Hot line: +855 (0)99 283 388
● You are in: Media > Detail News
តើ​អ្វី​ទៅ​អាច​ធ្វើ​ឲ្យ​ការ​គ្រប់គ្រង​អចលនទ្រព្យ​ឲ្យ​បាន​ល្អ​?
Date: 2017-09-14

នៅ​ក្នុង​ទីផ្សារ​កំពុង​តែ​មាន​ការ រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ដូចជា​ទីផ្សារ​នៅ​ភ្នំពេញ ការ គ្រប់គ្រង​អចលនទ្រព្យ លក្ខណៈ​វិជ្ជាជីវៈ អាច​ធ្វើ​ឲ្យ​គម្រោង​មាន​ភាព​លេច​ធ្លោ​បាន​។

អ្នក​ទិញ អ្នក​វិនិយោគ និង​អ្នក​អភិវឌ្ឍន៍​ដែល​មាន​បទពិសោធ​ខ្ពស់​អាច​យល់​ដឹង​ថា ការ​គ្រប់គ្រង​អចលនទ្រព្យ​បាន​ល្អ គឺ​មាន​សារៈសំខាន់​ក្នុង​ការ​បង្កើន និង​ទ្រទ្រង់​តម្លៃ​អចនទ្រព្យ​មួយ​ព្រម​ទាំង​លើក​កម្ពស់​កេរ្តិ៍​ឈ្មោះ កិត្តិយស និង​តម្លៃ តាម​រយៈ​ការ​ថែទាំ​សម្ភារ និង​ការ​ផ្តល់​សេវា​ដែល​មាន​គុណភាព​ខ្ពស់​តាម​រយៈ​ការ​ជួល​អ្នក​ជំនាញ​ដែល​ល្អ​បំផុត​នៅ​ក្នុង​ទីផ្សារ​ដែល​នេះ​នឹង​ធ្វើ​ឲ្យ​បរិយាកាស​របស់​អគារ​កាន់​តែ​ប្រសើរ​ឡើង​។

នៅ​ក្នុង​ទីផ្សារ​ដែល​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ឡើងៗ ដែល​នៅ​ក្នុង​នោះ​មាន​អគារ​ថ្មីៗ​ជាច្រើន​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ និង​ដាក់​ឲ្យ​ដំណើរការ ដើម្បី​ធានា​នូវ​ភាព​ជោគជ័យ​ដល់​គម្រោង​វា​មាន​សារៈ​សំខាន់​ណាស់ ដែល​អ្នក​អភិវឌ្ឍ ឬ​ម្ចាស់​កម្មសិទ្ធិ​មាន​ជំនាញ​ខ្លាំងក្លា​ក្នុង​ការ​ដើរ​យុទ្ធសាស្ត្រ​នៅ​ក្នុង​ទីផ្សារ​មាន​ភាព​បត់បែន និង​ប្រើប្រាស់​វិធីសាស្ត្រ​ទោរទន់​ទៅ​តាម​ចំណង់​របស់​អតិថិជន​។

កំហុស​ឆ្គង​ជា​ទូទៅ​មួយ​នៃ​ការ​ផ្តោត​សំខាន់​លើ​ផលិតផល​ពេក គឺ​ផ្នត់​គំនិត​ដែល​គិត​ថា​សាងសង់​ហើយ អ្នក​ប្រើ​ប្រាស់​នឹង​ចូល​មក​ដោយ​ឯងៗ​នោះ​អាច​នាំ​ឲ្យ​មាន​ការ​ខ្វះ​ការ​គិត​ទុក​ជា​មុន​អំពី​ការ​គ្រប់គ្រង​សេវាកម្ម​អចលនទ្រព្យ ដែល​អាច​បណ្តាល​ឲ្យ​ទំនុក​ចិត្ត​របស់​អ្នក​ជួល និង​អ្នក​ទិញ​ចុះ​ខ្សោយ​នៅ​ពេល​ដែល​ពួក​គេ​មាន​ជម្រើស​នៃ​អគារ​ដ៏​ច្រើន​នៅ​ពីមុខ​ដើម្បី​ឲ្យ​ធ្វើ​ការ​ជ្រើសរើស​។

នៅ CBRE Cambodia យើង​អនុវត្ត​វិធីសាស្ត្រ​បត់​បែន​តាម​អតិថិជន​នីមួយៗ ក្នុង​ការ​ផ្តល់​សេវាកម្ម​គ្រប់គ្រង​អចលនទ្រព្យ ដោយ​បង្កើត​នូវ​កញ្ចប់​សេវាកម្ម​ដែល​សមស្រប​ទៅ​តាម​តម្រូវ​ការ​របស់​អតិថិជន និង​អចនទ្រព្យ​របស់​ពួក​គេ​ឲ្យ​កាន់​តែ​ស្រប​ទៅ​តាម​លក្ខណៈ​របស់​អចលនទ្រព្យ​នោះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ចំណេះដឹង​របស់​អ្នក​ជំនាញ​នៅ​លើ​ទីផ្សារ និង​អតិថិជន​ត្រូវ​តែ​រួម​បញ្ចូល​គ្នា នៅ​ក្នុង​ក្រុម​ការងារ​គ្រប់គ្រង​អចលនទ្រព្យ​ដែល​ត្រូវ​បាន​កសាង​ជា​ពិសេស​ដើម្បី​បំពេញ​នូវ​សេចក្តី​ត្រូវ​ការ​របស់​អ្នក​កាន់​ភាគ​ហ៊ុន​។

ការ​គ្រប់គ្រង​អចលនទ្រព្យ​ល្អ​មាន​គោល​បំណង​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ និង​បង្កើន​ប្រាក់​ចំណូល​ដោយ​មិន​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ដល់​បូរណភាព​របស់​អគារ ឬក៏​ធ្វើ​ឲ្យ​មាន​ការ​ចុះ​ខ្សោយ​ដល់​សេវាកម្ម និង​បរិក្ខារ​ដែល​ផ្គត់ផ្គង់​នោះ​ឡើយ​។

អ្នក​អភិវឌ្ឍន៍​ដែល​គិត​គូរ​ពី​ការ​គ្រប់គ្រង​អចលនទ្រព្យ​តាំងពី​ដំណាក់​កាល​ដំបូង​ក្នុង​ដំណើរការ​អភិវឌ្ឍ​អាច​ចៀសវាង​នូវ​កំហុស​ឆ្គង នៅ​ក្នុង​ការ​រចនា និង​បង្កើន​ការ​ប្រើ​ប្រាស់​លម្ហ​បាន​ច្រើន​។ នេះ​ជា​ធម្មតា​នឹង​មាន​ការ​ទាក់ទង​ទៅ​នឹង​ការ​ប្រឹក្សា​យោបល់​លើ​ការ​គ្រប់គ្រង​អចលនទ្រព្យ​ដោយ​ក្រុម​ការងារ​មាន​បទពិសោធ​ខ្ពស់​ដែល​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​ការ​រៀបចំ​លម្ហ​នៅ​ក្នុង​ប្លង់ និង​ការ​រចនា​បច្ចេកទេស​នៃ​អគារ​រួមទាំង​កន្លែង​ចត​រថយន្ត និង​ចរាចរ​រថយន្ត ប្រព័ន្ធ​មេកានិក និង​អគ្គិសនី និង​កន្លែង​ទទួល​ភ្ញៀវ ក្នុង​គោល​បំណង​បង្កើន​ប្រសិទ្ធភាព​ការ​ប្រើប្រាស់​ធនធាន​ការ​កាត់​បន្ថយ​កាក​សំណល់ និង កាត់​បន្ថយ​ពេល​វេលា​សាងសង់​លើស​កាល​កំណត់ ដែល​អាច​បណ្តាល​ឲ្យ​ចាយ​លើស​កញ្ចប់​ថវិកា​ដោយ​សារ​ការ​ពន្យារ​ពេល​សាងសង់​។

ប្រសិន​បើ​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​តាំងពី​ដំណាក់កាល​ដំបូង អ្នក​ពិគ្រោះ​យោបល់​នឹង​មាន​ពេលវេលា​ដើម្បី​ធ្វើ​ការ​ជាមួយ​ក្រុម​ការងារ ដើម្បី​កំណត់ និង​ដោះស្រាយ​បញ្ហា​ដែល​អាច​កើត​មាន​ឡើង ឬ​បង្កើត​ដំណោះស្រាយ​គ្រោង​ទុក​មុន​មួយ ដើម្បី​ឲ្យ​ពួក​គេ​អាច​រៀបចំ និង​ដោះស្រាយ​បញ្ហា​នានា​នៅ​ពេល​បញ្ចប់​ការ​សាងសង់​។

អ្នក​អភិវឌ្ឍន៍ ឬ​ម្ចាស់​ផ្ទះ​ជាច្រើន​ពឹង​ផ្អែក​លើ​ការ​ចាត់​ចែង​ថ្លៃ​សេវា ឬក៏​ព្យាយាម​កំណត់​ពី​ការ​អភិវឌ្ឍ​ដទៃ​ទៀត ដែល​ជា​រឿយៗ​អាច​នាំ​ឲ្យ​មាន​ប្រាក់​ចំណូល​មិន​គ្រប់គ្រាន់​ដើម្បី​ចំណាយ​ប្រតិបត្តិការ​។ នេះ​ធ្វើ​ឲ្យ​មាន​ស្តង់ដារ​ខ្សោយ​នៃ​ការ​គ្រប់គ្រង​អចលនទ្រព្យ និង​អតិថិជន​មិន​ពេញ​ចិត្ត​។

អ្នក​អភិវឌ្ឍន៍​អាច​ចៀសវាង​សេណារីយ៉ោ​នេះ ដោយ​ការ​ស្វែងរក​ដំបូន្មាន​ដើម្បី​វិភាគ និង​ប៉ាន់​ប្រមាណ​តម្លៃ​ប្រតិ​បត្ដិការ និង​លំហូរ​ចំណូល​តាម​ការ​រៀបចំ​ថវិកា​ប្រតិបត្តិ និង​ការ​គណនា​ថ្លៃ​គ្រប់គ្រង​ប្រកប​ដោយ​និរន្តរភាព​។

ភាព​ត្រឹម​ត្រូវ​ក្នុង​ការ​បង់ថ្លៃ​សេវាកម្ម​គួរ​តែ​ទុក​ឲ្យ​អ្នក​ទិញ អ្នក​ជួល​ផ្ទះ និង​អ្នក​អភិវឌ្ឍន៍​មិន​មាន​ការ​ភ្ញាក់​ផ្អើល​អាក្រក់​ដូច​ជា​ឱនភាព​ថវិកា ដែល​អាច​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​ថ្លៃ​សេវា និង​/​ឬ​បន្ថយ​សេវាកម្ម​៕

សរុប​មក​ការ​គ្រប់គ្រង​អចលនទ្រព្យ ត្រូវ​បាន​ផ្អែក​លើ​សមត្ថភាព​របស់​អ្នក​គ្រប់​គ្រង​ក្នុង​ការ​កសាង​ទំនាក់​ទំនង​យូរ​អង្វែង ទំនាក់​ទំនង​ដែល​ផ្តល់​ផល​ប្រយោជន៍​ទាំង​សង​ខាង និង​ផ្តល់​នូវ​ក្រុម​ការងារ​គ្រប់គ្រង​អចលនទ្រព្យ​ដែល​មាន​ការ​ប្តេជ្ញា​ចិត្ត​ដោយ​មាន​ការ​ឆ្លើយ​តប​ឆាប់​រហ័ស និង​មាន​វិជ្ជាជីវៈ​ដើម្បី​ធានា​នូវ​ភាព​ជោគជ័យ​នៃ​គម្រោង ហើយ​នៅ​ពេល​នោះ​ហើយ​ដែល​អចលនទ្រព្យ​នោះ​អាច​រក្សា​នូវ​តម្លៃ​របស់​ខ្លួន​វា រួម​ទាំង​តម្លៃ​ហិរញ្ញវត្ថុ​របស់​វា​ក្នុង​រយៈពេល​យូរ​អង្វែង​។

Source From: http://www.postkhmer.com
Share
Our Partners