ៉ាងទៀត កំពង់ផែនេះ គឺជាផ្នែកមួយដែលនឹងស្រូបយកភ្ញៀវទេសចរអឺរ៉ុបកាន់តែច្រើនផងដែរ ព្រោះវាផ្ដល់នូវសេវាកម្មទេសចរណ៍ជាកញ្ចប់ ដែលនាំភ្ញៀវទេសចរពីខេត្តកំពត ទៅកាន់កោះ Phu Quoc (កោះត្រល់) ប្រទេសវៀតណាម និងដែនសមុទ្រប្រទេសថៃផងដែរ ។
លោក សយ ស៊ីណុល បញ្ជាក់ថា កំពង់ផែទេសចរណ៍មួយនេះអាចនឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០១៩ ។
គួររំលឹកថា បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់បានមានប្រសាសន៍ថា ទំហំវិសាលភាពនៃកំពង់ផែទេសចរណ៍នេះ នឹងមានអាចឲ្យភ្ញៀវទេសចរឆ្លងកាត់បានចំនួន១,៥លាននាក់ក្នុង១ឆ្នាំ ។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៧ ខេត្តកំពតបានទទួលភ្ញៀវទេសចរមកកម្សាន្ត និងស្នាក់អាស្រ័យចំនួន១.៦០០.៦២០នាក់ ក្នុងចំណោមនោះ ភ្ញៀវជាតិមានចំនួន១.៤៣៨.៤៤៩នាក់ និងទេសចរបរទេស១៦២.១៧១នាក់ ។
បរិមាណនេះបានកើនឡើង១,៤៧% បើធៀបនឹងឆ្នាំកន្លងទៅ ក្នុងចំណោមទេសចរជាង៧០ជាតិសាសន៍ដែលមានវត្តមានក្នុងខេត្តនាអំឡុងឆ្នាំ២០១៧ ដែលភ្ញៀវជនជាតិវៀតណាមស្ថិតក្នុងលំដាប់ទី១ ខណៈបារាំងលំដាប់ទី២, អង់គ្លេសលំដាប់ទី៣, អាល្លឺម៉ង់លំដាប់ទី៤ និងអាមេរិកលំដាប់ទី៥ ៕