នៅទីបំផុតព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី (កម្រិត F4) ដែលមានតម្លៃវិនិយោគ ១៥០០ លានដុល្លារអាមេរិកត្រូវបានកំណត់ពេលវេលាសាងសង់ ទំហំ និងទីតាំងជាក់លាក់ហើយដោយអាចស្ថិតនៅមាត់បឹងនៃស្រុកកណ្តាលស្ទឹងគឺប្រមាណ ១០ គីឡូម៉ែត្រពីក្រុងតាខ្មៅជាទីដែលភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតនៅឯជាយទីក្រុង តាខ្មៅនោះ។
ព្រលានយន្តហោះកម្រិត F4 បានន័យថាគឺជាព្រលានយន្តហោះធំទំនើបដែលអាចអនុញ្ញាតឱ្យយន្តហោះធំៗគ្រប់ប្រភេទចុះចតបាន។
អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក ស៊ិន ចាន់សេរីវុត្ថា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី ១៧ ខែមករាថាការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះអាចនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០១៩ ខាងមុខដោយគម្រោងនេះបានអនុម័តរួចរាល់ហើយព្រមទាំងមានទីតាំង (ដី) និងប្លង់ស្ថាបត្យកម្មរួចហើយដែរ ហេតុនេះគេនៅរង់ចាំតែពេលវេលាចរចារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនវិនិយោគសាងសង់ព្រលានតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «ទីតាំងសាងសង់ព្រលានយន្តហោះថ្មីនេះ ស្ថិតនៅតាមផ្នែកខាងលិចផ្លូវជាតិលេខ ២១ ជាតំបន់វាលបឹងកំប្លោកដ៏ធំ (ហៅបឹងរៀន) ដែលស្ថិតក្នុងរង្វង់ផ្លូវក្រវាត់ក្រុងទី ៣ នាពេលអនាគត»។
លោកបន្តថា៖ «ប្រសិនបើគិតពីកន្ទុយផ្លូវ ៦០ ម៉ែត្រ ឬផ្លូវសម្តេចតេជោ ហ៊ុន សែន ទៅកាន់ទីតាំងព្រលានថ្មីនេះអាចមានចម្ងាយប្រមាណ ៩ គីឡូម៉ែត្រ»។
អភិបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលលោក បូ ណារ៉េត បានប្រាប់ថា គម្រោងវិនិយោគធំៗគឺថ្នាក់ជាតិជាអ្នកសម្រេចហេតុនេះលោកពុំបានដឹងរឿងនេះទេ ប៉ុន្តែបើតាមតម្រុយខ្លះៗនៃទីតាំងភូមិសាស្ត្របង្ហាញថា «បើវាស្ថិតនៅចំភាគខាងត្បូងនៃបុរីកាំងម៉េងនោះគឺមានផ្ទៃដីស្ថិតនៅក្នុងភូមិសាស្ត្រឃុំជើងកើប និងឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល»។
លោក ចាន់សិរីវុត្ថា បន្តថាទីតាំងរបស់ព្រលានយន្តហោះថ្មីនេះភាគច្រើនគឺជាផ្ទៃបឹងដែលនឹងត្រូវបូមខ្សាច់យកមកចាក់បំពេញនាពេលខាងមុខមុនពេលចាប់ផ្តើមសាងសង់ព្រលានយន្តហោះ និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅជុំវិញ។
គម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញអន្តរជាតិនេះត្រូវបានចុះហត្ថលេខានាអំឡុងដំណើរទស្សនកិច្ចរបស់លោក លី កេឈាង នាយករដ្ឋមន្ត្រីចិនដែលបានមកទស្សនកិច្ចប្រទេសកម្ពុជានាពេលថ្មីៗនេះ។
តាមគម្រោងព្រលានយន្តហោះនេះគ្រោងនឹងវិនិយោគទឹកប្រាក់ ១៥០០ លានដុល្លារដោយសហការវិនិយោគជាមួយក្រុមហ៊ុន OCIC និងក្រុមហ៊ុនមួយដែលមានមូលដ្ឋានមកពីប្រទេសចិនដោយរួមគ្នាបង្កើតក្រុមហ៊ុនមួយដាក់ឈ្មោះថា Cambodia Airport Investment Co., Ltd.។
លោក ស៊ិន ចាន់សិរីវុត្ថា បានបន្តថាព្រលានយន្តហោះថ្មីនេះមានទំហំជាង ៧០០ ហិកតាគឺប្រហាក់ប្រហែលនឹងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបថ្មី ចំណែកផ្ទៃដីដែលនៅសល់គឺជាទីតាំងសម្រាប់សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅឋាននានាព្រោះការវិនិយោគព្រលានយន្តហោះមិនអាចរកផលចំណេញបានទេគឺមានតែការរៀបចំសេវាកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្មគាំទ្រទើបអ្នកវិនិយោគអាចរកផលចំណេញបាន។
លោកថ្លែងថា៖ «នេះជាគម្រោងវិនិយោគដែលត្រូវបានគេឲ្យឈ្មោះថា Air- port City គឺជាគម្រោងវិនិយោគចម្រុះដែលមានទាំងព្រលានយន្តហោះ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម»។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានស្វាគមន៍ចំពោះគម្រោងវិនិយោគដ៏ធំនេះស្របពេលកម្ពុជាបាននិងកំពុងស្ថិតក្នុងគោលដៅនៃការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទូទាំងពិភពលោក ហេតុនេះការសាងសង់ព្រលានយន្តហោះនេះគឺរឿងល្អណាស់ ប៉ុន្តែព្រលានយន្តហោះនេះគួរតែមានទំហំធំដែលអាចឲ្យយន្តហោះប្រភេទ Boeing ធំៗចុះចតបានព្រោះសមត្ថភាពព្រលានយន្តហោះសព្វថ្ងៃនេះមិនអាចឲ្យយន្តហោះខ្នាតធំចុះចតបានទេ។
លោកស្រីលើកឡើងថា៖ «ព្រលានយន្តហោះភ្នំពេញសព្វថ្ងៃកំពុងមមាញឹកហើយហេតុនេះយើងត្រូវការព្រលានយន្តហោះថ្មីបែបនេះដើម្បីបំពេញតម្រូវការនៃការតភ្ជាប់ផ្លូវអាកាស និងការធ្វើដំណើរ។ ព្រលានយន្តហោះថ្មីនេះត្រូវតែមានសមត្ថភាពខ្ពស់ និងទទួលអ្នកដំណើរបានច្រើន ដើម្បីឆ្លើយតបនឹងកំណើនរបស់ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា»។
បើគេក្រឡេកមើលសំណង់ផ្លូវថ្នល់ និងស្ពានមួយចំនួនធំនៃគម្រោងរបស់រាជរដ្ឋាភិបាលនាពេលនេះគឺហាក់បាននិងកំពុងសំដៅឆ្ពោះទៅកាន់ទីតាំងភូមិសាស្ត្រនៃគម្រោងព្រលានយន្តហោះថ្មីនេះរួចជាបណ្តើរៗហើយ ដោយមានមួយចំនួនបានសាងសង់រួចផងដែរដូចជា ការតភ្ជាប់មហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) ទៅកាន់ផ្លូវជាតិលេខ ២ ជាដើម។ មាន «ផ្លូវ ៦០ ម៉ែត្រជាផ្លូវក្រវាត់ក្រុងទី ២ ឆ្លងកាត់ពីស្រុកអង្គស្នួលដោយចេញពីផ្លូវជាតិលេខ ៤ មកកាត់ផ្លូវជាតិលេខ ៣ ត្រង់ចំណុចស្ពាន ៧ មករារួចឆ្ពោះទៅភ្ជាប់ផ្លូវជាតិលេខ ២ ដែលជាទីតាំងព្រលានយន្តហោះថ្មីនៅទីនោះ»។ នេះបើតាមប្រសាសន៍របស់លោក នីម និរ៉ាដេត អភិបាលស្រុកអង្គស្នួល។
«នៅលើផ្លូវក្រវាត់ក្រុងទី ២ នេះមានស្ពានធំមួយទទឹងជាង ១០ ម៉ែត្រ និងបណ្តោយជាង ២០០ ម៉ែត្រឆ្លងកាត់ស្ទឹងព្រែកត្នោតនៅក្នុងឃុំប្រាំបីមុំនៃស្រុកអង្គស្នួល រដ្ឋាភិបាលបានសាងសង់រួចរាល់ប្រមាណ ៩៧ ភាគរយហើយនៅរង់ចាំតែថ្ងៃសម្ពោធប៉ុណ្ណោះ។ ផ្លូវនេះក៏ប្រហែលជាសំដៅគាំទ្រដល់គម្រោងព្រលានយន្តហោះថ្មីនោះដែរ»។ ក្រៅពីនោះគម្រោងផ្លូវក្រវាត់ក្រុងទី ៣ ក៏ទំនងស្របទៅទិសដៅនោះដែរ។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានសាទរចំពោះគម្រោងសាងសង់ព្រលានយន្តហោះថ្មីដ៏មហិមាមានតម្លៃ ១៥០០ លានដុល្លារអាមេរិក។
លោកបាននិយាយថា កាលពីមុន ពេលលេចឮព័ត៌មាននេះ ដីស្រែ ឬដីបឹងនៅតំបន់នោះអាចរកទិញបានក្នុងតម្លៃចន្លោះពី «២-៥ ម៉ឺនដុល្លារក្នុង ១ ហិកតា ប៉ុន្តែឥឡូវប្រហែលជាស្ថិតនៅចន្លោះពី ៧-៨ ម៉ឺនក្នុង ១ ហិកតាហើយអាចនឹងបន្តឡើងទៅដល់ ១០-២០ ម៉ឺនដុល្លារផងដែរ» ។
លោកបានលើកឡើងថា៖ «តម្លៃដីនឹងហក់ឡើងនៅពេលមានគម្រោងធំៗអ្វីមួយកើតឡើងនៅក្នុងតំបន់បែបនេះដូច្នេះអ្នកឆ្លៀតឱកាសទិញភ្លាមលក់យកចំណេញខ្លះភ្លាមគឺជាការប្រសើរ ប៉ុន្តែប្រយ័ត្នអ្នកដែលជាអ្នកទិញចុងក្រោយមានតម្លៃខ្ពស់ហើយអាចនឹងជាប់គាំងលក់លែងចេញ ឬលែងចំណេញ»។
លោកពន្យល់ថាបើតាមលក្ខខណ្ឌភូមិសាស្ត្រគម្រោងសាងសង់ព្រលានយន្តហោះថ្មីដែលមានបឹងធម្មជាតិដ៏ធំនៅពីខាងកើត និងព័ទ្ធជុំវិញដោយស្រែចម្ការព្រមទាំងភូមិឋានរបស់ប្រជាជននោះ «ជាភូមិសាស្ត្រមួយសមប្រកប ព្រោះតាមដែលខ្ញុំធ្លាប់ធ្វើដំណើរតាមជើងហោះហើរទៅប្រទេសធំៗគឺឃើញព្រលានយន្តហោះរបស់គេនៅជិតបឹង ឬ ដៃសមុទ្រជាដើម»។ «ខ្ញុំប្រាថ្នាចង់ឃើញព្រលានយន្តហោះថ្មីនេះសង់បានសម្រេចដើម្បីជាមោទនភាពប្រជាជាតិកម្ពុជា»៕