ក្រុមហ៊ុនជប៉ុន CREED ASIA (Cambodia) Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ CREED GROUP បានសម្រេចបោះទុនវិនិយោគប្រមាណ ៦០ លានដុល្លារអាមេរិកលើគម្រោងខុនដូ និងលំនៅឋាននៅទីក្រុងភ្នំពេញជាគម្រោងដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកវិនិយោគបរទេស និងប្រជាជនក្នុងស្រុក។
លោក ស៊ីវ ម៉េង អ្នកយកព័ត៌មានផ្នែកអចលនទ្រព្យនៃកាសែតភ្នំពេញប៉ុស្ត៍អចលនទ្រព្យបានជួបសម្ភាសន៍ជាមួយលោក TAKASHI Eguchi អគ្គនាយកក្រុមហ៊ុន CREED Asia (Cambodia) Co., Ltd. ដើម្បីលើកឡើងពីទស្សនវិស័យ និងគម្រោងវិនិយោគរបស់ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធរបស់ CREED GROUP។
តើលោកចាប់ផ្តើមគម្រោងវិនិយោគរបស់លោកនៅកម្ពុជាយ៉ាងដូចម្តេច?
ក្រុមហ៊ុនរបស់យើងបានសហការចាប់ដៃគូជាមួយក្រុមហ៊ុន TRIPLE GEM នៅឆ្នាំ ២០១២ និងបានចាប់ផ្តើមវិនិយោគខុនដូ Bodaiju Residences នៅឆ្នាំ ២០១៣ ដែលរហូតមកទល់ពេលនេះយើងបានវិនិយោគលើគម្រោងខុនដូ និងលំនៅឋានមានលក្ខណៈជាបុរី។
គម្រោងទី ១ ជាគម្រោងខុនដូ Bodaiju ដែលរហូតមកទល់ពេលនេះយើងលក់បានអស់ជាង ៩០ ភាគរយហើយ និងកំពុងសាងសង់អគារចំនួន ៣ ក្នុងចំណោមអគារចំនួន ៦ នៅក្នុងគម្រោងនេះ ប៉ុន្តែការសាងសង់អគារ ៣ ផ្សេងទៀតយើងមិនទាន់ចាប់ផ្តើមទេ ដោយកំពុងសិក្សាស្ថានភាពទីផ្សារ។
តើលោកមើលឃើញដូចម្តេចចំពោះគម្រោងខុនដូនៅកម្ពុជា?
តម្រូវការខុនដូសម្រាប់ផ្គត់ផ្គង់ប្រជាជនក្នុងស្រុកពិតជាមានកម្រិតមែនទែន ប៉ុន្តែខុនដូរបស់យើងលក់បានច្រើនសម្រាប់ជនបរទេសដែលភាគច្រើនជាជនជាតិចិន ជប៉ុន កូរ៉េ ចិនហុងកុង តៃវ៉ាន់ជាដើម។ យើងមិននិយាយពីគម្រោងខុនដូបានផ្គត់ផ្គង់លើសតម្រូវការនោះទេ ព្រោះយើងកំពុងសម្លឹងមើលទីផ្សារដែលការផ្គត់ផ្គង់មានភាពលើសតម្រូវការ។
ប៉ុន្តែសម្រាប់រយៈពេល ១០ ឆ្នាំខាងមុខខ្ញុំគិតថាប្រជាជនខ្មែរនឹងផ្លាស់ប្តូររបៀបនៃការគិត។ ពួកគេនឹងសម្រេចចិត្តរស់នៅតាមខុនដូឧទាហរណ៍ ជាក់ស្តែងដូចជានៅទីក្រុងបាងកក ប្រទេសថៃ ប្រជាជនចង់រស់នៅលើលំនៅឋានជាប់ដី ប៉ុន្តែនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្នុងទីក្រុងតម្លៃដីមានតម្លៃយ៉ាងខ្ពស់ដែលធ្វើពួកគេសម្រេចចិត្តរស់នៅតាមខុនដូ។
នៅក្នុងទីក្រុងហូជីមីញក៏ដូចគ្នាដែរប្រជាជនប្រាថ្នារស់នៅផ្ទះជាប់ដីដូចគ្នា ប៉ុន្តែដោយសារដីមានតម្លៃថ្លៃ និងទីក្រុងកាន់តែចង្អៀតពួកគេសម្រេចចិត្តរស់នៅតាមខុនដូ។ នាពេលអនាគតប្រជាជនវ័យក្មេងនៅទីនេះពួកគេនឹងរស់នៅតាមខុនដូដែលមានទីតាំងនៅក្បែរ ឬកណ្តាលទីក្រុង។