Hot line: +855 (0)99 283 388
● You are in: Media > Detail News
ចៀសវាង​មាន​ហានិភ័យ​ពេល​ទិញ​ដី​បង់​រំលស់ អ្នក​ត្រូវ​មាន​ផែនការ​ទាំងនេះ
Date: 2017-10-08

រាជធានី​ភ្នំពេញ ៖ សកម្មភាព​ទិញ​-​លក់​ដីធ្លី​ក្នុង​វិស័យ​អចលនទ្រព្យ​កំពុង​តែ​កក្រើក​ខ្លាំង​ឡើង​ៗ​នៅ​ជាយ​រាជធានី និង​បណ្ដា​ខេត្ត​សក្ដានុពល​សេដ្ឋកិច្ច​សំខាន់​ៗ​មួយ​ចំនួន ។ ជា​ពិសេស រយៈពេល​១​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​វិនិយោគ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​បាន​និង​កំពុង​វិនិយោគ​លើ​វិស័យ​មួយ​នេះ​យ៉ាង​សកម្ម ដោយ​ទិញ​ដីស្រែ​ចម្ការ​ប្រជាពលរដ្ឋ រួច​រៀប​ចំ​​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ត​បណ្ដាញទឹក​ភ្លើង និង​ពុះ​ចែក​ជា​ឡូត៍​លក់​យ៉ាង​មមាញឹក ។ ចំណែក​នៅ​ក្នុង​យុទ្ធសាស្ត្រ​ទិញ​-​លក់​ដីធ្លី​នេះ អ្នក​វិនិយោគ​ក៏​ដើរ​តាម​លំនាំ​អ្នក​អភិ​វឌ្ឍន៍​លំនៅ​ឋាន ខុន​ដូ ឬ​អគារ​ពាណិជ្ជកម្ម​ផង​ដែរ ដោយ​ប្រើ​វិធី​បង់​រំលស់ និង​មាន​រយៈពេល​កំណត់​ច្រើន​ឆ្នាំ​ដូច​គ្នា ។ ដូច្នេះ សម្រាប់​អ្នក​ដែល​ចង់​ទិញ​ដីធ្លី​ដោយ​ជ្រើសរើស​វិធី​បង់​រំលស់​នេះ តើ​ត្រូវ​មាន​ផែនការ​អ្វីខ្លះ​ដើម្បី​ចៀសវាង​មាន​ហានិភ័យ ?

ស្ថាបនិក​អចលនទ្រព្យ​ក្រុមហ៊ុន Kampot Property នឹង​ចែករំលែក​នូវ​បទ​ពិសោធន៍​ខ្លះ​ៗ​ទាក់ទង​នឹង​ផែនការ​នៅ​ពេល​លោក​អ្នក​ជ្រើសរើស​យក​វិធី​ទិញ​ដីធ្លី​បង់​រំលស់ ដើម្បី​ជា​ចំណេះដឹង​បន្ថែម​សម្រាប់​ពិចារណា និង​រៀបចំ​ផែនការ​មុន​នឹង​ធ្វើការ​សម្រេច​ទិញ​ដូរ​ដូច​ខាងក្រោម ៖

លោក សុខ គែន ស្ថាបនិក​អចលនទ្រព្យ​រូប​នេះ​បាន​ថ្លែង​ថា ៖« មុន​នឹង​សម្រេច​ទិញ​ដី​ដោយ​ជ្រើសរើស​វិធី​បង់​រំលស់ យើង​ត្រូវ​ក្រឡេក​មើល​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​យើង​ថា មាន​លទ្ធភាព​រត់​រួច​ដែរ​ឬ​អត់ ។ ទន្ទឹម​នឹង​នេះ ត្រូវ​មើល​ដែរ​ថា ដី​នោះ​ត្រូវ​នឹង​ទីផ្សារ​ឬ​អត់ បើ​យើង​ទិញ​មិន​ចំ​នឹង​តម្រូវការ​របស់​មនុស្ស​ទេ គឺ​ប្រឈម​នឹង​ការ​លក់​អត់​ចេញ ឬ​ក៏​ចំណាយពេល​យូរ​ក្នុង​ការ​លក់ » ។

ស្ថាបនិក​អចលនទ្រព្យ​រូប​នេះ​បាន​បន្ថែម​ថា ចំពោះ​ការ​ស្វែងរក​ទិញ​ដីធ្លី ត្រូវ​តែ​គិត​ឲ្យ​បាន​ស៊ីជម្រៅ​បន្ដិច ពិសេស គម្រោង​អភិវឌ្ឍន៍​នានា​របស់​រដ្ឋ ឬ​ក្រុមហ៊ុន​វិនិយោគ​ធំ​ៗ ដែល​ជា​ឱកាស​ធ្វើ​ឲ្យ​ដីធ្លី​នៅ​តំបន់​នោះ​ឡើងថ្លៃ​ជាដើម ។

លោក សុខ គែន ថ្លែង​ថា ៖« បើ​យើង​ទិញ​ត្រូវ​នឹង​តំបន់​ដែល​មាន​សក្ដានុពល និង​មាន​តម្លៃ​គួរសម អាច​ថា​នៅ​ត្រឹម​ទីផ្សារ ឬ​ក្រោម​ទីផ្សារ​នោះ​កាន់តែ​ល្អ ហើយ​ត្រូវ​រក​ដី​នៅ​ជាយក្រុង ដែល​មាន​ចម្ងាយ​៥​គីឡូម៉ែត្រ​ពី​ជុំវិញ​ក្រុង ព្រោះ​វា​មាន​តម្លៃ​ថោក និង​អាច​លក់​ចេញ​វិញ​បាន​ថ្លៃ » ។ ទោះបី​យ៉ាងណា លោក​បាន​ផ្ដល់​ជា​យោបល់​ថា ក្រៅពី​គិតគូរ និង​សម្លឹង​មើល​បញ្ហា​ខាងលើ​នេះ​ហើយ អ្នកទិញ​ក៏​ត្រូវ​គិត​ទៅ​លើ​ផ្នែក​ច្បាប់​ផង​ដែរ ។

លោក​បន្ដ​ថា ៖« ការ​ទិញ​-​លក់​ក្នុង​វិស័យ​អចលនទ្រព្យ សំខាន់​បំផុត គឺ​ត្រូវ​ក្រឡេក​មើល​ប្លង់​កម្មសិទ្ធិ និង​សួរនាំ​ឲ្យ​បាន​ច្បាស់​ថា គេ​អាច​ផ្ដល់​កម្មសិទ្ធិ​ឲ្យ​យើង​បាន​ត្រឹមណា ដើម្បី​ចៀសវាង​បញ្ហា​នៅ​ថ្ងៃក្រោយ » ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ បាន​ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៥ តុលា ថា ការ​បង់​រំលស់​ដីធ្លី មិន​ថា ធ្វើ​ផ្ទះ ឬ​សម្រាប់​ធ្វើ​អាជីវកម្ម​ទេ វា​សុទ្ធតែ​ល្អ ព្រោះ​ការ​បង់​រំលស់​មាន​រយៈពេល​យូរ ដែល​អាច​ឲ្យ​អ្នក​បង់​រំលស់​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​រក​ប្រាក់​មក​បង់ ប៉ុន្តែ​សំខាន់​គឺ​គាត់​ច្បាស់លាស់​ក្នុង​ការ​បង់​រំលស់​នោះ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ពេល​ក្រោយ ។

លោក​ថា ៖« មិន​ថា​អ្នកលក់ ឬ​អ្នកទិញ​ទេ ការ​បង់​រំលស់ គឺ​ត្រូវ​សិក្សា​ឲ្យ​ច្បាស់​ពី​ស្ថានភាព​ដី និង​ទីកន្លែង​ថា មានទឹក ភ្លើង និង​ផ្លូវ​គ្រប់គ្រាន់​ឬ​អត់ ។ មួយទៀត ត្រូវ​សុំ​មើល​ប្លង់​ដី​ជា​មុន​សិន ចៀសវាង​ការ​ទិញ​ទៅ​មាន​បញ្ហា ជា​ពិសេស ត្រូវ​ច្បាស់​ថា យើង​មាន​សមត្ថភាព​ធ្វើការ​បង់​រំលស់​ឬ​អត់ ? » ៕

Source From: https://kohsantepheapdaily.com.kh
Share
Our Partners