Hot line: +855 (0)99 283 388
● You are in: Media > Detail News
អ្នក​ជំនាញ៖ ជំនួញ​​អចលន​ទ្រព្យ​​មាន​ភាព​ធម្មតា គ្រាន់តែ​មិន​សូវ​កាក់កប​ខ្លាំង​ដូច​មុន
Date: 2017-08-18

អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​លើក​ឡើង​ថា ការទិញ លក់ និង​ជួល​អចលន​ទ្រព្យ​នៅ​អំឡុង​ឆ្នាំ​២០១៧​នេះ មិន​មាន​អ្វី​ដែល​ជា​បញ្ហា​រាំង​ស្ទះ ដូច​ទៅ​នឹង​អ្វី​ដែល​សាធារណជនខ្លះ​បារម្ភ​​​នោះ​ឡើយ ពោល​គឺ​គ្រប់​គម្រោង​អភិវឌ្ឍន៍​អចលន​ទ្រព្យ មាន​អគារ​ខុនដូ បុរី​លំនៅដ្ឋាន​ ទាំង​ធំ ទាំង​តូច គឺ​ដំណើរការ​ជា​ធម្មតា។ ប៉ុន្តែ សម្រាប់​ប្រាក់​ចំណេញ​ពី​ការ​វិនិយោគ​ដែល​ធ្លាប់​តែ​ចំណេញ​ពី​កម្រិត ៣ ឬ ៤​ដង ឥឡូវ​ ថម​ថយ​មក​នៅ​ត្រឹម ១ ឬ ២​ដង​វិញ ខណៈ​ការ​ប្រកួត​ប្រជែង​កំពុង​កើន​ឡើង​ខ្លាំង។

ជាការ​ឆើ្លយ​តប​ទៅ​នឹង​សាធារណជន ដែល​ធ្លាប់​តែ​ស្រពិច​ស្រពិល​ថា វិស័យ​អចលន​ទ្រព្យ​នៅ​ឆ្នាំ​២០១៧ មាន​ការ​ធ្លាក់​ចុះ បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា បាន​អះអាង​ថា អ្នក​និយាយ​ចេះ​តែ​និយាយ តែ​អ្នក​ធ្វើ​នៅ​តែ​ធ្វើ ដូច​ដែល​បាន​ឃើញ​ស្រាប់​ហើយ គម្រោង​អភិវឌ្ឍន៍​បុរី​លំនៅ​ដ្ឋាន​ធំៗ​នៅ​កម្ពុជា​កំពុង​ពង្រីក​វិសាល​ភាព​របស់​ខ្លួន​កាន់​តែ​ច្រើន។

ចំណែក​គម្រោង​ថ្មីៗ​ផ្សេង​ទៀត ក៏​បាន​បញ្ចេញ​កាន់​តែ​ច្រើន​ក្នុង​ទីផ្សារ​ដែរ ដូច្នេះ លោក គីម ហ៊ាង មើល​មិន​ឃើញ​ថា វិស័យ​អលន​ទ្រព្យ​មាន​ការ​ធ្លាក់​ចុះ​នោះ​ទេ តែ​អ្វី​ដែល​លោក​មើល​ឃើញ គឺ​ការ​ប្រកួត​ប្រជែង​ច្រើន ធ្វើ​ឲ្យ​ប្រាក់​ចំណេញ​ពី​ការ​ធ្វើ​ជំនួញ​លើ​វិស័យ​អចលន​ទ្រព្យ​បាន​ថម​ថយ​កំណើន​ជាង​ឆ្នាំ​មុនៗ។

លោក គីម ហ៊ាង បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា ៖ «នៅ​ពេល​ដែល​យើង​មាន​ផលិតផល​ដាក់​លក់​តែ​ឯង យើង​កំណត់​តម្លៃ​ប៉ុន្មាន​ក៏​បាន​ដែរ ខុស​ពី​ឥឡូវ​នេះ គម្រោង​អភិវឌ្ឍន៍​បុរី​លំនៅដ្ឋាន​ក៏​ច្រើ​ន​ ខុនដូ ឬ​អគារ​ស្នាក់​នៅ​រួម​ក៏ច្រើន ដីឡូត៍​ប្រកាស​ដាក់​លក់​ក៏​ច្រើន ដូច្នេះ បើ​យើង​យក​ចំណេញ​ច្រើន ប្រាកដ​ណាស់​គេ​នឹង​មិន​អាច​ទិញ​ផលិត​ផល​យើង​នោះ​ឡើយ ព្រោះ​គេ​មាន​ជម្រើស​ច្រើន»។ 

លោក​បន្ត​ថា ការ​វិនិយោគ​បែប​នេះ កាល​ពី​មុន មាន​តែ​យើង យើង​អាច​យក​ចំណេញ​ពី ២ ទៅ ៣​ដង​បាន តែ​ឥឡូវ​គឺ​មិន​អាច​នោះ​ឡើយ។ ដូច្នេះ បច្ចុប្បន្ន បញ្ហា​គឺ​ស្ថិត​នៅ​លើ​តម្លៃ​តែ​ប៉ុណ្ណោះ។ នៅ​ពេល​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង ប្រាក់​​ចំណេញ​នឹង​ថយ​ចុះ តែ​វា​មិន​ខាត​ឡើយ​សម្រាប់​ការ​វិនិយោគ​អចលន​ទ្រព្យ។

យ៉ាង​ណា​ក៏​ដោយ លោក គីម ហ៊ាង បាន​ឲ្យ​ដឹង​ទៀត​ថា វិស័យ​អចលន​ទ្រព្យ​នៅ​ឆ្នាំ​នេះ បាន​និង​កំពុង​ឈរ​លំដាប់​នាំ​មុខ​គេ​មួយ​នៃ​វិស័យ​សំខាន់ៗ​ផ្សេង​ទៀត ក្នុង​ទិសដៅ​បន្ត​គាំទ្រ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា។ 

ការ​រីក​លូត​លាស់​ខ្លាំង​នៃ​វិស័យ​នេះ ក៏​បាន​ធ្វើ​ឲ្យ​តម្រូវការ​ភ្នាក់ងារ​ផ្ដល់​សេវា​កម្ម​ផ្នែក​អចលន​វត្ថុ​ក៏​កំពុង​មាន​តម្រូវការ​ខ្លាំង​ផង​ដែរ ពិសេស គឺ​ភ្នាក់ងារ​ដែល​មាន​វិជ្ជាជីវៈ​ច្បាស់​លាស់​តែ​ម្តង។

យោង​តាម​របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណាង់ គម្រោង​ស្នើ​សុំ​លិខិត​អនុញ្ញាត​សាងសង់​សំណង់​ក្នុង​ឆមាស​ទី១ ឆ្នាំ​២០១៧​នេះ មាន​ចំនួន​សរុប ១​ពាន់​៥២៣ គម្រោង ដែល​មាន​ទុន​វិនិយោគ​ជិត ៥​ពាន់​លាន​ដុល្លារ ក្នុង​នោះ គម្រោង​អភិវឌ្ឍន៍​បុរី​លំនៅដ្ឋាន​មាន ១៤​ទីតាំង​ និង​គម្រោង​អភិវឌ្ឍន៍​សំណង់​បរទេស​មាន ១៥​គម្រោង៕

 

Source From: https://cambonomist.com
Share
Our Partners