ចាប់តាំងពីវិស័យសំណង់បានរីកចម្រើនច្រើនឆ្នាំមកនេះសេរីភាពនៃការឃោសនាផ្សព្វផ្សាយពាណិជ្ជកម្ម ក៏ដូចការសរសេរបិទផ្សាយនៅតាមការដ្ឋានសំណង់នានានៅទូទាំងប្រទេសកម្ពុជា គឺពុំសូវមានការត្រួតពិនិត្យ ឬរឹតត្បិតដោយអាជ្ញាធរពាក់ព័ន្ធណាមួយនោះទេ ហើយជារឿយៗស្លាកសញ្ញាផ្សព្វផ្សាយ ឬការសរសេរឃោសនានៅតាមការដ្ឋានសំណង់ ក៏ដូចជាទីស្នាក់ការក្រុមហ៊ុនទាំងនោះ មានទាំងការសរសេរមានតែភាសាបរទេស ការសរសេរខុសអក្ខរាវិរុទ្ធ មានទាំងពាក្យពេចន៍បង្កប់ខ្លឹមសារកុហកបោកប្រាស់ ឬការបំផ្លើសទៅហួសពីការពិតជាក់ស្តែងទៀតផង។
តើប្រការទាំងនេះវាជាកំហុសឆ្គងដោយចេតនា ឬដោយអចេតនាពីសាមីក្រុមហ៊ុន ឬដោយសារកង្វះខាតក្រមសីលធម៌នៅក្នុងអាជីវកម្ម?
ទំនងជាដើម្បីកែតម្រូវ និងទប់ស្កាត់កំហុសឆ្គងទាំងនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទើបបានចេញប្រកាសមួយស្តីអំពី «ការប្រើប្រាស់អក្សរខ្មែរ និងអក្សរបរទេសនៅលើផ្ទាំងគំនូរសំណង់ ឬស្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋានសំណង់»។
ប្រកាសចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ កន្លងមកថ្មីៗដែលចុះហត្ថលេខាដោយលោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នោះបានចែងថា [ដើម្បីលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ រាល់ការដាក់តាំងផ្ទាំងគំនូរសំណង់ ឬ ស្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋានសំណង់ត្រូវគោរពតាមគោលការណ៍ ដូចខាងក្រោម៖
១- អក្សរខ្មែរត្រូវសរសេរឲ្យបានធំជាង អក្សរបរទេស ហើយដាក់នៅជួរខាងលើ
២- អក្សរបរទេសអាចសរសេរនៅខាងក្រោម និងមានទំហំពាក់កណ្តាលនៃអក្សរខ្មែរ
៣- ការសរសេរអក្សរខ្មែរត្រូវអនុវត្តតាមវចនានុក្រមរបស់សម្តេចព្រះមហាសុមេធាធិបតីជោតញ្ញាណោ «ជួន ណាត»។
ដោយឡែកយោងតាមការចេញផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ អចលនទ្រព្យ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹងថា [គម្រោងខុនដូ XO Condo បានផ្សព្វផ្សាយជាអក្សរធំៗលើជញ្ជាំងអគារថា ៖ «ទិញខុនដូ១យូនីត ថែមជូន១»។
យោងតាមបុគ្គលិកផ្នែកលក់របស់គម្រោងខុនដូនេះ បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍អចលនទ្រព្យថា ៖ «ការផ្សព្វផ្សាយនេះមានន័យថា ក្នុងពេលជាវខុនដូ ១យូនីត ក្រុមហ៊ុននឹងផ្តល់បន្ទប់ខុនដូ ដែលបានសាងសង់រួចរាល់សម្រាប់ការស្នាក់នៅ (របស់អតិថិជន) រហូតដល់ថ្ងៃបញ្ចប់គម្រោង XO Condo។ ក្រុមហ៊ុននឹងផ្លាស់ប្តូរការផ្សព្វផ្សាយនេះក្នុងពេលឆាប់ៗខាងមុខនេះដើម្បីបញ្ចៀសការភាន់ច្រឡំ។ តាមការគ្រោងទុកខុនដូនេះនឹងមានកម្ពស់២៥ជាន់ ដោយ១យូនីតតម្លៃចាប់ពី៧៩៨០០ដុល្លារឡើងទៅ»។
រហូតមកទល់ថ្ងៃម្សិលមិញនេះ ស្លាកផ្សព្វផ្សាយនៅការដ្ឋានសំណង់របស់គម្រោងនានា ដូចជានៅតាមវិថីព្រះសីហនុ កែងផ្លូវលេខ១៦៣ នៅតែបន្តបិទផ្សាយឃ្លាប្រយោគមិនត្រឹមត្រូវថា [អគារកំពង់សាងសង់ សូមប្រយ័ត្នរបស់ធ្លាក់ពីលើ ហាមចតទីនេះ និងសូមអធ្យាស្រ័យចំពោះការរំខាន]។
ចំណែកនៅឯការដ្ឋានសំណង់ខុនដូខ្លះទៀតថែមទាំងប្រើប្រាស់ការឃោសនាលក់បែបស្រពេចស្រពិលថា “BUY 1 ROOM, FREE 2 ROOMS”ជាដើម៕