Hot line: +855 (0)99 283 388
● You are in: Media > Detail News
សម្តេចតេជោ ជំរុញឲ្យប្រែក្លាយតំបន់រុនតាឯក សៀមរាប ទៅជាទីក្រុងស៊ីវិល័យមួយនាពេលអនាគត
Date: 2022-09-14

សម្តេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរើសំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ។

ពាក់ព័ន្ធនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យចាក់ផ្លូវកៅស៊ូទៅកាន់តំបន់រុនតាឯក ដែលផ្លូវកៅស៊ូនេះ ត្រូវធ្វើឱ្យរួចរាល់មុនចូលឆ្នាំខ្មែរ។ សម្រាប់ផ្លូវក្នុងភូមិនៅតំបន់រុនតាឯក ក៏ត្រូវធ្វើរហូតដល់ ១៤០គីឡូម៉ែត្រ ដែលរហូតដល់ពេលនេះកសាងបាន ១៨គីឡូម៉ែត្រហើយ ក្នុងនោះក៏ត្រូវមានផ្លូវចាក់កៅស៊ូចូលមកតំបន់នេះ និងចាក់បេតុងមួយចំនួននៅក្នុងនេះផងដែរ។

សម្រាប់បញ្ហាទឹកវិញ សម្តេចតេជោ ហ៊ុន សែន បានអនុម័តភ្លាមៗ ហើយណែនាំឱ្យ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ តភ្ជាប់បណ្តាញទឹកស្អាតចេញពីតំបន់ព្រលានយន្តហោះថ្មីក្រុងសៀមរាប ទៅផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅតំបន់នេះដែលមានចម្ងាយ ១៧គីឡូម៉ែត្រ ដើម្បីរុញតំបន់រុនតាឯកនេះ ឱ្យក្លាយទៅជាកូនក្រុងមួយ នៅថ្ងៃអនាគត។

ក្រៅពីនោះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អគ្គិសនីកម្ពុជា ដើម្បីតអគ្គិសនីទៅកាន់តំបន់រុនតាឯកថែមទៀត បើទោះបីជាពួកគេត្រូវបានផ្តល់អណ្តូងទឹក ១ ផ្ទះមួយក៏ដោយ។

ទាក់ទងនឹងវិស័យអប់រំនៅមូលដ្ឋានវិញ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យសាងសង់សាលារៀនដែលមានសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យផងដែរ ដែលការសាងសង់ត្រូវធ្វើជាជំហានៗ ខណៈដែលការសាងសង់សាលាបឋមសិក្សា បានធ្វើឡើងរួចហើយផងដែរ។ សម្រាប់សាលានេះ សម្តេចក៏បានផ្តល់ផ្ទះជូនដល់គ្រូបង្រៀនចំនួន1ខ្នងមាន២ជាន់ និង២០បន្ទប់សម្រាប់គ្រូ ២០នាក់ផងដែរ។

ពាក់ព័ន្ធនឹងវិស័យសុខាភិបាល សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យសាងសង់មន្ទីរពេទ្យ ដែលមន្ទីរពេទ្យនោះ ត្រូវមានមណ្ឌលសុខភាព ៣ខ្នង ក្នុងនោះ ១ខ្នង សម្រាប់ពិនិត្យ និងព្យាបាលជំងឺទូទៅ មួយខ្នងជាអគារសម្ភព និងមួយខ្នងទៀតជា អគារស្នាក់នៅដែលមាន ២០បន្ទប់សម្រាប់គ្រូពេទ្យនៅតំបន់នេះ។

នៅក្នុងពិធីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានក៏បង្ហាញគម្រោងកសាងផ្សារចំនួន៨ខ្នង នៅតំបន់រុនតាឯកផងដែរ ដោយក្នុងនោះមានរបស់របរ សម្ភារៈ អាហារ និងកាហ្វេល្អ ដើម្បីរុញតំបន់នេះទៅជាតំបន់ស៊ីវិល័យ។

ដើម្បីងាយស្រួលទំនាក់ទំនង សម្តេចតេជោ បានណែនាំឱ្យរៀបចំផ្គត់ផ្គង់ និងបង្កើនសេវាទូរស័ព្ទ និងអ៉ិនធើណិត នៅតំបន់រុនតាឯកថែមទៀត។ បន្ថែមពីនេះ ក៏ត្រូវរៀបចំប្រព័ន្ធលូឱ្យបានល្អ សម្រាប់បរិស្ថានល្អដល់ប្រជាពលរដ្ឋនៅតំបន់នេះ។  

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។   

ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២៕ 

Source From:
Share
Our Partners