នៅទីបំផុតទៅ គម្រោងលំនៅដ្ឋានសាធារណៈសម្រាប់អ្នកចំណូលទាបនិងមធ្យមរបស់ក្រុមហ៊ុន WorldBridge Group ដែលប្រជាពលរដ្ឋជាច្រើន ពិសេស មន្ត្រីរាជការបាននិងកំពុងរង់ចាំយ៉ាងអន្ទះសានោះ ត្រៀមនឹងបើកលក់ជាផ្លូវការនៅចុងខែមករា ឆ្នាំ២០១៨នេះហើយ ខណៈដែលគម្រោងនេះ បច្ចុប្បន្ន បាននិងកំពុងសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group បានបង្ហើបប្រាប់ ខេមបូណូមីស ថា គម្រោងលំនៅដ្ឋានសាធារណៈតម្លៃសមរម្យនេះ ត្រៀមនឹងបើកឲ្យអតិថិជនអាចកក់ប្រាក់ និងជាវ ចាប់ពីថ្ងៃទី២៨-២៩ ខែមករានេះ តទៅហើយ ខណៈដែលគម្រោងនេះទទួលបានច្បាប់រួចរាល់ហើយ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយក៏កំពុងរង់ចាំនូវច្បាប់មួយទៀត ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផងដែរ។ យ៉ាងណាក៏ដោយ លោកឧកញ៉ាបានគូសបញ្ជាក់ថា នៅសប្ដាហ៍ក្រោយនេះ ខាងក្រុមហ៊ុននឹងទទួលបានច្បាប់នេះពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយ។
ឆ្លើយតបទៅនឹងការរង់ចាំយ៉ាងអន្ទះសារបស់អ្នកដែលបានចុះឈ្មោះទិញកាលពីពេលកន្លងទៅ លោកឧកញ៉ា សៀ ឫទ្ធី បានប្រកាសឲ្យអ្នកដែលបានចុះឈ្មោះទិញទាំងអស់ មេត្តាត្រៀមខ្លួននិងឯកសារបញ្ជាក់ ឲ្យបានរួចរាល់ដើម្បីបន្តទៅធ្វើការកក់ប្រាក់និងជាវផ្ទះក្នុងក្ដីស្រមៃរបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅនៅចុងខែមករានេះ ពោលគឺអាចនៅថ្ងៃទី២៨ ឬ ២៩ ខែមករា ឆ្នាំ២០១៨ នេះតទៅ។
លោកឧកញ៉ា សៀ ឫទ្ធី បន្ថែមថា គម្រោងនេះនឹងមិនមានការប្រែប្រួលទីតាំង តម្លៃ និងគុណភាព សោភ័ណភាពផ្ទះនោះទេ ពោលគឺក្នុងជំហានទី១នៃគម្រោងនេះ នឹងត្រូវចំណាយប្រាក់សាងសង់ប្រមាណជា ៦០លានដុល្លារអាមេរិក ដោយធ្វើការសាងសង់នៅលើផ្ទៃដី២៤ហិកតា មានចំនួន ២២៩៧ផ្ទះ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ប្រមាណ ៨គីឡូម៉ែត្រ ពីទីក្រុងតាខ្មៅ។
អ្នកអភិវឌ្ឍអចលនទ្រព្យដ៏ល្បីឈ្មោះរូបនេះ បានគូសបញ្ជាក់ទៀតថា ការសាងសង់សំណង់លំនៅដ្ឋាននេះ គឺប្រើប្រាស់ពេលវេលាលឿនណាស់ ហើយបច្ចុប្បន្ន ខាងក្រុមហ៊ុនបាននិងកំពុងសាងសង់នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឲ្យបានរួចរាល់។
បើតាមការអះអាងពីលោកឧកញ៉ា សៀ ឫទ្ធី មិនឲ្យកន្លងហួសពីឆ្នាំ២០១៨ នេះទេ លំនៅដ្ឋានមួយចំនួននឹងសាងសង់រួចរាល់ ដើម្បីប្រគល់ជូនអតិថិជនជាបណ្ដើរៗ។
គួរជម្រាបដែរថា បើតាមការធ្លាប់អះអាងពីលោកឧកញ៉ា សៀ ឫទ្ធី បានឲ្យដឹងថា ដើម្បីមានសិទ្ធិទទួលបានផ្ទះតម្លៃសមរម្យនេះ ពលរដ្ឋខ្មែរ ពិសេស មន្រ្តីរាជការត្រូវតែបំពេញលក្ខខណ្ឌសំខាន់ៗមួយចំនួន ដូចជា៖
ក្រៅពីគម្រោងលំនៅដ្ឋានសាធារណៈតម្លៃសមរម្យនេះ ក្រុមហ៊ុនលោកឧកញ៉ា សៀ ឫទ្ធី ក៏បាននិងកំពុងអភិវឌ្ឍនូវគម្រោងលំនៅដ្ឋានដ៏ប្រណីតបែប រីស៊ត ថ្មីមួយទៀត នៅតាមបណ្ដោយផ្លូវជាតិលេខ១ ចម្ងាយប្រមាណ ៤គីឡូម៉ែត្រពីគល់ស្ពានព្រះមុនីវង្ស។
គម្រោងនេះទៀតសោត ត្រូវបានឧកញ៉ា សៀ ឫទ្ធី បង្ហើបឲ្យដឹងថា នឹងប្រកាសបើកលក់ផ្លូវការ និងបុកគ្រឹះសាងសង់ នៅសប្ដាហ៍ទី៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះហើយ ខណៈដែលតម្លៃក៏មិនធម្មតាដែរ៕