បើទោះបីជាក្នុងឆ្នាំ ២០១៧ កន្លងមកគេសង្កេតឃើញថា ការចាប់ផ្តើមនៃគម្រោងធំៗហាក់មិនសូវមានច្រើននៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែនៅតំបន់ផ្សេងៗ ពិសេស តំបន់មាត់សមុទ្របានកើនឡើងយ៉ាងច្រើន ដែលធ្វើឱ្យទិន្នន័យចេញផ្សាយដោយអាជ្ញាធរមានសមត្ថកិច្ចគ្រប់គ្រងផ្នែកសំណង់បង្ហាញថា ទឹកប្រាក់វិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ ២០១៧ បានកើនឡើងជាង ២០ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៦។
របាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ ២០១៧ និងលើកទិសដៅការងារឆ្នាំ ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៧ កន្លងមក ក្រសួងបានអនុម័តគម្រោងសាងសង់សរុបចំនួន ៣ ០៥២ គម្រោង លើផ្ទៃក្រឡាសាងសង់សរុបចំនួន ១០ ៧៤៦ ២១៩ ម៉ែត្រការ៉េ និងមានតម្លៃវិនិយោគប្រមាណជាង ៦ ៤២៨ លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៦ ដែលមានតម្លៃប្រមាណជាង ៥ ២៥៦ លានដុល្លារ ដែលចំនួននេះគឺកើនឡើង ២២,៣១ ភាគរយ។
របាយការណ៍នោះបានឲ្យដឹងទៀតថា ក្នុងឆ្នាំកន្លងមកមានក្រុមហ៊ុនសាងសង់ចំនួន ២៧៥ បានមកចុះបញ្ជីនៅក្រសួង ក្នុងនោះក្រុមហ៊ុនបរទេសមានចំនួន១០២។
នាយកគ្រប់គ្រងក្រុមហ៊ុន ថោនស៊ីធី រៀលអុីស្ទេត លោក វ៉ន ចាន់ថន (Van Chanthorn, Managing Director of Town City Real Estate Co., Ltd) បាននិយាយថា សម្រាប់ឆ្នាំ ២០១៧ កន្លងមកពិតជាមានគម្រោងសាងសង់កើតឡើងច្រើនមែន ពិសេសសំណង់ដែលមានលក្ខណៈជាមជ្ឈមណ្ឌលកម្សាន្ត កាស៊ីណូ សណ្ឋាគារ ខុនដូ និងបុរីជាដើម។
លោកបន្តថា បើនិយាយពីគម្រោងធំៗភាគច្រើនត្រូវបានវិនិយោគដោយភ្ញៀវជនជាតិបរទេស ដែលមានដូចជា វិនិយោគិនចិន និងសិង្ហបុរី ជាដើម តែបើគម្រោងបែបលំនៅឋានជាប់ដី (បុរី និងសំណង់ផ្ទះល្វែង) គឺត្រូវបានវិនិយោគដោយក្រុមហ៊ុនក្នុងស្រុកភាគច្រើន។
លោកបានបន្តថា ៖ «បើនិយាយពីឆ្នាំ ២០១៧ កន្លងមកគេអាចនិយាយបានថា ពិតជាមានគម្រោងសាងសង់ច្រើន ជាពិសេសនៅតំបន់មាត់សមុទ្រនៃខេត្តព្រះសីហនុ។ នៅតំបន់មាត់សមុទ្រកម្ពុជា កំពុងស្រូបបាននូវភ្ញៀវទេសចរជាច្រើន ពិសេសភ្ញៀវជន ជាតិចិនដែលការមកដល់នៃភ្ញៀវទេសចរទាំងនេះសុទ្ធតែត្រូវការកន្លែងកម្សាន្ត និងស្នាក់នៅ»។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៧ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតឱ្យសាងសង់បានចំនួន៣៩ ៩០៣គម្រោង ដែលមានផ្ទៃក្រឡាសរុបចំនួនជាង ១០២ លានម៉ែត្រការ៉េ និងមានតម្លៃវិនិយោគប្រមាណ ៣៧ ៧៧១លានដុល្លារ។
ក្នុងឆ្នាំ ២០១៧ វិស័យសំណង់នៅកម្ពុជាត្រូវការកម្លាំងពលកម្មប្រមាណ ២៥៥ ០០០ទៅ ២៦០ ០០០ នាក់ក្នុង១ថ្ងៃ ខណៈកាលពីឆ្នាំ ២០១៦ ស្ថិតនៅចន្លោះពី ១៨០ ០០០ទៅ ១៨៥ ០០០នាក់៕