ក្រុមហ៊ុនមួយរបស់ចិន នឹងសង់ផ្លូវរថភ្លើងលើអាកាស ពីព្រះបរមរាជវាំង ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅពាក់កណ្តាលឆ្នាំ២០១៨ខាងមុខ។ នេះបើតាម កាសែត China Daily។ យ៉ាងណាក៏ដោយ គម្រោងសាងសង់នេះ មិនទាន់ត្រូវបានបញ្ជាក់ពីភាគីកម្ពុជានៅឡើយ ខណៈដែលមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ឆ្លើយតបថាមិនបានដឹងពីគម្រោងនេះ។
ក្រុមហ៊ុនចិន នឹងសង់ផ្លូវរថភ្លើងលើអាកាស ពីព្រះបរមរាជវាំង ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅពាក់កណ្តាលឆ្នាំ២០១៨ខាងមុខ។ ផ្លូវរថភ្លើងនេះ មានប្រវែង១០គីឡូម៉ែត្រ រត់ក្នុងល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះបើតាមកាសែត China Daily ចុះថ្ងៃទី២៧ ខែកញ្ញា ដែលបានស្រង់សម្តី លោក Tang Tong ប្រធានក្រុមហ៊ុន China Sky Railway Group ដូច្នេះថា៖«ខ្សែរថភ្លើង នឹងភ្ជាប់ព្រះមរមរាជវាំង ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីគាំជាការរួមចំណែក ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍទេសចរណ៍ និងសេវាសាធារណៈ ក៏ដូចជាការមកដល់ការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ»។
បើតាមប្រធានក្រុមហ៊ុនចិនដដែល ផ្លូវរថភ្លើងនេះ សម្រាប់ផ្ទុករថយន្តភ្លើងធុនស្រាលដើរដោយស្វ័យប្រវត្តិ អាចផ្ទុកមនុស្សបាន១៤៤នាក់។
ទាក់ទងនឹងគម្រោងនេះ កាលពីខែកក្កដារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ក៏បានជួបពិភាក្សាជាមួយ លោក Tang Tong ប្រធានក្រុមហ៊ុនផ្លូវដែក China Sky Railway Group នេះដែរ។ ក្នុងជំនួបនោះ លោក Tang Tong បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការអភិវឌ្ឍប្រព័ន្ធរថភ្លើងលើអាកាស ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងពីរាជធានីភ្នំពេញ ទៅពហុកីឡាដ្ឋានជាតិអូឡាំពិក ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម SEA Games នៅឆ្នាំ២០២៣។
ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងសាធារណការ បានគាំទ្រចំពោះគម្រោងនេះ និងបានប្រាប់ឲ្យក្រុមហ៊ុនដាក់សំណើគម្រោងនេះ មកក្រសួង ដើម្បីពិនិត្យឱ្យបានឆាប់បំផុត។
យ៉ាងណាក៏ដោយ គម្រោងនេះទំនងជាមិនទាន់ដល់ដៃក្រសួងសាធារណការនៅឡើយ។ អ្នកនាំពាក្យក្រសួង បានប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃនេះថា មិនបានដឹងពីគម្រោងនេះទេ។ លោក វ៉ា ស៊ឹម សូរិយា បញ្ជាក់យ៉ាងនេះថា៖«ខ្ញុំអត់បានដឹងពីគម្រោងនេះទេ។ អាចជាគម្រោងរបស់ក្រុមហ៊ុន ដែលគេគ្រោងហើយ មិនទាន់ដាក់ស្នើមកក្រសួង ហើយបើដាក់មក ក្រសួងយល់ព្រម ក៏ត្រូវសិក្សាពីលទ្ធភាពសាងសង់សិនដែរ»។
លោក វ៉ា ស៊ឹម សូរិយា បានបញ្ជាប់តែពីគម្រោងសង់ផ្លូវរថភ្លើងធុនស្រាលជាមួយជប៉ុនប៉ុណ្ណោះ។ តាមគម្រោង ជប៉ុននឹងបញ្ជូនអ្នកជំនាញមកសិក្សាបន្ទាន់លើគម្រោងនេះតែម្តង នៅក្នុងខែតុលាខាងមុខនេះ។ គម្រោង គឺភ្ជាប់តំបន់ផ្សារអូរឫស្សី ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ គម្រោងនេះ មានទឹកប្រាក់ប្រមាណ៨០០លានយន់ [ប្រមាណ១២០លានដុល្លារអាមេរិក] ប៉ុន្តែតម្លៃអាចប្រែប្រួល ក្រោយការសិក្សា។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការដដែល៕