Hot line: +855 (0)99 283 388
● You are in: Media > Detail News
កត្តា​ប៉ះពាល់​ដល់​ការ​លូតលាស់ និង​តម្លៃ​អចលនទ្រព្យ
Date: 2017-10-08

រាជធានី​ភ្នំពេញ ៖ គ្រប់​កាលៈទេសៈ​ទាំងអស់ ស្ថិរភាព​នយោបាយ​ជា​កត្តា​សំខាន់​ណាស់ បើ​គ្មាន​សុខ​សន្តិភាព គ្មាន​ស្ថិរភាព​នយោបាយ​ទេ ពុំ​អាច​ធ្វើ​ឱ្យ​ប្រទេស​លូតលាស់​បាន​ឡើយ ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកជំនាញ​នានា​ក្នុង​វិស័យ​អចលនទ្រព្យ គ្រា​ដែល​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កំពុង​តានតឹង ។

លោក​ឧកញ៉ា នួន រិ​ទ្ធី នាយក​ក្រុមហ៊ុន KFA មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​៦ តុលា ម្សិលមិញ​ថា ៖« បើ​គ្មាន​ស្ថិរភាព​នយោបាយ​ទេ មិន​ថា​វិស័យ​អចលនទ្រព្យ​ទេ វិស័យ​ផ្សេង​ក៏​មាន​ផល​ប៉ះពាល់​ដែរ ។ គ្រប់​កាលៈទេសៈ​ទាំងអស់ ស្ថិរភាព​នយោបាយ​ជា​កត្តា​សំខាន់​ណាស់ បើ​គ្មាន​សុខ​សន្តិភាព គ្មាន​ស្ថិរភាព​នយោបាយ​ទេ ពុំ​អាច​ធ្វើ​ឱ្យ​ប្រទេស​លូតលាស់​បាន​ឡើយ » ។

ទន្ទឹម​នឹង​នេះ ក៏​មាន​កត្តា​ខាងក្រៅ​មួយ​ចំនួន​ទៀត​ផង​ដែរ​ដែល​នាំ​ឲ្យ​រាំងស្ទះ និង​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ប្រសិនបើ​កើត​មាន​ដូច​ក្នុង​អំឡុង​ឆ្នាំ​២០០៨ ។
លោក​ឧកញ៉ា នួន រិ​ទ្ធី បន្ដ​ថា ៖« បើ​វិបត្តិ​កល​យុគ​សេដ្ឋកិច្ច​ពិភពលោក វិបត្តិ​នយោបាយ​ពិភពលោក​ធំ​ៗ ឬ​ក៏​វិបត្តិ​អ្វីមួយ​នៅ​ខាងក្រៅ​ដែល​ហ៊ុម​ព័ទ្ធ​យើង​កើនឡើង​នោះ វា​ក៏​អាច​ប៉ះពាល់​ដែរ » ។

ចំណែក​អ្នកជំនាញ​អចលនទ្រព្យ​អន្ដរជាតិ​ដំបូង​គេ​របស់​កម្ពុជា លោក វ៉ា វី​រៈ នាយក​ក្រុមហ៊ុន Century 21 មាន​ប្រសាសន៍​ថា កត្តា​សំខាន់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ ក៏​ដូច​ជា​ការ​លូតលាស់​នៃ​វិស័យ​អចលនទ្រព្យ មិន​ថា​កម្ពុជា ឬ​ពិភពលោក គឺ​កត្តាសេដ្ឋកិច្ច ។ បើ​សេដ្ឋកិច្ច​មាន​បញ្ហា​តម្លៃ អចលនទ្រព្យ​ក៏​វា​ទៅ​តាម​ហ្នឹង​ដែរ ពីព្រោះ​មនុស្ស​ទិញ​-​លក់​អចលនទ្រព្យ​នៅ​ពេល​មាន ឬ​សល់​លុយ​ច្រើន ។ អីចឹង ប្រតិបត្តិការ​ទិញ​-​លក់​អចលនទ្រព្យ​កើនឡើង​នោះ និង​ធ្វើ​តម្លៃ​អចលនទ្រព្យ​កើនឡើង ។

យ៉ាងណា​ក៏​ដោយ លោក​ថា ៖« ប៉ុន្តែ​សេដ្ឋកិច្ច និង​នយោបាយ​វា​ទាក់ទង​គ្នា ប្រសិនជា​ស្ថានភាព​នយោបាយ​មិនល្អ ប្រទេស​កើតសង្គ្រាម មិន​អាច​អភិវឌ្ឍន៍​សេដ្ឋកិច្ច នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ ។ ជា​រួម នយោបាយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ហើយ​សេដ្ឋកិច្ច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​» ។

ដោយឡែក លោក​ឧកញ៉ា ចេ​ង ខេ​ង នាយក​ក្រុមហ៊ុន CPL បាន​មាន​ប្រសាសន៍​ថា បញ្ហា​ក្រមសីលធម៌ និង​ការ​ទទួលខុសត្រូវ​ពី​ក្រុមហ៊ុន​ភ្នាក់ងារ​លក់​អចលនវត្ថុ ក៏​ជា​កត្តា​មួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​នេះ​ផង​ដែរ ។

លោក​ឧកញ៉ា​ថ្លែង​ថា ៖« ប្រសិនបើ​ក្រុមហ៊ុន​ភ្នាក់ងារ​លក់​មិន​មាន​ក្រមសីលធម៌ វិជ្ជាជីវៈ មិន​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ត្រឹមត្រូវ ឬ​មិន​បានដឹង​ពី​ការ​ទទួលខុសត្រូវ ក៏​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​អចលនវត្ថុ​ដែរ ។ ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​ត្រូវ​មាន​គោលនយោបាយ​ល្អ ទាក់ទាញ មានការ​អនុគ្រោះ​ពន្ធ​សម្រាប់​ជា​ការ​លើកទឹកចិត្ត​អ្នក​វិនិយោគ និង​មានច្បាប់​ទម្លាប់​ច្បាស់លាស់ ហើយ​បើ​កត្តា​នេះ​អត់​ច្បាស់ និង​មាន​បរិយាកាស​មិនល្អ​ទេ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនវត្ថុ​ទាំងមូល » ។

លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា មាន​ប្រសាសន៍​ថា ៖« ជា​ទូទៅ តម្លៃ​អចលនទ្រព្យ​ក្នុងស្រុក​វា​ទាក់ទង​នឹង​កត្តាសេដ្ឋកិច្ច គឺ​តម្រូវ​ការ​និង​ការ​ផ្គត់ផ្គង់ ។ នៅ​ពេល​មនុស្ស​ត្រូវការ​ទិញ​ច្រើន តម្លៃ​វា​ឡើង តែ​នៅ​ពេល​ដែល​គ្មាន​មនុស្ស​នោះ តម្លៃ​អចលនទ្រព្យ​ធ្លាក់​ចុះ » ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ មាន​កត្តា​ធំ​ៗ​ចំនួន​២ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ ក៏​ដូច​ជា​ការ​លូតលាស់​នៃ​វិស័យ​អចលនទ្រព្យ គឺ​កត្តានយោបាយ និង​កត្តា​ផ្គត់ផ្គង់​លើស​ពី​តម្រូវការ ។

ចំពោះ​កត្ដានយោបាយ លោក​បាន​លើក​ឡើង​ថា ៖« នៅ​ពេល​ជិត​ដល់​ពេល​បោះ​ឆ្នោត គឺ​តែងតែមាន​ភាពល្អក់​កករ​នៅ​ក្នុងស្រុក ក៏​ដូច​ជា​នយោបាយ​ការ​បរទេស អាច​ជា​ហេតុ​បង្ក​ឲ្យ​មាន​មន្ទិល​សង្ស័យ​ពី​អ្នក​វិនិយោគ​ទាំង​ក្នុង និង​ក្រៅ​ស្រុក និង​ប្រជាពលរដ្ឋ​សក្តានុពល​បាន​ប្រយ័ត្នប្រយែង​ក្នុង​ការ​សម្រេចចិត្ត​មុន​ពេល​ទិញ​ផ្ទះ ឬ​បុរី » ។

ចំណែក​កត្តា​ផ្គត់ផ្គង់​លើស​តម្រូវការ​វិញ លោក​ថា ៖« យើង​ដឹង​ហើយ​ការ​ផ្គត់ផ្គង់​បុរី ខុន​ដូ យើង​មើល​អ្នក​ដែល​មាន​ចំណូល​មធ្យម ទៅ​ខ្ពស់ វា​ផ្គត់ផ្គង់​លើស​តម្រូវការ ព្រោះ​ខុន​ដូ និង​ផ្ទះ​ដែល​មាន​តម្លៃលើស​៥​ម៉ឺន​ដុល្លារ​ឡើង វា​មាន​ច្រើន ។ អីចឹង វា​ធ្វើ​ឱ្យ​ទីផ្សារ​ចាល់​ក្នុង​រយៈពេល​២​ឬ​៣​ឆ្នាំ បើ​ទោះបី​មិន​មាន​បញ្ហា​នយោបាយ​ក៏​ដោយ ក៏​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​អចលនទ្រព្យ​ដែរ » ៕

Source From: https://kohsantepheapdaily.com.kh
Share
Our Partners