Hot line: +855 (0)99 283 388
● You are in: Media > Detail News
គម្រោង​អចលនទ្រព្យ​កូរ៉េ​ ដែល​ជាប់​គាំង​នៅ​​ភ្នំពេញ ​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ឡើង​វិញ​ខ្លះៗ
Date: 2017-08-31

អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្តុប​ត្រង់​ចំណុច​ប្រសព្វ​មហាវិថី​ព្រះមុនីវង្ស និង​វិថី​ព្រះសីហនុ​នោះ​ពួកគេ​តែង​ចោល​ភ្នែក​សម្លឹង​មើល​អគារ Gold Tower42 ដែល​នៅ​តែ​ឈរ​យ៉ាង​ស្ងៀមស្ងាត់ មិន​មាន​សកម្មភាព​សាងសង់​អ្វី​ឡើយ​។

លោក​ស្រី គង់ ម៉ាលីន រស់នៅ​សង្កាត់​និរោធ ខ័ណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​តែងតែ​សម្លឹង​មើល អគារ Gold Tower42 ដែល​បាន​ជាប់គាំង​តាំងពី​អំឡុង​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨ ។

ប្រសិន​ជា​សាងសង់​បញ្ចប់ Gold Tower42 ជា​អគារ​ដ៏​ស្រស់​ស្អាត​ជាង​គេ​មួយ និង​ខ្ពស់​ជាង​គេ​មួយ និង​ជា​គម្រោង ធំ​ជាង​គេ​មួយ​សម្រាប់​រយៈពេល​មុន​នោះ គឺ​ប្រសិន​ជា​គម្រោង​នេះ​បញ្ចប់​ការ​សាង​សង់​តាម​កាល​វិភាគ​របស់​ខ្លួន​។

លោក​ស្រី ម៉ាលីន បាន​និយាយ ថា ៖ «​ខ្ញុំ​មិនដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​ផ្អាក​ការ​សាងសង់​អគារ​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​អគារ​នេះ​ដំណើរ​ការ​ឡើង​វិញ​មិន​ចង់​ឲ្យ​គេ​ទុក​ចោល​បែប​នេះ​ទេ​»​។

លោក​ស្រី​បន្ត​ថា ៖ «​វា​មិន​មែន​ជា​រូបភាព​អាក្រក់ ឬ​ប៉ះពាល់​វិស័យ​នេះ​នោះ​ទេ ព្រោះ​បច្ចុប្បន្ន​មាន​គម្រោង​អគារ​កប់​ពពក​ជាច្រើន​បាន​លេច​ឡើង​នៅ​ក្រុង​ភ្នំពេញ​»​។

ទោះបីជា​គម្រោង​វិនិយោគ​អគារ Gold Tower42 បាន​ជាប់​គាំង និង​ធ្វើ​ឲ្យ​ប៉ះពាល់​ទំនុក​ចិត្ត​មួយ​ផ្នែក​ពី​អតិថិជន​ក្តី ប៉ុន្តែ​គម្រោង​អចលនទ្រព្យ​ដែល​វិនិយោគ​ដោយ​ជន​ជាតិ​កូរ៉េ​ធំៗ​ពីរ​ទៀត គឺ BOOYOUNG TOWN និង​គម្រោង​ទីក្រុង​រណប CAMKO CITY មិន​ដេក​លក់​ដូច​គម្រោង Gold Tower42 នោះ​ទេ ព្រោះ​បច្ចុប្បន្ន​នេះ​គម្រោង​អចលនទ្រព្យ​ដ៏​ធំ គឺ BOOYOUNG TOWN បាន​និង​កំពុង​សាងសង់​យ៉ាង​សកម្ម និង​ត្រៀម​បញ្ចប់​គម្រោង​របស់​ខ្លួន​ដំណាក់កាល​ទី​១ នៅ​ឆ្នាំ​២០១៩​ខាង​មុខ​។

ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន BOOYOUNG TOWN ប្រចាំ​កម្ពុជា មួយ​រូប​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ក្រុមហ៊ុន​បាន​បញ្ចប់​ការ​ជីកដី និង​គ្រឹះ​នៃ​អគារ​ចំនួន​៤​នៅ​ក្នុង​គម្រោង​នេះ​ចាប់​តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ​មុន និង​បាន​និង​កំពុង​សាងសង់​យ៉ាង​សកម្ម​នា​ពេល​នេះ គឺ​អគារ​ខុន​ដូ និង​ផ្សារ​ទំនើប​កម្ពស់ ២៣​ជាន់​ចំនួន​៤​អគារ​ដែលមាន​ផ្ទះ​សរុប​ចំនួន​ ១ ៤៧៤​ យូ​នី​ត​។

គម្រោង​ដំណាក់​កាល​ទី​១​នេះ គ្រោង​ចំណាយ​ទឹកប្រាក់ ​១៦០​ លាន​ដុល្លារ​អាមេរិក​នៃ​គម្រោង​វិនិយោគ​​ ១ ០០០​ លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​នេះ​ទាំង​មូល​។

ផ្សារ​ទំនើប​នៅ​ក្នុង​គម្រោង​នេះ​មាន​ចំនួន​៣​ជាន់ និង​ទំហំ​ ៤៧,០០០ ​ម៉ែត្រការ៉េ ដែល​ផ្សារ​ទំនើប​នេះ​ផ្តោត​លើ​សេវាកម្ម​ចម្រុះ​ទាំង​ហាង​លក់​ទំនិញ​មជ្ឈមណ្ឌល​វប្បធម៌ ការ​កម្សាន្ត មន្ទីរ​ពេទ្យ សាលារៀន និង​ហាង​ថែរក្សា​សម្ឆស្ស​ជាដើម​។

​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ដដែល​រូប​នោះបាន​បន្តថា ៖ «​ខុន​ដូ​នៅ​ក្នុង គម្រោង​នេះ យើង​ផ្តោត​ការ​ចាប់​យក​អតិថិជន​ជា​ប្រជាជន​ខ្មែរ​សុ​ទ្ឋ​សាធ ហើយ​តម្លៃ​ផ្ទះ​របស់​យើង​កំពុងស្ថិត​ក្នុងការ​ពិចារណា​យ៉ាង​ប្រុង​ប្រយ័ត្ន​»​។ លោក​បន្តថា ៖ «​ការ​ប្រកាស​លក់​ផ្ទះ​ក្នុង​គម្រោង​នេះ អាច​ធ្វើ​ឡើង​បន្ទាប់ពី​បញ្ចប់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ ​២០១៨ ​ខាង​មុខ​»​។

គម្រោង BOOYOUNG TOWN ស្ថិត​នៅ​លើ​មហាវិថី​សហព័ន្ឋ​រុស្ស៊ី នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​។ គម្រោង​នេះ​ប្រៀប​ដូច​ជា​ទីក្រុង​រណប​មួយ ដែល​មាន​ផ្ទៃដី​២៣,៥​ហិកតា​។

ជាមួយ​គ្នា​នេះ ទីក្រុង​រណប CAMKOCITY ក៏បាន​ចាប់ផ្តើម​កម្រើក​ខ្លួន​ឡើង​វិញ​ផង​ដែរ ដោយ​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន World CITY ដែល​ជា​ក្រុមហ៊ុន​វិនិយោគ ទីក្រុង​រណប​ដំបូង​គេ​នៅ​ក្រុង​ភ្នំពេញ​បាន​ចាប់​ផ្តើម​សកម្មភាព​ជាថ្មី​។

លោក ខេង សែ ប្រធាន​គ្រប់គ្រង​គម្រោង និង​និតិ​កម្ម​នៃ​ក្រុមហ៊ុន World City បាន​ថ្លែង​ថា កាលពី​ខែ​មិថុនា​ពាក់​កណ្តាល​ឆ្នាំ​នេះ ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​សាងសង់​បន្ត​អគារ​ចំនួន​ពីរ ក្នុង​ចំណោម​អគារ​ខុនដូ​ចំនួន ​៧​ ដែល​មិន​ទាន់​បាន​សាងសង់​បញ្ចប់​។ គម្រោង​នេះ​នឹង​គ្រោង​បញ្ចប់​អគារ​ទាំងពីរ​នេះ​នៅ​ខែ​មីនា ឆ្នាំ​ ២០១៨ ​ខាង​មុខ​នេះ​។ អគារ​ចំនួន​ពីរ​នេះ​មាន​ផ្ទះ​សរុប​ចំនួន ៧៩ ​យូនីត​។

លោក​បន្ត​ថា ៖ «​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ក្រុមហ៊ុន​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ពិភាក្សា​ជាមួយ​ដៃគូ​ផ្សេង​ទៀត​នៅ​ប្រទេស​កូរ៉េ ដើម្បី​ចាប់​ផ្តើម​សាងសង់​គម្រោង ផ្សេងៗ​ទៀត​ក្នុង​ទីក្រុង​រណប​នេះ​»​។

លោក ច្រឹក សុខនីម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong បាន​ថ្លែងថា ប្រសិន​ជា​ម្ចាស់​គម្រោង Gold Tower 42 អាច​បញ្ជាក់​ពី​ព័ត៌មាន​ពី​ការ​វិវឌ្ឍ​នៃ​អគារ​នេះ​ជា​ការ​ល្អ ដើម្បី​យើង​អាច​ដឹង​ថា គម្រោង​នេះ​មាន​ការ​វិវឌ្ឍ​យ៉ាង​ដូច​ម្តេច​។

លោក​បន្ត​ដោយ​ប្រយ័ត្ន​ប្រយែង​ថា ៖ «​ការ​ធ្វើ​ឲ្យ​បាត់​ទំនុក​ចិត្ត ឬ​មិន​បាត់ មិន​ដឹង​ត្រូវ​និយាយ​បែប​ណា​ឡើយ​»​។

លោក សុខនីម បាន​បន្ត​ថា ៖ «​ធម្មតា​អ្នកវិនិយោគ​កូរ៉េ ជា​អ្នក វិនិយោគ​ទី​១ ដែល​ពួកគេ​ចូលមក​ធ្វើ​ឲ្យ​ទីផ្សារ​មានការ​រីក​ចម្រើន បន្ទាប់​មក​ពួកគេ​ចាកចេញ​ទៅវិញ ក្រោយ ពេល​ទទួលបាន​ផល​ចំណេញ​រួច​»​។

នាយិកា​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ CBRE Cambodia អ្នក​នាង អាន សុធី​តា បាន​ថ្លែងថា គម្រោង​វិនិយោគ​អ្វីមួយ​ជាប់គាំង ឬ​មិន​ដំណើរការ​មិនមែន​មកពី​ជន ជាតិ​ណា​នោះទេ គឺ​គម្រោង​វិនិយោគ​របស់​ជនជាតិ​ណាក៏​ដោយ ពេល​មាន​បញ្ហា​អ្វីមួយ​តែងតែ​ពន្យា ពេល​សាងសង់​ជា​រឿង​ធម្មតា​។

អ្នក​នាង​បន្តថា​៖ «​អ្វី​សំខាន់ គឺ​យុទ្ឋ​សាស្ត្រ​របស់​អ្នក​វិនិយោគ​មាន​ភាពខុសៗ​គ្នា​អ្នកវិនិយោគ​ខ្លះ​ចូលមក​ទិញ​ដី​ទុក អ្នកខ្លះ​ចូលមក​អភិវឌ្ឍ​»​។

អ្នក​នាង​បន្ថែមថា ៖ «​អ្វីៗ​វា​អាស្រ័យ​លើ​អ្នកវិនិយោគ​ខ្លួនឯង​ថា មាន​ប្រវត្តិ​បែបណា មាន​មូលធន​ថវិកា​គ្រប់គ្រាន់​ឬ​អត់​ប៉ុណ្ណោះ​»​។

អ្នកនាង​ធីតា​បាន​បន្ថែម​ថា ៖«​ខ្ញុំ​គិតថា ការ​ជាប់​គាំង​គម្រោង​នេះ វា​មិន​មែន​ជា​ការធ្វើ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើ​ទីផ្សារ​នោះទេ​»​។

អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត បាន​បដិសេធ​មិន​អត្ថាធិប្បាយ ដោយ​ប្រាប់​ថា​ជាប់​រវល់​ប្រជុំ​។

លោក​ស្រី គង់ ម៉ាលីន បាន​បន្ថែម​ថា ៖ «​យើង​រីករាយ​នូវ​ការ​មក​ដល់​របស់​អ្នក​វិនិយោគ​ពី​បរទេស​ដែល​បាន​និង​កំពុង​ធ្វើ​ឲ្យ​មុខ មាត់​ទីក្រុង​ភ្នំពេញ​ផ្លាស់​ប្តូរ ប៉ុន្តែ​ក្រុមហ៊ុន​វិនិយោគ​នានា​ក៏​គួរតែ​គិតពី​មុខ​មាត់​ខ្លួន​ឯង​ផង​ដែរ​»៕

Source From: http://www.postkhmer.com
Share
Our Partners