ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្រសួងនឹងធ្វើការបញ្ជូនមន្ត្រីជំនាញផ្នែកសុរិយោដីចុះទៅសិក្សានៅតាមបណ្តាកោះទាំងអស់នៅកម្ពុជា ដែលមានចំនួនសរុប ៧៥កោះ នៅដែនសមុទ្ររបស់កម្ពុជា។
លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ក្នុងការបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់ក្រសួងនេះដែលបានប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះថា ការបញ្ជូនមន្ត្រីជំនាញរបស់ក្រសួងទៅសិក្សាលើកោះទាំង ៧៥ នេះ អាចចាប់ផ្ដើមនៅខែឧសភា ឆ្នាំ ២០១៨ ដោយសិក្សាឲ្យបានច្បាស់ពីសក្ដានុពលនៃកោះនីមួយៗ។
លោករដ្ឋមន្ត្រីបានបន្តថា ៖ «យើងមិនត្រូវមានមោទនភាព ព្រោះបានស្គាល់កោះនៅប្រទេសដទៃនោះទេ អ្វីដែលសំខាន់ គឺត្រូវស្គាល់ឲ្យច្បាស់ពីកោះនៅកម្ពុជា ទើបជាការប្រសើរជាការការពារបូរណភាពទឹកដី»។
លោកបន្តថា ៖ «ការបញ្ជូនមន្ត្រីឲ្យទៅសិក្សារាល់បណ្ដាកោះទាំង៧៥នៅដែនសមុទ្រកម្ពុជានេះ គឺដើម្បីសិក្សាពីសក្ដានុពលសម្រាប់ការវិនិយោគ និងចៀសផុតពីការសាងសង់រំលោភលើផ្ទៃកោះដោយចៀសវាងមានការអនុញ្ញាតឲ្យមានការសាង សង់រួចទើបហាមឃាត់ និងរុះរើតាមក្រោយនោះ»។
បណ្តាកោះនានានៅតាមសមុទ្រក្នុងភូមិសាស្ត្រខេត្តទាំង៤ជាប់តំបន់ឆ្នេរមានកោះតិចតួចប៉ុណ្ណោះដែលបាននិងកំពុងអភិវឌ្ឍដូចជាកោះដែកគោល កោះសង្សារ កោះឫស្សី កោះក្របី កោះស្តេច កោះរ៉ុង កោះរ៉ុងសន្លឹម កោះឋានសួគ៌ជាដើម ខណៈរដ្ឋាភិបាលបានផ្តល់សិទ្ធិសម្បទានដល់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិនានា ដើម្បីអភិវឌ្ឍកោះទាំងនោះរួចហើយ។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា បណ្តាកោះនានានៅតាមសមុទ្រកម្ពុជាមានសក្តានុពលខ្លាំងណាស់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលទាមទារឲ្យមានការអភិវឌ្ឍ ដើម្បីរដ្ឋាភិបាលទទួលបានចំណូលដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាការចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ឲ្យបានកាន់តែច្រើន ប៉ុន្តែជាមួយនឹងសក្តានុពល និងការវិនិយោគ ដែលបាននិងកំពុងធ្វើមួយចំនួន គឺអ្នកអភិវឌ្ឍន៍ និងអាជ្ញាធរគួរគិតគូរពីនិរន្តរភាពបរិស្ថាន ពិសេសកុំឲ្យមានការសាងសង់ស្ថានីយប្រេងឥន្ធនៈនៅលើកោះព្រោះវាបំពុលបរិស្ថានខ្លាំងណាស់។
លោកបន្តថា ៖ «ការអភិវឌ្ឍជាអ្វីដែលយើងស្វាគមន៍តែការអភិរក្សដើម្បីនិរន្តរភាពបរិស្ថានមានសារៈសំខាន់ណាស់ ដើម្បីយើងទទួលបានផលសម្រាប់ទាំងអស់គ្នា និងជាការអភិវឌ្ឍប្រកបដោយចីរភាព»។
អភិបាលខេត្តព្រះសីហនុលោក យន្ត មីន បានថ្លែងថា បច្ចុប្បន្នខេត្តព្រះសីហនុមានកោះចំនួន ៣២ ដែលកោះមួយចំនួនបាននិងកំពុងអភិវឌ្ឍ ប៉ុន្តែកោះមួយចំនួនទៀតមិនទាន់បានអភិវឌ្ឍនៅឡើយទេ។
លោកបន្តថា កោះនៅខេត្តព្រះសីហនុមានសក្តានុពលណាស់ ក្នុងការទាក់ទាញភ្ញៀវទេសចរ ដោយសារមានឆ្នេរខ្សាច់ស្អាត និងមានផ្កាថ្មជាច្រើន។
លោកអភិបាលបន្តថា ៖ «ប្រសិនជាមានការចុះសិក្សាពីសក្តានុពលកោះបែបនេះ ជាការប្រសើរហើយខេត្តព្រះសីហនុ សូមគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ»៕