Hot line: +855 (0)99 283 388
● You are in: Media > Detail News
មន្ត្រីជាន់ខ្ពស់ ៖ វិស័យសំណង់នៅកម្ពុជាស្រូបទាញទុនវិនិយោគបាន 1,2 ពាន់លានដុល្លារ ក្នុងឆមាសទីមួយ
Date: 2022-09-07

លោក លី រស្មី រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ដូច្នេះក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល 5ឆ្នាំកន្លងមករបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” កាលពីថ្មីៗនេះ។ 

លោក លី រស្មី  បានថ្លែងបន្តថា ៖«ប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងថៃ គឺជាអ្នកវិនិយោគធំជាងគេនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យរបស់កម្ពុជា»។

លោកបានលើកឡើងថា ការបន្តកើនឡើងនៃគម្រោងសាងសង់ដែលត្រូវបានអនុម័តនេះ គឺបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគ ដែលជឿជាក់លើសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយរបស់ប្រទេសកម្ពុជាំ។

លោកមានប្រសាសន៍ដូច្នេះថា ៖«វិស័យសំណង់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបានបង្កើតការងារជាច្រើនដល់ប្រជាជនយើង»។

វិស័យសំណង់គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួន ដែលជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ វិស័យបីផ្សេងទៀតគឺការនាំចេញសម្លៀកបំពាក់ ទេសចរណ៍ និងកសិកម្ម។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ពីឆ្នាំ2000 ដល់ខែមិថុនា ឆ្នាំ 2022 កម្ពុជាបានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងសំណង់ចំនួន 57,590 នៅទូទាំងប្រទេស ជាមួយនឹងទុនវិនិយោគសរុបចំនួន 66.2 ពាន់លានដុល្លារ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងទៀតថា បច្ចុប្បន្ន កម្ពុជាមានអគារខ្ពស់ចំនួន 2,472 (ចន្លោះពី 5 ទៅ 40 ជាន់) និង 482 គម្រោងបុរី និងអគារលំនៅដ្ឋាន៕

Source From:
Share
Our Partners