អ្នកជំនាញមានជំនឿថា ទីផ្សារអចលនទ្រព្យនៅប្រទេសមីយ៉ាន់ម៉ា នាឆ្នាំ ២០១៨ នេះនឹងមានភាពកាន់តែល្អប្រសើរ ខណៈដែលច្បាប់ថ្មីមួយត្រូវបានប្រកាសឲ្យប្រើកាលពីចុងឆ្នាំកន្លងមក។
លោក U Thet Naing Oo នាយកគ្រប់គ្រងក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ Maverick Management បាននិយាយថា ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេស មីយ៉ាន់ម៉ា នឹងមានភាពល្អប្រសើរនៅឆ្នាំនេះ បន្ទាប់ពីរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយទាក់ទងនឹងច្បាប់ខុនដូ កាលពីចុងឆ្នាំ ២០១៧។
លោកបញ្ជាក់ថា ៖ «ជាក់ស្តែងយើងឃើញថា កម្ចីប្រាក់សម្រាប់ទិញផ្ទះនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមកើនឡើងតាំងពីចុងឆ្នាំមុន»។
តាមពិតទៅច្បាប់ខុនដូថ្មីនេះ ត្រូវបានអនុម័តតាំងពីខែ កុម្ភៈ ឆ្នាំ២០១៦ មកម្ល៉េះ តែទោះបីជាយ៉ាងណាវាទើបតែត្រូវបានគេផ្សព្វផ្សាយកាលពីចុងខែធ្នូ ឆ្នាំ ២០១៧ តែប៉ុណ្ណោះ។
ស្ថិតក្រោមច្បាប់ថ្មីនេះ ជនបរទេសត្រូវបានគេអនុញ្ញាតឲ្យធ្វើការអភិវឌ្ឍអចលនទ្រព្យបន្ទាប់ពីទទួលបានការយល់ព្រមពីគណៈកម្មការវិនិយោគរបស់ប្រទេស មីយ៉ាន់ម៉ា ដោយតម្រូវឲ្យធ្វើការសាងសង់ចាប់ពីចំនួន៦ជាន់ឡើងទៅ និងមានផ្ទៃដីយ៉ាងតិចចំនួន ២០២៣ ម៉ែត្រការ៉េ។
បន្ថែមពីនេះទៀតច្បាប់ក៏បានអនុញ្ញាតឲ្យអ្នកអភិវឌ្ឍន៍អាចលក់បន្ទប់ស្នាក់នៅក្នុងគម្រោងខុនដូរបស់ខ្លួនបានផងដែរនៅពេលណាដែលការសាងសង់គ្រឹះខាងក្រោមបានបញ្ចប់ទៅយ៉ាងតិច ១ ភាគ ៣។
គោលការណ៍នេះនឹងជួយកាត់បន្ថយបន្ទុកមូលធនទៅលើក្រុមហ៊ុនសាងសង់ និង ក្រុមហ៊ុនអភិវឌ្ឍន៍ ដោយជួយពួកគេឲ្យអាចគ្រប់គ្រងលំហូរសាច់ប្រាក់បានកាន់តែប្រសើរ។
ទន្ទឹមនឹងនេះជនបរទេសក៏នឹងត្រូវអនុញ្ញាតឲ្យទិញរហូតដល់ ៤០ ភាគរយ នៃចំនួនបន្ទប់នៅតាមជាន់នីមួយៗរបស់ខុនដូផងដែរ ខណៈនៅក្នុងសេចក្តីព្រាងច្បាប់ចាស់បានកំណត់ឲ្យជនបរទេសអាចកាន់កាប់បាន ៤០ ភាគរយនៃផ្ទៃក្រឡានៃជាន់នីមួយៗចាប់ពីជាន់ទី ៦ ឡើងទៅតែប៉ុណ្ណោះ។
ទាំងនេះគឺជាហេតុផលចម្បងដែលធ្វើឲ្យអ្នកជំនាញអចលនទ្រព្យរំពឹងថា នឹងមានជនបរទេសកាន់តែច្រើនចូលមកវិនិយោគក្នុងវិស័យអចលនទ្រព្យនៅប្រទេសមីយ៉ាន់ម៉ា។
លោក U Htoo Myat Naing ប្រធានភ្នាក់ងារអចលនទ្រព្យមីយ៉ាន់ម៉ា បាននិយាយថា៖ «យើងរំពឹងថា នឹងមានអ្នកវិនិយោគបរទេសកាន់តែច្រើនចូលមកវិនិយោគក្នុងវិស័យអចលនទ្រព្យនៅឆ្នាំនេះ»។
លោកបានបន្ថែមថា បើនិយាយទៅការលក់ខុនដូបានចាប់ផ្តើមកើនឡើងតាំងពីចុងឆ្នាំមុនមកម្ល៉េះ។
ទោះជាយ៉ាងណាក្រុមអ្នកវិភាគក៏បានព្រមានដែរថា វាអាចនឹងត្រូវចំណាយពេល មួយរយៈទៀតសម្រាប់ការធ្វើឲ្យតម្រូវការកើនឡើងខ្ពស់ដែលនេះក៏អាចធ្វើឲ្យប៉ះ ពាល់ដល់តម្លៃអចលនទ្រព្យផងដែរ។
បើតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Colliers International បានឱ្យដឹងថា នៅឆ្នាំ ២០២០ ខាងមុខនឹងមានអាផាតមិន ជាច្រើនលេចឡើងនៅក្នុងទីក្រុងយ៉ាំងហ្គោន ដោយ Bahan និង Yankin គឺជាទីតាំងពេញនិយមជាងគេ៕