ភ្នំពេញ៖ ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៦ ខែមករា ។
បើតាមការផ្សព្វផ្សាយរបស់ក្រសួងពាណិជ្ជកម្ម ផ្សារព្រំដែនកម្ពុជា-វៀតណាម លើកដំបូងនេះ មានឈ្មោះថា«ផ្សារដា» ដែលមានទីតាំងនៅក្នុងស្រុកមេមត់ ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនខេត្តតៃនិញ ប្រទេសវៀតណាម។ ផ្សារនេះ មានផ្ទៃដីជិត២ហិកតា ដោយគ្រោងចំណាយថវិកា ២លានដុល្លារអាមេរិក ដែលជាជំនួយរបស់ភាគីវៀតណាម។ ផ្សារនេះ គ្រោងបញ្ចប់ការសាងសង់ក្នុងអំឡុងពេល ១២ខែ។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ថា ការបង្កើតផ្សារនេះ គឺជាការពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្រួលពាណិជ្ជកម្មនៅតាមព្រំដែននៃប្រទេសទាំងពីរ ឲ្យកាន់តែងាយស្រួល និងជិតប្រជាពលរដ្ឋ ពិសេសឈានទៅសម្រេចទំហំពាណិជ្ជកម្ម ៥ពាន់លានដុល្លា តាមផែនការបស់ប្រទេសទាំងពីរ។
ទោះយ៉ាងណាការបង្កើតផ្សារព្រំដែននេះឡើង ត្រូវបានអ្នកជំនាញលើកឡើងថា ផលប្រយោជន៍នឹងហុចឲ្យប្រទេសវៀតណាមច្រើនជាងកម្ពុជា ដោយផលិតផលវៀតណាម នឹងមានច្រើនលើសលុប ត្រូវបានដាក់លក់ក្នុងផ្សារមួយនេះ។
យោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្ម ទំហំដោះដូរទំនិញទ្វេភាគីកម្ពុជា-វៀតណាម ក្នុងរយៈពេល ១១ខែ ឆ្នាំ២០១៧ មានចំនួន ៣,៤៣៨លានដុល្លារ កើនឡើង ៣១.៥ភាគរយ បើធៀបនឹងរយៈដូចគ្នានៅឆ្នាំ២០១៦ ដែលមានចំនួន ២,៩២៦លានដុល្លារ៕