ខេត្តសៀមរាប ៖ ខេត្តសៀមរាបត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ដែលទាក់ទាញទេសចរគ្រប់ជាតិសាសន៍មកកម្សាន្ត ។ ជាក់ស្តែង ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៧ ខេត្តមួយនេះបានទទួលស្វាគមន៍ភ្ញៀវទេសចរសរុបជាង៣,៧លាននាក់ កើនទ្បើង១១,៩៤% ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនជាង២,៣លាននាក់ កើនទ្បើង១១,៩៧% និងភ្ញៀវទេសចរអន្តរជាតិចំនួនជាង១,៤លាននាក់ កើនទ្បើង ១១,៩៩% ។
ដើម្បីឲ្យខេត្តសៀមរាបកាន់តែមានវិសាលភាពទាក់ទាញភ្ញៀវទេសចរថែមទៀត រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប និងអង្គភាពស្ថាប័នពាក់ព័ន្ធជាសេនាធិការ រួមជាមួយផ្នែកឯកជន បានឯកភាពគ្នាដាក់ផែនការសំខាន់ៗ៧ចំណុច ក្នុងការរៀបចំក្រុងសៀមរាបឲ្យក្លាយជាបេក្ខភាពចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន ឆ្នាំ២០១៨មួយក្នុងចំណោមក្រុងដទៃទៀតរបស់កម្ពុជា ។ ការដាក់ផែនការនេះ ធ្វើឡើងក្នុងកិច្ចប្រជុំការងារទេសចរណ៍រដ្ឋ-ឯកជន ក្នុងវិស័យទេសចរណ៍ នាថ្ងៃទី៤ កញ្ញា ឆ្នាំ២០១៧ កន្លងទៅ នៅសាលាខេត្តសៀមរាប ។
ថ្លែងក្នុងឱកាសនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឯកភាពដាក់ចេញកម្មវិធីការងារចាត់តាំងអនុវត្ត ដើម្បីឲ្យខេត្តសៀមរាបក្លាយជាបេក្ខភាពចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន២០១៨ មានដូចខាងក្រោម ៖
១-បន្តពង្រឹងគុណភាពសេវាកម្មទេស-ចរណ៍ និងបដិសណ្ឋារកិច្ចល្អដល់ភ្ញៀវ ទេសចរ ។
២-បន្តពង្រឹងការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមគោលដៅទេសចរណ៍សំខាន់ ដោយទប់ស្កាត់ឲ្យបាននូវការប្រើប្រាស់ដីចំណីផ្លូវសម្រាប់ធ្វើអាជីវកម្ម ការចតម៉ូតូ រ៉ឺម៉ក រថយន្ត គ្មានសណ្តាប់ធ្នាប់ និងបន្តរៀបចំឲ្យមានផ្លូវដើរសម្រាប់ទេសចរឲ្យបានច្រើន ពិសេសពង្រឹងសណ្តាប់ធ្នាប់នៅតំបន់ផាប់ស្ទ្រីត ក្នុងនោះលោក ឃឹម ប៊ុនសុង បានដាក់ចេញនូវឱសានវាទត្រឹមដើមខែតុលា ឆ្នាំ២០១៧ ឲ្យអាជីវកម្មទាំងអស់ដែលបំពានយកដីចំណីផ្លូវ ត្រូវរុះរើជាបន្ទាន់ និងដាច់ខាត និងទប់ស្កាត់ឲ្យបាននូវការរំខានដោយសំឡេង ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងអាជីវកម្មដទៃទៀត ដោយចុះធ្វើការណែនាំដល់ទីតាំងផ្ទាល់ ក្នុងនោះរដ្ឋបាលខេត្តសៀមរាបនឹងចាត់វិធានការច្បាប់ចំពោះម្ចាស់មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ដែលបន្តមិនគោរពតាមការណែនាំអប់រំកិច្ចសន្យា ដោយអាចឈានដល់ការបិទអាជីវកម្មតែម្តង ។
៣-រៀបចំយុទ្ធសាស្ត្រ និងផែនការច្បាស់លាស់ក្នុងការគ្រប់គ្រងសំណល់រឹង ពិសេសយន្តការប្រមូលសំរាមក្នុងតំបន់ទីប្រជុំជន ផ្សារ និងតំបន់ដែលមានការឆ្លងកាត់ញឹក ញាប់ និងបន្តគាំទ្រការពារ ការគ្រប់គ្រងបរិស្ថាន សំរាមនៅតំបន់ចុងគ្នាស និងភ្ជាប់តំបន់ទន្លេសាប ។
៤-បន្តពង្រឹង និងពង្រីកការសាងសង់បង្គន់សាធារណៈឲ្យបានគ្រប់គ្រាន់ ពិសេសតាមគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តសៀមរាប យ៉ាងហោចឲ្យបានបង្គន់សាធារណៈកម្ពុជា ៨-១០កន្លែងទៀត ឲ្យស្របតាមស្តង់ដាបង្គន់សាធារណៈកម្ពុជា និងស្តង់ដាបង្គន់សាធារណៈអាស៊ាន ដោយជ្រើសរើសទីតាំងឲ្យបានស្របនឹងចំនួនទេសចរ ដែលរួមជាមួយមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ ស្ថានីយចំណតរថយន្ត ឬមជ្ឈមណ្ឌលពាណិជ្ជកម្ម ឬនៅដាច់ដោយឡែក។
៥-ពង្រឹងការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់អង្គរឲ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ក្នុងនោះទប់ស្កាត់ក្មេងលក់ដូររំខានដល់ភ្ញៀវទេសចរ ដែលអាជ្ញាធរជាតិអប្សរានឹងបន្តសហការជាមួយផ្នែកពាក់ព័ន្ធ និងមន្ទីរសង្គមកិច្ច និងអតីតយុវជន រួមទាំងអង្គការនានា ដើម្បីរៀបចំ ដាក់ចេញនូវវិធានការអប់រំ និងវិធានការរដ្ឋបាល ជំនួសដោយការផ្តល់ការអប់រំដល់ក្មេងៗ និងមុខរបរជំនួសសម្រាប់ឱពុកម្តាយក្មេងៗនោះ ។ បន្តគាំទ្រការអភិវឌ្ឍសហគមន៍ទេសចរណ៍នៅតំបន់បន្ទាយស្រី ដោយតម្រូវឲ្យមានការសហការគោរពអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរអប្សរា និងកិច្ចសហការជាមួយស្ថាប័នជំនាញ ពិសេសមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងមន្ទីរធនធានទឹក ។ល។
៦-ដើម្បីគាំទ្រលើការដោះស្រាយបញ្ហាប្រឈមនានា ដែលលើកទ្បើងដោយវិស័យ ឯកជនពាក់ព័ន្ធ និងសម្រាប់អនាម័យបរិស្ថាននៅក្រុងសៀមរាប អង្គប្រជុំបានឯកភាព និងគាំទ្រយុទ្ធនាការកម្ពុជាស្អាត Cambodia Clean-Up ដោយព្រមព្រៀងបង្កើតក្រុមការងារអចិន្ត្រៃយ៍រួមទាំងរដ្ឋបាលខេត្តសៀមរាប ផ្នែកឯកជន ភ្ញៀវទេសចរ សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចាត់ តាំងអភិវឌ្ឍន៍ឲ្យមានកម្មវិធីជាប្រចាំរៀងរាល់ចុងសប្តាហ៍ ។
៧-ដើម្បីគាំទ្របេក្ខភាពសៀមរាបក្នុងចលនាប្រទ្បងប្រណាំងទីក្រុងស្អាត រដ្ឋបាលថ្នាក់ក្រោមជាតិបន្តគិតគូរ និងរៀបចំឲ្យមានបង្គន់សាធារណៈស្របតាមស្តង់ដា កន្លែងហាត់ប្រាណ សួនច្បារ តំបន់បៃតងសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ចំណតរថយន្ត ផ្លូវថ្មើរជើង និងពង្រឹងយន្តការគ្រប់គ្រងការប្រមូលសំរាមក្នុងក្រុងសៀមរាបឲ្យកាន់តែមានប្រសិទ្ធភាព ។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ទន្ទឹមនឹងការគិតគូរដោយពង្រឹងការគ្រប់គ្រងក្នុងក្រុងសៀមរាប និងតំបន់អង្គរឲ្យស្អាត និងបៃតង ចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផលទេសចរណ៍ឲ្យបានច្រើនថែមទៀត ពិសេសសហគមន៍ទេសចរណ៍ដែលមានសក្តានុពលនៅតំបន់ជុំវិញខេត្តសៀមរាប ក្នុងនោះមានសហគមន៍ជ្រាវ សហគមន៍កំពង់ភ្លុក សហគមន៍បន្ទាយស្រី និងសហគមន៍ទេសចរណ៍ចុងឃ្នាសជាដើម ព្រមទាំងគោលដៅអេកូទេសចរណ៍ព្រែកទាល់ ភ្នំគូលែន ដើម្បីបង្កើតជាផលិតផលទេសចរណ៍ថ្មីផ្តល់ជូនភ្ញៀវទេសចរ តាមរយៈសហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ថ្មីៗទាំងនោះ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុក និងចូលរួមដល់កិច្ចការពារ អភិរក្សធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព ៕