ក្រុមហ៊ុនមកពីប្រទេសចិន China Construction Development Corporation (CCDC) កាលពីពេលថ្មីៗនេះបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការចូលមកវិនិយោគលើគម្រោងលំនៅឋានតម្លៃសមរម្យនៅកម្ពុជា ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងផ្តល់លំនៅឋានសម្រាប់ប្រជាជនខ្មែរ។
ក្នុងជំនួបជាមួយលោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃអង្គារ លោក Gu Shan និងគណៈប្រតិភូជាច្រើនរូបទៀត បានបង្ហាញពីបំណងក្នុងការវិនិយោគលើប្រភេទលំនៅឋានមានតម្លៃសមរម្យនៅកម្ពុជា ដោយលោកបានអះអាងថា ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្ន។
លោកបានប្រាប់ទៀតថា ក្រុមហ៊ុនរបស់លោកមានឯកទេសវិនិយោគលើវិស័យសំណង់ព្រលានយន្តហោះ សំណង់អគារខ្ពស់ៗ និងផ្សារទំនើប ជាពិសេសការសាងសង់លំនៅឋានមានតម្លៃសមរម្យជូនប្រជាជនដែលមានចំណូលទាប និងមធ្យម។
លោក Gu Shan បានបន្ថែមថា ក្រុមហ៊ុនលោកក៏មានបំណងសិក្សាស្វែងយល់ពីកាលានុវត្តភាពនៃវិស័យសំណង់នៅកម្ពុជា ព្រមទាំងគោលនយោបាយ និងឯកសារគតិយុត្តិនានាពាក់ព័ន្ធនឹងវិស័យសំណង់នៅកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ លោកក៏បានស្នើសុំស្វែងរកព័ត៌មានពាក់ព័ន្ធនឹងការសាងសង់លំនៅឋានមានតម្លៃសមរម្យ ដើម្បីសុំកិច្ចសហប្រតិបត្តិការធ្វើការវិនិយោគ និងចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុន CCDC ផងដែរ។
លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានឆន្ទៈចង់វិនិយោគលើគម្រោងលំនៅឋានតម្លៃសមរម្យនៅកម្ពុជា ដើម្បីជាចំណែកមួយក្នុងការជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ លោកក៏បានស្នើឱ្យក្រុមហ៊ុននេះបើកការិយាល័យរបស់ខ្លួនផ្ទាល់នៅកម្ពុជា ដើម្បីធ្វើការគ្រប់គ្រង និងអនុវត្តផ្ទាល់ស្របទៅតាមច្បាប់នៅកម្ពុជា។
ចិន ជាប្រទេសដែលបានមកវិនិយោគ លើវិស័យសំណង់នៅកម្ពុជាច្រើនជាងគេកាលពីឆ្នាំ២០១៧ ដោយមានចំនួន១២៨គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណជាង២ពាន់លានដុល្លារក្នុងចំណោមទុនវិនិយោគលើវិស័យសំណង់សរុបចំនួនជាង៦,៤០០លានដុល្លារអាមេរិក។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា ទីផ្សារលំនៅឋានសម្រាប់ប្រជាជនមានប្រាក់ចំណូលទាបកំពុងទទួលបានជោគជ័យ ដោយសារទីផ្សារលំនៅឋានតម្លៃខ្ពស់ ហាក់មានការពិបាកលក់ ព្រោះអ្នកមានប្រាក់បានទិញផ្ទះអស់ហើយ ហេតុនេះទីផ្សារនាពេលនេះបានងាកទៅកាន់ប្រជាជនមានប្រាក់ចំណូលមធ្យម។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់ថា ៖ “ទីផ្សារលំនៅឋានតម្លៃចាប់ពី២ ទៅ៣ម៉ឺនដុល្លារកំពុងលក់ដាច់ខ្លាំង ហើយនេះជានិន្នាការទីផ្សារ ដែលអ្នកវិនិយោគនានាកំពុងចាប់អារម្មណ៍ខ្លាំង”៕