រាជធានីភ្នំពេញ ៖ គម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ដែលក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងដាក់សាកល្បងនៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលមានកំពង់ផែ និងចំណតទូកដឹកអ្នកដំណើរចំនួន១៥ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តែងការពេញចិត្តចំពោះគម្រោងដែលផ្តើមឱ្យមានការដឹកជញ្ជូនអ្នកដំណើរ ចាប់ពីព្រែកព្នៅ រហូតដល់ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ។
កាលពីថ្ងៃទី១៤ មករា ក្នុងជំនួបជាមួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា សម្តេចសប្បាយចិត្តចំពោះការផ្តួចផ្តើមឲ្យមានការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនេះ ដោយមានផែចំណតច្រើន ។ វាជាគំនិតផ្តួចផ្តើមដើម្បីដោះស្រាយបញ្ហាដឹកជញ្ជូន ។
សម្តេចគូសបញ្ជាក់ថា ៖« គ្រាន់តែប៉ុណ្ណឹង យើងឃើញថា ការគិតគូរទៅលើស្មារតីនៃការទទួលខុសត្រូវសម្រាប់ដោះស្រាយការកកស្ទះចរាចរ វាជាផ្នែកដ៏សំខាន់ ។ បើសិនធ្វើដំណើរតាមរថយន្តពីតាខ្មៅ ឆ្លងកាត់ក្រុងភ្នំពេញ គឺអាចប្រើប្រាស់ពេលវេលាយូរជាងការធ្វើដំណើរតាមផ្លូវទឹក ។ ចាំមើលចុះ អាចនឹងមានប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តមានចំនួនច្រើន ហើយនេះក៏អាចបង្កើតការងារធ្វើនៅតាមបណ្តាកំពង់ផែនានា ដែលធ្វើឱ្យរីកលូតលាស់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធថែមទៀត » ។
តាមក្រសួងសាធារណការ និងដឹកជញ្ជូន ដំណោះស្រាយបញ្ហាកកស្ទះចរាចរណ៍ រាជរដ្ឋាភិបាលកំពុងរៀបចំកំពង់ផែចំណតកាណូតដឹកអ្នកដំណើរចំនួន១៥ទីតាំង ក្នុងនោះរាជធានីភ្នំពេញមាន ៖ ១-គល់ស្ពានព្រែកព្នៅត្រើយខាងកើត (កំពុងពិចារណា), ២-គីឡូម៉ែត្រលេខ៦, ៣-ខាងមុខឃ្លាំងសាំងឫស្សីកែវ ជាប់ទីលានប្រជាធិបតេយ្យថ្មី, ៤-ផែបណ្ដែតមុខផ្សាររាត្រី, ៥-កំពង់ចម្លងកោះពេជ្រ-អារីយ៍ក្សត្រ, ៦-ភូមិដើមចាន់ ឬគល់ស្ពានក្បាលថ្នល់ខាងកើត, ៧-ចំណតរថយន្តចាក់អង្រែក្រោម, ៨-បាក់ខែង ត្រង់ផ្លូវបំបែក លី យ៉ុងផាត់, ៩-ទល់មុខផ្សារព្រែកលៀប (កំពង់ចម្លងព្រែកលៀប), ១០-ជាប់សណ្ឋាគារសុខាភ្នំពេញ, ១១-ភូមិកោះនរា, ១២-កំពង់ចម្លងក្តីតាកុយ, ១៣-កំពង់ចម្លងតាព្រហ្មមាត់ក្រសះ ។ ចំណែកនៅខេត្តកណ្តាលមាន ៖ ១-មុខវត្តព្រែកសំរោង ក្រុងតាខ្មៅ (កំពុងពិចារណា) និង២-កំពង់ចម្លងរោងចក្រក្តាបន្ទះផ្លូវត្រី ។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ មើលឃើញថា គម្រោងដឹកជញ្ជូនអ្នកដំណើរខាងលើនេះ នឹងផ្តល់ជម្រើសថ្មីសម្រាប់អ្នកចង់ធ្វើដំណើរតាមផ្លូវទឹក ។
លោកបន្តថា ៖« ក្នុងករណីការធ្វើដំណើរតាមផ្លូវគោកនៅពេលខាងមុខ បើសកម្មភាពធ្វើដំណើរកាន់តែពិបាក និងចំណាយពេលច្រើននោះ ប្រជាពលរដ្ឋនឹងផ្លាស់ប្តូរឥរិយាបថនៃការធ្វើដំណើររបស់ខ្លួន ព្រោះអ្នកធ្វើដំណើរតែងតែចង់បានការធ្វើដំណើរមានភាពងាយស្រួលគ្រប់ពេលវេលា » ។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា គម្រោងនេះគឺជាសក្តានុពលនៃការអភិវឌ្ឍវិស័យដឹកជញ្ជូនអ្នកដឹកដំណើរតាមផ្លូវទឹក ជាពិសេស បណ្តាញទន្លេដែលហូរកាត់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយពង្រីកវិស័យនេះឱ្យបានទូលំទូលាយ និងប្រកបដោយចីរភាពដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។
លោកទេសរដ្ឋមន្ត្រីបានជំរុញឱ្យអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកពន្លឿនគម្រោងនេះឱ្យបានមុនពិធីបុណ្យចូលឆ្នាំខែ្មរខាងមុខ ហើយចំណតកំពង់ផែនីមួយៗត្រូវតភ្ជាប់ជាមួយចំណតរថយន្តក្រុង ដើម្បីបង្កភាពងាយស្រួលដល់អ្នកធ្វើដំណើរ៕