Hot line: +855 (0)99 283 388
● You are in: Media > Detail News
គីម ហ៊ាងៈ វិស័យ​ដី​ធ្លី​កំពុង​បំពុល​​ ដោយ​អ្នក​ធ្វើ​ការងារ​ក្នុង​វិស័យ​នេះ
Date: 2017-08-31

ជាមួយ​នឹង​ការងារ​ដែល​មាន​ប្រាក់​ចំណូល​ដ៏​តិចតួច ប៉ុន្តែ​ប្រហែល​មាន​ការងារ​ឈឺ​ក្បាល​​ជាច្រើន ក្នុង​នាម​ជា​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក គីម ហ៊ាង បានធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​នាំយក​ទីផ្សារ​អចល​នទ្រព្យ​កម្ពុជា​ចូលទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។

លោក​បាន​ជួប​ជាមួយ​លោក ស៊ីវ ម៉េង អ្នក​យកព័ត៌មាន​ផ្នែក​អចលនទ្រព្យ​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អចលនទ្រព្យ ដើម្បី​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​វិស័យ​អចលនទ្រព្យ និង​ចក្ខុវិស័យ​របស់​សមាគម​នេះ​នា​ពេល​អនាគត​។

បញ្ហា​ក្រុមហ៊ុន​គ្មាន​អាជ្ញាប័ណ្ណ កំពុង​ក្លាយ​ជា​រឿង​ស្មុគ​ស្មាញ​ដែល​ត្រូវ​ដោះស្រាយ​ពី​សំណាក់​រដ្ឋាភិបាល ដើម្បី​បញ្ចៀស​ហានិភ័យ​សម្រាប់​ប្រជា​ពលរដ្ឋ និង​អ្នក​វិនិយោគ​នៅ​ពេល​អនាគត​។

មាន​ព័ត៌មាន​ជាច្រើន​ បាន​លើក​ឡើង​ពី​ក្រុមហ៊ុន​គ្មាន​អាជ្ញាប័ណ្ណ​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ តើ​អ្វី​ជា​បញ្ហា​នៅ​ពី​ក្រោយ​រឿង​ទាំង​នេះ​?

ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ដែល​ខ្ញុំ​ចង់​បញ្ជាក់​នា​ពេល​នេះ គឺ​ក្រុមហ៊ុន​ដែល​មាន​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម មាន​ទីស្នាក់ការ​ការិយាល័យ និង​មាន​បុគ្គលិក​ធ្វើ​ការ​ងារ​ត្រឹម​ត្រូវ​ច្បាស់​លាស់ ទើប​ហៅ​ក្រុមហ៊ុន​។

ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​អចលនទ្រព្យ​នានា ទាល់​តែ​គាត់ បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ច្បាស់​លាស់​ហើយ និង​ត្រូវ​សុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច គឺ​អាជ្ញាប័ណ្ណ​ទិញ​លក់​ជួល អាជ្ញាប័ណ្ណ​វាយ​តម្លៃ និង​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍ ​(​ផ្នែក​អចលនទ្រព្យ​)​។

ក្រុមហ៊ុន​ណា​មួយ​អាច​ទទួល​បាន​អាជ្ញា​ប័ណ្ណ​មួយ ក្នុង​ចំណោម​អាជ្ញាប័ណ្ណ​ទាំង​នេះ ទើប​ចាត់​ចូល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ស្របច្បាប់​ត្រឹម​ត្រូវ។

អ្វី​ដែល​ខ្ញុំ​ឃើញ​នា​បច្ចុប្បន្ន គឺ​ក្រុមហ៊ុន​មួយ​ចំនួន​មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម ហើយ​លើក​ស្លាក​ដាក់​ជា​ក្រុមហ៊ុន​។

តាម​មើល​ទៅ​ក្រុមហ៊ុន​បែប​នេះ​ហាក់​ចង់​បោក​គេ​តែ​ម្តង​។ ជា​បញ្ហា​គួរ​ឲ្យ​ពិចារណា និង​ត្រូវ​គិត​ឡើង​វិញ។ ក៏មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម ហើយ​បាន​​លើក​ស្លាក​ត្រឹមត្រូវ​ថា ជា​ក្រុមហ៊ុន​រកស៊ី​ផ្នែក​ដីធ្លី ប៉ុន្តែ​ពេល​ឆែក​នៅ​ក្រសួង​សេដ្ឋកិច្ច ពួក​គេ​មិន​បាន​ចុះ​បញ្ជី​នោះ​ទេ។

លោក​គិតថា មាន​ភាព​ចាំបាច់​ទេ ដែល​ក្រុមហ៊ុន​មួយ​ត្រូវ​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ផង និង​នៅ​តាម​ក្រសួង​មួយ​ចំនួន​ទៀត​?

ខ្ញុំ​មិន​និយាយ​លម្អិត​ទេ ប៉ុន្តែ​នៅ​ពេល​អ្នក​ណា​ចង់​រកស៊ី​ត្រូវ​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម ជា​មជ្ឈមណ្ឌល​កណ្តាល​មួយ ប៉ុន្តែ​ពេល​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ហើយ គាត់​ចង់​រកស៊ី​លើ​ផ្នែក​អ្វី គឺ​ត្រូវ​ចុះ​នៅ​តាម​ក្រសួង​ជំនាញ​ពាក់​ព័ន្ឋ ឧទាហរណ៍​គាត់​រកស៊ី​ផ្នែក​ទេសចរណ៍ ត្រូវ​ចុះ​បញ្ជី​នៅ​ក្រសួង​ទេសចរណ៍ ចង់​រកស៊ី​ខាង​ដីធ្លី ត្រូវ​សុំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​ដើម​។

នៅ​ពេល​ក្រុមហ៊ុន​ណាមួយ​រក​ស៊ី​ផ្នែក​​ដីធ្លី តែ​មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​សេដ្ឋកិច្ច តើ​វា​មាន​ហានិភ័យ​យ៉ាង​ដូច​ម្តេច​?

ពិត​ជា​គ្រោះថ្នាក់​ណាស់ បើ​ក្រុមហ៊ុន​ណា​មួយ​ចុះបញ្ជី​តែ​នៅ​ក្រសួង​ពាណិជ្ជ​កម្ម ឬ​មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ណា​មួយ​​នោះ​។

នៅ​ពេល​ពួក​គេ​រត់​ចោល ឬ​បោកប្រាស់​អតិថិជន ប្រជាពលរដ្ឋ​នឹង​គិតថា​ ក្រុមហ៊ុន​អចលនទ្រព្យ​សុទ្ឋ​តែ​បែប​ហ្នឹង គឺ​ដូច​សុភាសិត​មួយ​លើក​ឡើង​ថា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំង​អស់។

ក្រុមហ៊ុន​ខ្លះ​មាន​តែ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ពាណិជ្ជកម្ម​ទេ តែ​បាន​សាងសង់​បុរី ឬ​ខុន​ដូ ដែល​ជា​ការ​ខុស​ឆ្គង ព្រោះ​បើ​ចង់​សាងសង់​បុរី ឬ​ខុន​ដូ គាត់​ត្រូវ​សុំ​អាជ្ញា​ប័ណ្ណ​មួយ​ចំនួន​ទៀត ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

គម្រោង​ខ្លះ​បាន​ប្រកាស​លក់​ហើយ តែ​គ្មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច​ទេ។ តើ​ច្បាប់​នៅឯណា​? បើ​ចេះតែ​លក់ៗ​បែបនេះ​? បើជា​សំណាងល្អ​គាត់​លក់​បាន​​ជោគជ័យ​មិន​អី​ទេ ប៉ុន្តែ​ប្រសិនជា​ជាប់​គាំង​ដោយសារ​កត្តា​អ្វី​មួយ តើ​អ្នក​ណា​​ជា​អ្នករងគ្រោះ​? គម្រោង​បែបនេះ​មាន​ចំនួន​ច្រើន​គួរ​សម ខ្ញុំ​មិន​ច្បាស់​ទេ ប៉ុន្តែ​​បើ​ចង់ដឹងថា ក្រុមហ៊ុន​ណា​មាន​ចុះ​បញ្ជី​ឬ​អត់ អាច​សួរ​ព័ត៌មាន​នៅ​ក្រសួង​ពាណិជ្ជកម្ម បើ​ចង់​ដឹង​ថា​បុរី ឬ​ខុន​ដូ​ណាខ្លះ​មាន​អាជ្ញាប័ណ្ណ​ឬ​អត់ អាច​សួរ​នៅ​នាយកដ្ឋាន​សេដ្ឋកិច្ច ឧស្សាហកម្ម នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

តើ​ប្រជាជន​អាច​សាកសួរ​ដោយ​របៀប​ណា​?

បើ​ពិបាក ប្រជា​ពលរដ្ឋ​អាច​សាកសួរ​មក​កាន់​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ សមាគម​នឹង​សាក​សួរ ហើយ​ផ្តល់​ព័ត៌មាន​ជូន​ដោយ​ឥត​គិត​ថ្លៃ។ ប្រជា​ពលរដ្ឋ​អាច​សាកសួរ​មក​សមាគម​តាម​រយៈ​លេខ​ទូរស័ព្ទ​សមាគម​០២៣ ៦៣ ២៤ ៨៣៤​។​

បច្ចុប្បន្ន​ការ​ពុះ​ដីឡូត៍​លក់​មាន​ការ​កើន​ឡើង​យ៉ាង​ផុសផុល តើ​អតិថិជន​គួរ​ពិនិត្យ​មើល​ដូច​ម្តេច​ខ្លះ​ដើម្បី​បញ្ចៀស​ហានិភ័យ​?

ដីឡូត៍​នៅ​ពេល​មិន​ទាន់​មាន​រឿង ម្នាក់ៗ​សប្បាយ តែ​នៅ​ពេល​មាន​បញ្ហា​រក​អ្នក​ទទួល​ខុស​ត្រូវ​គ្មាន​នោះ​ទេ​។ ហេតុ​នេះ​​មុន​ទិញ​សូម​ប្រជា​ពលរដ្ឋ​ទិញ​ពី​ម្ចាស់​ប័ណ្ណ​ពិត​ប្រាកដ ព្រោះ​ពេល​ថ្មីៗ​នេះ​មាន​គម្រោង​មួយ​ចំនួន ដែល​អ្នកខ្លះ​ទិញ​ដី​គេ ១០​ហិកតា ក្នុងតម្លៃ​៥​ដុល្លារ​មួយ​ម៉ែត្រការ៉េ​។ អ្នកទិញ​ដីឡូត៍​ពុះ​លក់​ខ្លះ សុំ​កក់​ម្ចាស់​ដី​តែ ១​ម៉ឺន​ដុល្លារ បន្ទាប់​មក​ក៏​សុំ​ឈូស​ឆាយ​ដី ហើយ​លើក​ស្លាក​លក់​ដី ប្រមូល​លុយ​បាន​មួយ​ចំនួន ក៏បាន​រត់​ចោល​​គម្រោង​របស់​ខ្លួន​។ អញ្ចឹង​បញ្ហា​នៅសល់​គឺ​ម្ចាស់​ដី​។ ករណី​នេះ​ធ្លាប់​កើត​មាន​រួច​មក​ហើយ​។

ហេតុ​នេះ​សូម​ទិញ​ពី​ម្ចាស់​ប័ណ្ណកម្ម​សិទ្ធិ​ពិតប្រាកដ ប៉ុន្តែ​បើ​មិន​ប្រាកដ​ក្នុង​ចិត្ត​សូម​សួរ​មេភូមិ មេឃុំ ឬ​ចៅ​សង្កាត់ ឬ​ការិយាល័យ​សុរិយោដី​មូលដ្ឋាន​។ បើ​យើង​សួរ​គេ​ប្រាប់​ហើយ កុំ​ឲ្យ​ដូច​ពាក្យ​គេ​លើក​ឡើង គោ​បាត់​ហើយ​ទើប​ធ្វើ​របង ព្រោះ​បើ​យើង​មើល​ជាទូទៅ​បច្ចុប្បន្ន​នេះ​ទាល់តែ​មាន​រឿង​ហើយ​ទើប​នាំគ្នា​ដោះ​ស្រាយ​។ ហេតុ​អ្វី​មិន​ព្រម​ការពារ​កុំ​ឲ្យ​មាន​រឿង​ជា​មុន​?

ងាក​មក​មើល​វិស័យ​អចលនទ្រព្យ​កម្ពុជា​នា​ពេល​នេះ តើ​ស្ថានភាព​អចលន​ទ្រព្យ​ជា​ទូទៅ​មាន​សភាព​យ៉ាង​ដូច​ម្តេច​ឆ្នាំ​នេះ​?

ស្ថានភាព​អចលនទ្រព្យ​ឆ្នាំ​នេះ មិន​មាន​បញ្ហា​នោះ​ទេ ប៉ុន្តែ​យើង​ឃើញ​មាន​អ្នក​ដាក់​លក់​ច្រើន​ជាង​អ្នក​ទិញ ហើយ​ចលនា​នៃ​ការ​ទិញ​លក់​នៅ​តែ​មាន​សភាព​ដូច​​ធម្មតា ប៉ុន្តែ​បញ្ហា​តម្លៃ​កំពុង​ចោទ ព្រោះ​​អ្នក​លក់​អាច​ទារ​ប៉ុន្មាន​ក៏បាន​ដែរ តែ​វា​ក៏​ធ្វើ​ឲ្យ​ពួក​គេ​លក់​កន្លះ​ឆ្នាំ ឬមួយ​ឆ្នាំ​មិន​ដាច់​។ លក់​យ៉ាង​ម៉េច​ដាច់ បើ​គាត់​លក់​លើស​ហាង​ឆេង​ទីផ្សារ​ពាក់​កណ្តាល ឬមួយ​គុណ​នឹង​ពីរ​ឯ​ណោះ​។

ស្ថានភាព​បច្ចុប្បន្ន​អ្នក​ទិញ​គឺជា​ស្តេច ព្រោះ​អ្នក​លក់​១០​នាក់ មាន​អ្នក​ទិញ​តែ​ម្នាក់​ទេ ឬ​មាន​អ្នកទិញ​ម្នាក់​ក្នុង​ចំណោម​អ្នក​លក់​១០០​នាក់ ហេតុ​នេះ​អ្នក​ទិញ​មាន​ជម្រើស​ច្រើន​។

តើ​មាន​បញ្ហា​អ្វី​រវាង​ភ្នាក់ងារ​អចលនវត្ថុ​នានា ដែល​កំពុង​ធ្វើ​អាជីវកម្ម​ហាក់​ដូច​មិន​សូវ​ស៊ី​ចង្វាក់​គ្នា​?

មាន​បញ្ហា​មួយ​កើត​ឡើង គឺ​វិស័យ​ដីធ្លី​កំពុង​បំពុល​ដោយ​អ្នក​កំពុង​ធ្វើ​ការ​ងារ​ក្នុង​វិស័យ​នេះ អ្នក​ខ្លះ​ដើរ​តួ​ជា​ភ្ញៀវ​យក​ព័ត៌មាន​ពី​ក្រុមហ៊ុន​ផ្សេង ហើយ​បំប៉ោង​ព័ត៌មាន​។ ខ្ញុំ​ធ្លាប់​ស្នើ​ឲ្យ​រាល់​ការ​ទិញ​លក់​ដីធ្លី ទាល់តែ​មាន​វាយ​ត្រា​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​មក ដើម្បី​ដឹងថា​តម្លៃ​អចលនទ្រព្យ​នោះ​មាន​តម្លៃ​ប៉ុន្មាន​ពិត​ប្រាកដ អ្នកណា​ជា​ម្ចាស់​ពិតប្រាកដ​?​។ ខ្ញុំ​ធ្លាប់​ស្នើ​ហើយ តែ​គេ​មិន​ធ្វើ តើ​យើង​ធ្វើ​ដូចម្តេច​?

តើ​អំឡុង​ឆ្នាំ​២០១៨ ស្ថានភាព​អចលនទ្រព្យ​អាចមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឬទេ?

ឆ្នាំ​២០១៨ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ ប៉ុន្តែ​តម្លៃ​ដីធ្លី​មិន​កើន​ឡើង​នោះទេ ហើយ​វា​ស្ថិតក្នុង​សភាព​ទ្រឹង​។ ជា​ពេល​ដែល​មាន​អ្នក​ដាក់​លក់​ច្រើន ជាង​អ្នកទិញ ហើយ​ចាប់ពី​ឆ្នាំ​នេះ​ទៅ មិន​សូវ​មាន​គម្រោង​ថ្មី​កើត​មាន​នោះ​ទេ តែ​មាន​តែ​ការ​សាងសង់​គម្រោង​ធំៗ​ដែល​មិនទាន់​សាងសង់​បញ្ចប់​។

ស្ថានភាព​ពេល​នេះ តម្លៃ​បាន​ឡើង​ខ្ពស់​ចាល់​នៅ​ក្នុង​ទីផ្សារ​។ បច្ចុប្បន្ន​អ្នក​ចង់​ទិញ គឺ​ទិញ​មិន​បាន ដោយ​សារ​តម្លៃ​ខ្ពស់​ពេក​។ ករណី​ខ្លះ​ម្ចាស់​អចលនទ្រព្យ​ដាក់​លក់ មាន​អ្នក​ទៅ​សួរ​រហូតដល់​ ១០០​ នាក់ តែ​ជាង​ ៩០ ​នាក់​ជា​អ្នក​គួ​ក​ជេ ហើយ​នៅ​ពេល​មាន​គេ​ទៅ​សួរ​ច្រើន​បែប​នេះ ម្ចាស់​អចលនទ្រព្យ​ទាំង​នោះ​បាន​ទារ​ឡើងថ្លៃ​ខ្ពស់ ដោយ​សារ​គិតថា​អចលនទ្រព្យ​របស់ខ្លួន​ល្អ ក៏​ចេះតែ​ទារ​ឡើងថ្លៃ​។ ក្នុង​ស្ថានភាព​ដូច្នេះ អ្នក​លក់​ក៏​លក់​មិន​ចេញ អ្នកទិញ​ក៏​ទិញ​មិន​បាន​។

តើ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរ​ធ្វើ​ដូចម្តេច​ដើម្បី​បញ្ចៀស​ហានិភ័យ​ក្នុង​វិស័យ​នេះ​?

ខ្ញុំ​ធ្លាប់​ស្នើ​ទៅ​ក្រសួង សុំ​ឲ្យ​បង្កើត​ច្បាប់​មួយ ដើម្បី​កំណត់​រាល់​ការ​ទិញ​លក់ ត្រូវ​ដាក់​ស្លាក​របស់​ក្រុមហ៊ុន​អចលនទ្រព្យ ដែល​មាន​ជំនាញ​ច្បាស់លាស់​ធ្វើការ​វាយ​តម្លៃ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា អចលនទ្រព្យ​នៅ​ទីតាំង​ណាមួយ​មាន​តម្លៃ​ប៉ុន្មាន​? សមស្រប​តាម​ស្ថានភាព​ទីផ្សារ​ពិត​ប្រាកដ​។ ការ​អនុវត្ត​បែបនេះ​កុំ​ឲ្យ​ម្ចាស់​អចលនទ្រព្យ​ដាក់​តម្លៃ​តាម​ការ​ចង់​បាន​។ ខ្ញុំ​ធ្លាប់​ស្នើ​ទៅ​ក្រសួង​ច្រើន​ដង​ហើយ តែ​មិន​មាន​ការ​ឆ្លើយ​តប​។

ងាក​មក​ការងារ​សមាគម​នាពេល​ថ្មីៗ​នេះ មាន​ការ​លេច​ឮថា​លោក​នឹង​បើក​សាលា​បង្រៀន​ជំនាញ​ផ្នែក​អចលនទ្រព្យ​?

នៅ​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​នេះ យើង​នឹង​ប្រជុំ​ជាមួយ​សមាជិក​សមាគម ដើម្បី​ពិភាក្សា​ពី​ការបង្កើត​សាលា​នេះ ព្រោះ​ការងារ​នេះ​មិន​មែន​ធ្វើ​មួយ​ថ្ងៃ​បាន​នោះ​ទេ។

ឥឡូវ​យើង​បាន​ចុះ MoU ជាមួយ​សមាគម​អចល​នទ្រព្យ​ម៉ាឡេស៊ី​រួច​ហើយ។ សំណួរ​នៅទីនេះ​ថា តើ​យើង​មាន​លុយ​ពី​ណា​បើក​សាលា​នេះ​? ហើយ​បើក​ដើម្បី​អ្វី​?

ប្រធាន​សមាគម​មុនៗ​ចង់​បើក​សាលា តែ​ចង់​យក​លុយ​ខ្លួន​ឯង​ទៅ​បើក គឺ​សុទ្ធ​តែ​បរាជ័យ ដោយ​សារ​ក្រុមហ៊ុន​សមាជិក​មិន​បញ្ជូន​បុគ្គលិក​ទៅ​រៀន​នោះទេ​។

ហេតុ​នេះ​គម្រោង​សាលា​ដែល​បើក​ដំណើរ​ការ​បាន គឺជា​សាលា​របស់​សមាជិក​សមាគម​ទាំង​អស់​គ្នា ដែល​មាន​ជាង ១០០​ក្រុមហ៊ុន ហេតុ​នេះ​បើ​ក្រុមហ៊ុន​មួយ​បោះទុន​១០០០​ដុល្លារ យើង​អាច​បើក​សាលា​បាន​ហើយ​។ វា​នឹង​ជា​សាលា​របស់​អ្នក​ទាំង​អស់​គ្នា មិន​មែន​របស់​បុគ្គល​ណា​ម្នាក់​នោះ​ទេ​៕

Source From: http://www.postkhmer.com
Share
Our Partners