Hot line: +855 (0)99 283 388
● You are in: Media > Detail News
ចំនួន​សណ្ឋាគារ​នៅ​ក្រុង​ភ្នំពេញ​ បន្ត​កើន​ឡើង​ ខណៈ​ខេត្ត​សៀមរាប​មាន​សភាព​ទ្រឹង
Date: 2017-09-07

ការ​វិនិយោគ​សណ្ឋាគារ​នៅ​ក្រុង​ភ្នំពេញ កើន​ឡើង​ដូច​ទឹក​ជំនន់ តែ​ខេត្ត​សៀម​រាប​ហាក់​ឆ្អែត​បណ្តើរៗ​ហើយ​ខណៈ​ចំនួន​បន្ទប់ និង​សណ្ឋាគារ​នៅ​ទីក្រុង​ភ្នំពេញ​បាន​និង​កំពុង​បន្ត​មាន​កំណើន ប៉ុន្តែ​ចំនួន​សណ្ឋាគារ​នៅ​ក្នុង​ខេត្ត​សៀមរាប​បាន​ស្ថិត​ក្នុង​សភាព​ទ្រឹង ដោយ​សារ​និន្នាការ​ស្នាក់​នៅ​របស់​ភ្ញៀវ​មាន​រយៈពេល​ខ្លី​ជាង​មុន និង​មាន កំណើន​នៃ​ភាព​ប្រកួត​ប្រជែង​ច្រើន​។

យោង​តាម​ការ​សិក្សា​របស់​ក្រុម​ហ៊ុន ប៊ុណ្ណា​រៀល​ធី​គ្រុប បាន​រក​ឃើញ​ថា គិត​ត្រឹម​ដំណាច់​ឆមាស​ទី ១ ​ឆ្នាំ​នេះ ​ចំនួន​សណ្ឋាគារ​នៅ​ទីក្រុង​ភ្នំពេញ ចាប់ពី​កម្រិត​ផ្កាយ​ពីរ​ឡើង​មាន​កំណើន​ជិត​ ២៣ ​ភាគរយ​ ដោយ​ចំនួន​បន្ទប់​សណ្ឋាគារ​បាន​កើន​ពី​ ១៦,៦៣៨​ បន្ទប់ កាល​ពី​ឆ្នាំ​មុន ដល់​ ១៩,៨៥៤ ​បន្ទប់ នៅ​ដំណាច់​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៧ ​នេះ ដោយ​ចំនួន​សណ្ឋាគារ​បាន​កើន​ពី​ ៣៥៥ ដល់​ ៤៣៧​ សណ្ឋា​គារ ក្នុង​នោះ​សណ្ឋាគារ​ផ្កាយ​ ៣ មាន​ចំនួន​ ៧០០៩​ បន្ទប់ ស្មើ​នឹង​ចំនួន ​១៩៤ ​អគារ​ សណ្ឋាគារ​ផ្កាយ​ ៤ មាន​ចំនួន ៦១៥៩ ​បន្ទប់ ស្មើ​នឹង​ ១២១​អគារ និង​សណ្ឋាគារ​ផ្កាយ ​៥ មាន​ចំនួន​ ២៨៣០​ បន្ទប់ ស្មើ​នឹង ​១២ ​អគារ​។

ចំណែក​ស្ថានភាព​សណ្ឋាគារ​នៅ​ខេត្ត​សៀមរាប​វិញ សណ្ឋាគារ​ផ្កាយ​បី​បាន​កើន​ឡើង​ពី​ ៥,៩៨៧ ​បន្ទប់ កាលពី​ឆ្នាំ​មុន​ដល់ ៦,៧០៩ ​បន្ទប់ នៅ​ឆ្នាំ​ ២០១៧ ​នេះ​សណ្ឋាគារ​កម្រិត​ផ្កាយ ​៤ បាន​កើន​ពី ​៨,១៣២ ​បន្ទប់ ដល់​ ៨,៩៦២​ បន្ទប់​នៅ​ឆ្នាំនេះ ប៉ុន្តែ​សណ្ឋាគារ​កម្រិត​ផ្កាយ​៥ បាន​ថយ​ចុះ​នូវ​ចំនួន​បន្ទប់​ដែល​កាលពី​ឆ្នាំ​មុន​មាន​ចំនួន ៦,៦៩៩ ​បន្ទប់ ធ្លាក់​មក​នៅ​ត្រឹម ៦,១៣១​ បន្ទប់​នៅ​ដំណាច់​ឆមាស​ទី​១​ឆ្នាំ​នេះ​។

ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ការ​ថមថយ​នូវ​ចំនួន​បន្ទប់​កម្រិត​ផ្កាយ​៥ នេះ មួយ​ផ្នែក​ដោយ​សារ​ការ​ផ្អាក​នូវ​ដំណើរការ​សណ្ឋាគារ​មួយ​ចំនួន និង​សណ្ឋាគារ​មួយ​ចំនួន​ទំនង​ជា​បាន​បញ្ចុះ​កម្រិត​ផ្កាយ​របស់​ពួក​គេ​។

ទោះជា​យ៉ាង​ណា​ ចំនួន​បន្ទប់​សណ្ឋាគារ​នៅ​ខេត្តដែល​ល្បី​ឈ្មោះ​ក្នុង​វិស័យ​ទេសចរណ៍​នេះ​បាន​សម្រេច​កំណើន​ប្រមាណ៥​ភាគរយ​ផង​ដែរ បើ​គិត​ជា​តួលេខ​ទូទៅ​។

លោក ប៉ែន សុខគា នាយក​ផ្នែក​វាយ​តម្លៃ​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន​ប៊ុណ្ណា​រៀលធី​គ្រុប បាន​ថ្លែងថា​ ៖ «​ចំនួន​សណ្ឋាគារ​នៅ​រាជធានី​ភ្នំពេញ មាន​ការ​កើន​ឡើង​ច្រើន​ធៀប នឹង​ខេត្ត​សៀមរាប ដោយ​យើង​ឃើញ​ថា នៅ​រាជធានី​ភ្នំពេញ​ មាន​ចំនួន​សណ្ឋាគារ​ថ្មីៗ​ កាន់​តែ​ច្រើន​មាន​ភ្ញៀវ​ចម្រុះ ទាំង​ភ្ញៀវ​ទេសចរ និង​អ្នក​ជំនួញ​ និង​ប្រតិភូ​ នានា»​។

លោក​បន្ត​ថា​ ៖ «ទោះ​ជា​​យ៉ាង​ណា យើង​សង្កេត​ឃើញ​ថា អ្នក​វិនិយោគ​សាងសង់​សណ្ឋាគារ​ភាគ​ច្រើន​នៅ​កម្ពុជា ជា​អ្នក​វិនិយោគ​ក្នុង​ស្រុក​»​។

លោក​បន្ត​ថា​ ៖ «​ការ​វិនិយោគ​លើ​វិស័យ​នេះ​មិន​មាន​ផល​ចំណេញ​ខ្លាំង​នោះ​ទេ តែ​មិន​សូវមាន​ហានិភ័យ​ឡើយ ដោយ​សារ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​បាន បន្ត​កើន​ឡើង​»​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វណ្ឌី បាន​ថ្លែង​ថា ជាមួយ​នឹង​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​កើន​ឡើង ប៉ុន្តែ​ការ​ផ្គត់ផ្គង់​សណ្ឋាគារ​ថ្មីៗ​ ពិត​ជា​បាន​កើន​ឡើង​ខ្ពស់​ផង​ដែរ ដែល​ធ្វើ​ឲ្យ​កម្រិត​ប្រកួត​ប្រជែង​ក្នុង​វិស័យ​នេះ​កើន​ឡើង​ខ្លាំង និង​បាន​ធ្វើ​ឲ្យ​សណ្ឋាគារ​តូចៗ​មួយ​ចំនួន នៅ​ខេត្ត​សៀមរាប និង​រាជធានី​ភ្នំពេញ​បាន​បិទ​ទ្វារ​ទៅ​វិញ​ដោយ​សារ​អ្នក​អភិជន​មួយ​ចំនួន​ដែល​បាន​សាង​សង់​សណ្ឋាគារ បាន​លក់​បញ្ចុះ​តម្លៃ​បន្ទប់​របស់​ពួក​គេ​ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​គ្មាន​តម្លាភាព​។

លោក​បន្ត​ថា​ ៖ «​ការ​ប្រកួត​ប្រជែង​គ្មាន​តម្លាភាព ការ​លក់​បន្ទប់​បញ្ចុះ​តម្លៃ​ដើម្បី​ទទួល​បាន​ភ្ញៀវ​ស្នាក់នៅ បាន​ក្លាយ​ជា​បញ្ហា​ប្រឈម​ធំ​មួយ​ដែល​ស្ថាប័ន​ពាក់​ព័ន្ធ​គួរ​យក​ចិត្ត​ទុក​ដាក់​»​។

រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន បាន​ថ្លែង​ថា ការ​កើន​ឡើង​នូវ​ភ្ញៀវ​ទេសចរ ក៏​មាន​បញ្ហា​ប្រឈម​ថ្មី​កើន​ឡើង​ផង​ដែរ ពិសេស​នៅ​តំបន់​ឆ្នេរ​ដែល​ទាមទារ​ឲ្យ​មាន​ការ​សិក្សា និង​រៀបចំ​ផែនការ​ច្បាស់​លាស់ ទើប​ការ​អភិវឌ្ឍ​នៅ​តំបន់​ឆ្នេរ​ជា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព។

លោក​បន្ត​ថា ​៖ «​យើង​មាន​ការ​ប្រុងប្រយ័ត្ន​ណាស់​ក្នុង​បញ្ហា​នេះ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ហើយ​ដើម្បី​ធ្វើ​បាន​យើង​ត្រូវ​មាន​ប្លង់​មេ​ច្បាស់លាស់​មួយ​រៀបចំ​តំបន់​អភិវឌ្ឍន៍​ឲ្យ​បាន​ច្បាស់​លាស់​ថា តំបន់​​ណា​ជា​តំបន់​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​តំបន់​ណា​ជា​តំបន់​ឧស្សាហកម្ម តំបន់​ណា​ជា​តំបន់​ឆ្នេរ​ជាដើម​»​។

លោក​បន្ត​ថា​ ៖ «​ការងារ​នេះ​លំបាក​ណាស់ ទាល់​តែ​រួមគ្នា​គិត រួម​គ្នា​ធ្វើ និង​រួម​គ្នា​ទទួល​ខុស​ត្រូវ ទើប​យើង​ធ្វើ​បាន​ជោគ​ជ័យ​»៕

Source From: http://www.postkhmer.com
Share
Our Partners