រាជធានីភ្នំពេញ ៖ អ្នករកស៊ីវិស័យដីធ្លីនៅខេត្តកំពតបានអះអាងថា បច្ចុប្បន្ន មានវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគដោយផ្ដោតលើរមណីយដ្ឋាន សណ្ឋាគារ និងរីសតនៅទឹកដីខេត្តកែប និងកំពត ដោយសារតែពួកគេមើលឃើញសក្ដានុពលនៃវិស័យទេសចរណ៍កំពុងមានសន្ទុះខ្លាំង បូករួមទាំងគម្រោងខ្នាតអន្តរជាតិជាច្រើនដែលគ្រោងនឹងសាងសង់នៅទីនោះ ។
លោក សុខ គែន ប្រធានក្រុមហ៊ុនវាយតម្លៃ Kampot Property បានឲ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍នៅខេត្តកំពតមក ធ្វើឲ្យវិនិយោគិនជាតិ និងអន្តរជាតិកំពុងសម្លឹងមើលឱកាសវិនិយោគនៅទីនេះ ដោយផ្ដោតលើវិស័យទេសចរណ៍ ដែលធ្វើឲ្យសកម្មភាពទិញលក់ដីធ្លីកាន់តែមមាញឹកឡើងថែមទៀត ។
លោកថ្លែងថា ៖« ភាគច្រើននៃអ្នកវិនិយោគកំពុងរកទិញដីនៅខេត្តកំពត និងខេត្តកែប គឺគេសាងសង់ជារមណីយដ្ឋាន និងរីសតលក្ខណៈតូចៗច្រើន ហើយគម្រោងខ្នាតអន្ដរជាតិវិញក៏មានដែរ ដែលមានវិនិយោគិនមកពីអឺរ៉ុប និងចិនកំពុងសិក្សាគម្រោង » ។
យោងតាមក្រុមហ៊ុន Pallas Group បានឲ្យដឹងថា ក្រុមហ៊ុនបានបោះទុនជាង២ពាន់លានដុល្លារ នឹងសាងសង់គម្រោងខ្នាតអន្តរជាតិមួយ ដែលមានសណ្ឋាគារ វីឡា អាផាតមិន ឧទ្យានទឹក ឆ្នេរឯកជន និងសិប្បនិម្មិត ទីលានវាយកូនហ្គោល កំពង់ផែ ឧទ្យានកម្សាន្ត និងមជ្ឈមណ្ឌលផ្សារទំនើបនៅទឹកដីខេត្តកំពត ដែលគម្រោងនេះមានឈ្មោះថា Riviera ។
លោក សុខ គែន បានបញ្ជាក់ថា ៖«ខេត្តកំពតនឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅកម្ពុជានាពេលឆាប់ៗ ដោយស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែមានកំណើនឡើង ដោយសារខេត្តមួយនេះមានទេសភាពស្រស់ស្អាតនៅតាមបណ្ដោយមាត់សមុទ្រ និងព្រែក ដែលអាចសាងសង់សណ្ឋាគារ ឧទ្យានទឹក រីសត ផ្ទះសំណាក់ និងតាមជើងភ្នំ អំណោយផលដល់វិស័យទេសចរណ៍ និងកសិកម្ម ជាពិសេស អំណោយផលដល់ដំណាំម្រេច និងប្រភេទដីសម្រាប់គេហដ្ឋាន » ។
គម្រោងទាំងនេះនឹងប្រែក្លាយទឹកដីខេត្តឲ្យក្លាយជាទីក្រុងដ៏ទាក់ទាញ និងទាន់សម័យពោរពេញទៅដោយគម្រោងលំនៅឋាន អគារពាណិជ្ជកម្ម និងទេសចរណ៍ ដែលធ្វើឲ្យតម្លៃដីធ្លីកើនឡើងគួរឱ្យកត់សម្គាល់ពីមួយខែទៅមួយខែ ។
លោក សុខ គែន បានបញ្ជាក់បន្ថែមថា ៖«ដីនៅខេត្តកំពតមានច្រើនប្រភេទដូចជា ប្រភេទដីមាត់សមុទ្រ ព្រែក ជើងភ្នំ លំនៅឋាន និងដីកសិកម្មជាដើម ។ ប្រភេទមាត់សមុទ្រមើលឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយតម្លៃចាប់ពី៤០ ទៅ២៥០ដុល្លារក្នុង១ម៉ែត្រការ៉េ អាស្រ័យលើទីតាំងរបស់វា » ។
គម្រោងអភិវឌ្ឍន៍ដទៃទៀតដូចជា បុរី រមណីយដ្ឋាន សណ្ឋាគារ និងការកម្សាន្ត នឹងបន្តជំរុញកំណើនអចលនទ្រព្យនៅខេត្តកំពត ហើយមានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងដំណើរការជាមួយវិនិយោគិនសំខាន់ៗមកពីអឺរ៉ុប និងចិន។ ក្រៅពីនេះ ក៏មានវិនិយោគិនក្នុងស្រុកជាច្រើនចាប់អារម្មណ៍ទិញដីនៅក្នុងខេត្ដនេះផងដែរ ។
នៅឆ្នាំ២០១៦ ខេត្តកំពតបានស្វាគមន៍អ្នកទេសចរបរទេសប្រហែល៩សែននាក់ ហើយគម្រោងកំពង់ផែទេសចរណ៍ដែលបានស្នើ ទំនងជាទាក់ទាញអ្នកទេសចរបរទេសបន្ថែមទៀតចូលទៅក្នុងខេត្តនេះ ។
តាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី បច្ចុប្បន្ននេះ កំពង់ផែទេសចរណ៍ដែលមានតម្លៃ១៨លានដុល្លារ ដែលនឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៩ ត្រូវបានគេរំពឹងថា នឹងផ្តល់ជូនភ្ញៀវទេសចរអន្តរជាតិ និងក្នុងស្រុកចំនួន៣សែន៦ម៉ឺននាក់ក្នុង១ឆ្នាំៗនៅពេលបើកទូលាយ និង៤៤២.៩០០នាក់នៅត្រឹមឆ្នាំ២០២០ ៕