រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ២០១៧នេះ គម្រោងលំនៅឋានដ្ឋានតម្លៃមធ្យម ត្រូវបានប្រកាសអភិវឌ្ឍន៍ជាបន្ដបន្ទាប់ ធ្វើឲ្យពលរដ្ឋដែលកំពុងស្វែងរកទិញលំនៅឋានមានជម្រើសច្រើន ហើយថ្មីៗនេះអ្នកវិនិយោគក្នុងស្រុក គឺក្រុមហ៊ុន លី ហួរគ្រុប បានសម្រេចចិត្តបោះទុនវិនិយោគលំនៅឋានតម្លៃសមរម្យជាលើកដំបូង របស់ខ្លួន នៅតាមបណ្តោយផ្លូវជាតិលេខ៦A ។
លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាផងដែរនោះ បានថ្លែងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៤ កញ្ញាថា នេះជាគម្រោងជំហានដំបូង ដែលលោកបានវិនិយោគលើលំនៅឋានតម្លៃសមរម្យនេះ គឺមានផ្ទះសរុបប្រមាណ២១០ល្វែង និងលក់ក្នុងតម្លៃ៣ម៉ឺន៨ពាន់ដុល្លារអាមេរិកប៉ុណ្ណោះ ។ លោកបន្តថា គម្រោងនេះមានការគាំទ្រខ្លាំង ដោយលក់រយៈពេលខ្លីសោះ ប៉ុន្តែលំនៅឋានទាំងនេះទទួលបានការទិញពីអតិថិជនរហូតដល់ជាង៦០%រួចហើយ ។
គម្រោងនេះស្ថិតនៅក្នុងតំបន់ព្រែកតាមាក់ ដែលមានចម្ងាយប្រមាណជាង១០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។
លោកបន្តថា ដោយសារគម្រោងនេះផ្តោតលើប្រជាពលរដ្ឋមានជីវភាពមធ្យម និងនៅជាប់ផ្លូវជាតិលេខ៦A ទើបទទួលបានជោគជ័យយ៉ាងលឿន ។ សម្រាប់គម្រោងលំនៅឋានមានតម្លៃសមរម្យនេះ លោកនឹងពង្រីកការវិនិយោគជាច្រើនទៀតនៅពេលខាងមុខ ព្រោះលោកមានដីរួចហើយ និងកំពុងស្ថិតក្នុងដំណាក់កាលចាក់ខ្សាច់បំពេញ ។
ទាក់ទងនឹងទីផ្សារបុរីនៅកម្ពុជា លោកឧកញ៉ា លី ហួរ បានថ្លែងថា ទីផ្សារបុរីនៅកម្ពុជានៅតែមានភាពល្អប្រសើរ ហើយការលក់ជោគជ័យ ឬមិនជោគជ័យ វាអាស្រ័យលើទីតាំងគម្រោងស្ថិតនៅតំបន់ណា និងផ្តោតលើអតិថិជនប្រភេទណា ព្រោះយើងមិនអាចវិនិយោគលំនៅឋានមានតម្លៃខ្ពស់នៅតំបន់ជាយក្រុងបានទេ ។ លំនៅឋានតម្លៃទាបស័ក្តិសមនៅតំបន់ជាយក្រុង ចំណែកតំបន់ពាណិជ្ជកម្មក្នុងក្រុង គឺជាកន្លែងដែលការវិនិយោគនឹងទទួលបានជោគជ័យ ។
ទោះជាយ៉ាងណា លោកឧកញ៉ាមិនបានបញ្ជាក់ឲ្យដឹងពីទុនវិនិយោគក្នុងគម្រោងនេះទេ។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនKFA បានថ្លែងថា ស្របពេលប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើង អ្នកវិនិយោគលើវិស័យនេះនៅតែទទួលបានជោគជ័យ ដោយសារជាធម្មតា ប្រជាពលរដ្ឋត្រូវការជម្រក ហើយចរន្តនៃការចូលមករស់នៅរាជធានីភ្នំពេញ កំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ លោកបន្តថា ទោះជាយ៉ាងណា បច្ចុប្បន្ន អ្នកវិនិយោគលំនៅឋានបានចាប់ផ្តើមងាកច្រើនមកកាន់ក្រុមប្រជាពលរដ្ឋមានជីវភាពមធ្យមដែលមានចំនួនច្រើន និងជាទីផ្សារធំមួយ ។
លោកបន្តថា ៖« ការវិនិយោគលើលំនៅឋានសម្រាប់ប្រជាជនមធ្យម ជាការឆ្លើយតបនឹងតម្រូវការទីផ្សារពិតប្រាកដ ប៉ុន្តែមិនមែនមានន័យថា ទីផ្សារលំនៅឋានប្រណីតមិនជោគជ័យនោះទេ » ។
រាជរដ្ឋាភិបាលកម្ពុជាកំពុងព្រាងគោលនយោបាយលើកទឹកចិត្តអ្នកវិនិយោគលំនៅឋានសាធារណៈ តាមរយៈការជួយកសាងហេដ្ឋារចនាសម្ព័ន្ធទឹក ភ្លើង ផ្លូវភ្ជាប់គម្រោងណាមួយនោះ និងជួយសម្រួលលើការបង់ពន្ធមួយចំនួនផងដែរ ។
លោកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុនWorld Bridge Group ដែលបានប្រកាសវិនិយោគលំនៅឋានសាធារណៈតម្លៃទាបដំបូងគេនៅកម្ពុជា ថ្លែងថា ប្រសិនជារាជរដ្ឋាភិបាលជួយសម្រួលនូវគោលនយោបាយលើកទឹកចិត្តបែបនេះ លោកពិតជាត្រេកអរ ព្រោះលោកអាចលក់លំនៅឋានក្នុងតម្លៃសមរម្យបាន ប៉ុន្តែប្រសិនជាហេដ្ឋារចនាសម្ព័ន្ធទាំងនោះមិនទទួលបានការជួយពីរាជរដ្ឋាភិបាលទេ យើងមិនអាចលក់ក្នុងតម្លៃទាបបែបនេះឡើយ ។
លោកបន្តថា ៖« ទោះជាយ៉ាងណា អ្វីដែលខ្ញុំដឹងពីគោលនយោបាយនេះ គឺតាមរយៈសារព័ត៌មានប៉ុណ្ណោះ ។ ដូច្នេះ ការសម្រេចជាក់លាក់ពេលណា អាស្រ័យលើការអនុម័តឲ្យប្រើប្រាស់គោលនយោបាយនេះពីរាជរដ្ឋាភិបាល » ៕