រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះ សកម្មភាពនៃការលក់អចលនទ្រព្យបង់រំលស់កំពុងពេញនិយមជាខ្លាំងទាំងក្រុមហ៊ុនវិនិយោគធំៗ និងក្រុមហ៊ុនតូចៗដែលទើបឈានជើងប្រឡូក ។ ដោយសារតែសកម្មភាពនេះកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ បញ្ហាប្រឈមសម្រាប់អតិថិជនដែលជាអ្នកទិញ ក៏បានកើតឡើងជាបន្តបន្ទាប់ ហើយវានឹងបន្តកើតឡើងទៀត បើសិនជាគ្មានការទប់ស្កាត់ណាមួយ ឬក៏អ្នកទិញមិនបានសិក្សាច្បាស់លាស់ មុននឹងសម្រេចចិត្តទិញគម្រោងអចលនទ្រព្យទាំងនោះ មិនថា ដីធ្លី ឬផ្ទះសម្បែងឡើយ ។
ទាក់ទងនឹងបញ្ហានេះ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ បានបង្ហាញនូវទស្សនៈមួយចំនួន ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋដែលជាអ្នកស្វែងរក និងកំពុងទិញអចលនទ្រព្យដោយមធ្យោបាយបង់រំលស់ ។
លោកបានឱ្យដឹងថា មុននឹងទិញអចលនទ្រព្យណាមួយដោយបង់រំលស់ប្រចាំខែ ជាពិសេស ការទិញដីឡូត៍ អ្នកទិញត្រូវសិក្សា និងស៊ើបឱ្យបានច្បាស់លាស់ទៅលើប្រវត្តិ និងកេរ្តិ៍ឈ្មោះរបស់អ្នកវិនិយោគ ឬអ្នកលក់នោះ។ ម្យ៉ាងទៀត ការសួររកប្លង់កម្មសិទ្ធិ ក៏ជាកត្តាចម្បងមួយដែរដើម្បីឱ្យដឹងច្បាស់ថា ដីនោះ មានជាប់ពាក់ព័ន្ធជាមួយនឹងអ្នកណាផ្សេង ឬ អចលនទ្រព្យនោះកំពុងជាប់ក្នុងបញ្ជីដាក់បញ្ចាំក្នុងធនាគារណាមួយដែរឬទេ ។ ដូចនេះ អ្នកទិញគួរតែសួររកប្លង់រឹង ឬប្លង់ទន់ ដើម្បីបញ្ជាក់ពីភាពស្របច្បាប់នៃអចលនទ្រព្យ ។
លោកបន្តថា ដោយសារតែកន្លងមក អ្នកទិញភាគច្រើនមិនបានចាប់អារម្មណ៍លើចំណុចនេះ ទើបកើតមានបាតុភាពមួយចំនួនពាក់ព័ន្ធនឹងបញ្ហានេះ ពីព្រោះមានករណីខ្លះ អ្នកលក់យកអចលនទ្រព្យ ជាពិសេស ដីធ្លីដែលកំពុងមានទំនាស់ មិនទាន់ដោះស្រាយបាន យកទៅពុះជាឡូត៍លក់ជូនប្រជាពលរដ្ឋដែលកំពុងស្វែងរកដីសង់ផ្ទះ ។
លោកនិយាយថា ៖« បើសិនជាចង់ឱ្យកាន់តែល្អ និងគ្មានបញ្ហាកើតមានក្រោយពេលទិញដី ឬអចលនទ្រព្យ បើអាច អ្នកទិញគួរសាកសួរទៅអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីរដ្ឋាភិបាល ពីគម្រោងអចលនទ្រព្យដែលបម្រុងនឹងទិញថា តើវាស្របច្បាប់ដែរឬទេ អាចទិញបានដែរទេ ដើម្បីកុំឱ្យមានបាតុភាពកើតមានតាមក្រោយ » ។
អ្នកប្រឹក្សាសេដ្ឋកិច្ចរូបនេះ ក៏បានផ្ដល់ជាមតិយោបល់មួយចំនួនផងដែរពាក់ព័ន្ធនឹងការសម្រេចចិត្តទិញអចលនទ្រព្យ ដូចជា ដី និងផ្ទះជាដើម ។ លោកឱ្យដឹងថា បើសិនជាអ្នកកំពុងស្វែងរកលំនៅឋានមួយសមរម្យដើម្បីរស់នៅ ហើយគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញបង់ផ្ដាច់ គាត់អាចទិញផ្ទះដោយបង់រំលស់ប្រចាំខែ ក៏ប៉ុន្តែក្នុងអំឡុងពេលបង់រំលស់នោះ ត្រូវតែខិតខំរកលុយមកបង់ប្រាក់ដើមឱ្យឆាប់ដាច់តែម្ដង បើទោះបីជាក្រុមហ៊ុនសង់លំនៅឋានលក់នោះ ទុករយៈពេលយូរក៏ដោយ ។
លោកនិយាយថា ៖« ទោះបីជាការបង់រំលស់ វាមានការប្រាក់ប្រចាំខែក៏ពិតមែន យើងគួរព្យាយាមរកចំណូលបន្ថែមដើម្បីបង់ថ្លៃដើមនៃផ្ទះនោះឱ្យឆាប់ដាច់ ។ ថ្វីដ្បិតតែវាមានការប្រាក់ ហើយនៅពេលបង់រួច តម្លៃផ្ទះវាខ្ពស់ជាងតម្លៃពិតប្រាកដនៅពេលបច្ចុប្បន្នក្តី តែនៅពេលបង់ចប់ តម្លៃផ្ទះរបស់យើង ក៏អាចឡើងដែរ ហើយបើសិនជាយើងរង់ចាំ ទំម្រាំរកប្រាក់បានគ្រប់ ចាំទិញនោះ ក៏វាពិបាក ហើយតម្លៃផ្ទះក៏ចេះតែឡើងជាបន្តបន្ទាប់ » ។
លោក ង៉ែត ជូ បានបង្ហាញពីការព្រួយបារម្ភចំពោះអ្នកវិនិយោគដែលទិញលំនៅឋានបែបលោភលន់ មានន័យថា ក្នុងម្នាក់ទិញ៣ឬ៤ល្វែងដោយការបង់រំលស់ ។ ការធ្វើរបៀបនេះ នឹងធ្វើឱ្យមានហានិភ័យនៅពេលអនាគត ពីព្រោះក្រុមហ៊ុនផ្គត់ផ្គង់គាត់គិតថា តម្រូវការកាន់តែមាន គាត់កាន់តែសង់បន្ថែម ដោយមិនដឹងថា តម្រូវការពិតប្រាកដមានប៉ុន្មានទេ ។ អីចឹងហើយនៅពេលដែលម្នាក់ទិញ៣ឬ៤ល្វែងកាន់តែច្រើនឡើងៗ វានឹងធ្វើឱ្យការផ្គត់ផ្គង់លើសតម្រូវការ និងអាចបណ្ដាលឱ្យមានវិបត្តិនៅ៤ឬ៥ឆ្នាំក្រោយ ៕